សម្ដេចតេជោ បញ្ជាឱ្យមន្ត្រីពាក់ព័ន្ធក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកជញ្ជូនសត្វក្ងោកដែលចាប់យកនោះ ទៅឲ្យម្ចាស់ដើមវិញនៅក្នុងថ្ងៃនេះ ដោយគ្មានការរង់ចាំ
ប្រធានបទ “សត្វក្ងោក” ត្រូវបានអ្នកលេងបណ្ដាញសង្គម ចាត់ទុកថាជាប្រធានបទក្តៅ និងមានការងឿងឆ្ងល់ សួរដេញដោលពីមួយទៅមួយថា ការចិញ្ចឹមសត្វក្ងោក ពិតជាអំពើខុសច្បាប់មែនឬយ៉ាងណា?
ពាក់ព័ន្ធនឹងករណីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសម្លេងរយៈពេលប្រមាណជាង ៣ នាទី បញ្ជាបន្ទាន់ដល់អ្នកដែលបានយកសត្វក្ងោក ចេញពីផ្ទះគ្រួសារដែលចិញ្ចឹមសត្វក្ងោកនោះ ទៅជូនដល់ម្ចាស់វិញដល់ផ្ទះតែម្ដង។
សម្ដេចតេជោ បានសង្កត់ធ្ងន់ថា “គ្មានហេតុផលណាមួយដែលនឹងត្រូវទៅចាប់យកសត្វក្ងោក ដែលប្រជាជនចិញ្ចឹម យកមកទុកនៅកន្លែងចិញ្ចឹមសត្វ ហើយចាត់ទុកថាជាអំពើខុសច្បាប់នោះឡើយ”។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា “ក្នុងករណីច្បាប់មានចែង ខ្ញុំក៏សុំស្នើឲ្យអ្នកច្បាប់ ធ្វើការជាបន្ទាន់ដើម្បីវិសោធនកម្មច្បាប់ លុបចោលនូវកថាខណ្ឌណា ដែលទាក់ទិននឹងការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ”។
សម្ដេចតេជោបន្តទៀតថា ” យើងគួរតែត្រូវលើកទឹកចិត្ត ឱ្យប្រជាជនចិញ្ចឹម ជាជាងការរារាំងដល់ចលនា នៃការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ”។ មិនតែប៉ុណ្ណោះ សម្ដេចតេជោ បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវដឹកជញ្ជូនយកសត្វទាំងនេះ ទៅដល់ផ្ទះវិញឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន គឺធ្វើនៅក្នុងថ្ងៃទី២៨ នេះតែម្តង។ ទទួលបានបទបញ្ជានេះ សូមអនុវត្តភ្លាម គ្មានការរង់ចាំ នេះជាបទបញ្ជារបស់នាយករដ្ឋមន្ត្រី…៕