ល្បែងស៊ីខុសច្បាប់កំពុងមានសន្ទុះខ្លាំងក្នុងក្រុង ដូនកែវ ខណៈប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភ ដោយបានលើកជាសំនួរថា តើគោលនយោបាយភូមិ~ឃុំ~សង្កាត់មានសុវត្ថិភាព មានប្រសិទ្ធភាពដែរទេ??
លក្ខណៈសម្បត្តិរបស់ទាំង ៧ នៃ « ភូមិ~ឃុំ~សង្កាត់មានសុវត្ថិភាព » ត្រង់ចំណុច ២ បានចែងធានាច្បាស់ៗ ពីការគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ដែលតម្រូវឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល មានតួនាទីស្នូលក្នុងការចាត់ចែងអនុវត្តគោលនយោបាយនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប៉ុន្តែបើតាមការសង្កេតឲ្យម៉ត់ចត់ទៅ បទល្មើសដូចបានរៀបខាងលើ នៅតែបន្តកើតមានដដែលជាដដែល មានន័យថា ការអនុវត្តតួនាទីរបស់សមត្ថកិច្ចមូលដ្ឋាននៅមានកម្រិតនៅឡើង ពិសេសបញ្ហាល្បែងស៊ីសងខុសច្បាប់ ដែលបច្ចុប្បន្ននេះហាក់ចាក់ឬសជ្រៅ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ។
បើតាមប្រភពដែលស្នើសុំមិនបញ្ចេញអត្តសញ្ញាណ បានខ្សឹបប្រាប់សារព័ត៌មាន ក្រៀល ហតញូស៍ ឲ្យដឹងថាៈ ទីតាំងដកដាក់ប្រាក់ សារិន រតនា ស្ថិតក្នុងភូមិតុំ សង្កាត់រការក្រៅ ក្រុងដូនកែវ មានបង្កប់ល្បែងស៊ីសង អាប៉ោង បៀរ និងមាន់ជល់តាមអនឡាញ មានអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ទន្ទឹមនឹងទីតាំង មួយកន្លែងទៀត យីហោអក្សរ (B) ស្ថិតក្នុងភូមិសាលា សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវដដែលនោះ បើកលេងយ៉ាងសកម្ម អនាធិប្បតេយ្យ ដូចគ្នាអ៊ីចឹងដែរ តែហាក់ដូចជាគ្មានរំខានដល់សមត្ថកិច្ចរដ្ឋបាលក្នុងមូលដ្ឋានខាងលើបន្តិចសោះ! តើអស់លោកធ្វើមិនដឹង ឬមិនបានដឹងឲ្យពិតប្រាកដ…??
ប្រជាពលរដ្ឋបានលើកជាសំនួរថា បើល្បែងស៊ីសងកើតច្រើនម្លឹងៗ តើគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពហ្នឹង អាចនឹងមានប្រសិទ្ធភាពដែរឬទេ?
ជុំវិញបញ្ហាល្បែងស៊ីងខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំ គ្រាន់តែទុកជាសារមួយ ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យបានជ្រាបក្នុងបញ្ហានេះតែប៉ុណ្ណោះ! ត្រង់ថាជ្រាប ឬមិនជ្រាប! មានចំណាត់ការ ឬមិនមិនមានចំណាត់ការ គឺជាសិទ្ធិសម្រេចរបស់សមត្ថកិច្ច។
សូមរំលឹកថា កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ដោយមិនត្រូវមានការយោគយល់ឡើយ។
ប្រជាពលរដ្ឋ បានសំណូមពរដល់លោក អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់រ៉ា ស្នងការ នៃស្នងការនគរបាលខេត្ត និងលោកវរៈសេនីយ៍ឯក ឥន្ធ មណ្ឌល អធិការ នៃអធិការដ្ឋានក្រុងដូនកែវ មេត្តាចុះត្រួតពិនិត្យ នឹងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង ដើម្បីរក្សាការពារសន្តិសុខ នឹងប្រសិទ្ធភាពគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច របស់ក្រសួងមហាផ្ទៃ ជាពិសេសគឺសេចក្តីសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ពាក់ព័ន្ធនឹងករណីខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំសូមរក្សាសិទ្ធិផ្សាយកែតម្រូវ ប្រសិនបើមានអំណះអំណាង ឬភស្តុតាងផ្ទុយពីការផ្សាយនេះ៕