តើមានអតិថិជនប៉ុន្មាននាក់ ដែលរងគ្រោះព្រោះ លោក តែ ណាត លក់ដីឲ្យ យកលុយគ្រប់ហើយ តែមិនព្រមឲ្យប្លង់??

ជំនួញដីឡូតិ៍ បាននឹងកំពុងមានការវិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយមានក្រុមហ៊ុនជាច្រើនកំពុងធ្វើការប្រកួតប្រជែងដណ្តើមទីផ្សារយ៉ាងក្តៅគគុក ក្នុងនោះមានទាំងក្រុមហ៊ុនមានទំនូលខុសត្រូវខ្ពស់ មានទាំងក្រុមហ៊ុនបោកប្រាស់ ដែលប្រើគ្រប់ល្បិចកល់ទុច្ចរិត បញ្ឆោតអតិថិជនឲ្យជឿស្លុងលង់លិចខាតប្រយោជន៍ ព្រោះតែគាត់ទិញហើយមិនទទួលបានដី ឬដីពាក់ព័ន្ធនឹងបញ្ហាមិនទាន់បានដោះស្រាយ ឬដីអត់ ប្លង់ជាដើម។ល។ ជាក់ស្តែងករណី លោក អ៊ិន វ៉ាន់ណេត អតិថិជនរបស់ក្រុមហ៊ុន តែ ណាត រៀលធី ដែលពេលនេះកំពុងរងទុក្ខធំ ព្រោះដីដែលគាត់បានទិច ចំនួន ២ ឡូតិ៍ ក្នុងតំលៃជាង ១០,០០០ ដុល្លារ ត្រូវបានក្រុមហ៊ុនមួយនេះកិបប្លង់ទុកមិនព្រមប្រគាល់ឲ្យតាមកិច្ចសន្យានោះឡើយ។

លោក អ៊ិន វ៉ាន់ណេត បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថាៈ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ លោក បានចុះកិច្ចសន្យាទិញដីឡូតិ៍ចំនួន ២ ប្លង់ ដែលមានលេខសំគាល់ F13 , F14 មានព្រំប្រទល់ ខាងជើង ទល់នឹង K13 -14, ខាងត្បូងទល់នឹងផ្លូវ, ខាងកើតទល់នឹង F12, និងខាងលេចទល់នឹង F15 មានទីតាំងនៅភូមិអំពិលរូង ឃុំព្រះស្រែ ស្រុឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងតំលៃព្រមព្រៀងសរុប ១២,៦០០ ដុល្លារ ពីក្រុមហ៊ុន តែ ណាត រៀលធី របស់លោក តែ ណាត ដែលតម្រូវឲ្យគាត់បង់ប្រាក់លើកទី១ ចំនួន ៣,០០០ ដុល្លារ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩, លើកទី២ ចំនួន ១,១០០ ដុល្លារ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩, លើកទី៣ ចំនួន ១,១០០ ដុល្លារ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩, និងលើកទី៤ ចំនួន ១,១០០ ដុល្លារ នៅថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៩។ ការបង់ទាំង៤លើកនេះ ទឹកប្រាក់ស្មើនឹងពាក់កណ្តាលនៃចំនួនប្រាក់ថ្លៃទិញសរុប ហើយនៅសល់ ពាក់កណ្តាលទៀត ត្រូវបង់បង្គ្រប់ទៅឲ្យក្រុមហ៊ុនខាងលើរយៈពេល ២៤ ខែ ដោយបង់ក្នុងមួយខែចំនួន ២៦២ ដុល្លារ អត្រាការប្រា ០%។ លោក អ៊ិន វ៉ាន់ណេត បន្តថា បើទោះជាលោកមានបញ្ហាសេដ្ចកិច្ច ក្នុងអំឡុងពេលនៃការរាលដាល នៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏លោកនៅតែពុះពារបំពេញកាតព្វកិច្ចតាមកិច្ចសន្យាយ៉ាងខ្ជប់ខ្ជួនមិនដែលអាក់ខាននោះឡើង។

ស្របពេលនៃការបង់ប្រាក់ជាបន្តបន្ទាប់ លោកតែងតែមានការងឿងឆ្ងល់ជាខ្លាំងថាៈ ហេតុអ្វីនៅក្នុងកិច្ចសន្យា លក់ទិញ ភាគីអ្នកលក់គឺ លោក ស ប៊ុនឡេង ប៉ុន្តែអ្នកផ្តិតមេដៃយកលុយគឺ លោក តែ ណាត ទៅវិញ? តែមួយរយៈក្រោយមកទើបលោកដឹងការពិតថា លោក តែ ណាត គ្រាន់តែជាអ្នកទទួលគម្រោងពី លោក ស ប៊ុន ឡេង ម្ចាស់ដីដើម លក់យកចំណេញតែប៉ុណ្ណោះ។ ចុះបើដូច្នោះមែន! ម្តេច លោក តែ ណាត មិនបញ្ជាក់ឲ្យ បានច្បាស់លាស់ ទុកឲ្យអតិថិជនមានការភាន់ច្រឡំធ្វើអ្វី តើនេះមិនមែនជាចេតនាទុចរិត កុហក់ បោកប្រាស់ក្នុងមុខជំនួញទេឬយ៉ាងណា?

លោក អ៊ិន វ៉ាន់ណេត បានបន្ថែមថាៈ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ជាពេលវេលាបញ្ចប់នៃការបង់ប្រាក់ជូន ក្រុមហ៊ុន តែណាត រៀលធី របស់លោក តែ ណាត ដោយបានសន្យាថានឹងប្រគល់ “ លិខិតផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ ” ឬហៅថា ប្លង់ទន់ ជូនលោក នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២ ជាកំហិត។ ប៉ុន្តែដល់ថ្ងៃកំណត់ ក្រុមហ៊ុនខាងលើបែជាប្រែក្រឡាស់មិនប្រគល់ប្លងមកលោកតាមការសន្យានោះទេ។ ឃើញដូចជាមិនស្រួល លោកក៏បានទាក់ទងទៅលោក តែ ណាត ដើម្បីសួរនាំពីបញ្ហានេះ តែត្រូវបានលោក តែ ណាត ប្រាប់យ៉ាងខ្លីថា ប្លង់មិនទាន់ចេញនោះទេ។ ដោយមិនអស់ចិត្តលោក អ៊ិន វ៉ាន់ណេត បានទំនាក់ទំនងទៅលោក ស ប៊ុន ឡេង ម្ចាស់ដីដើម តាមរយៈជំនួការរបស់គាត់ បានប្រាប់ថាប្លង់ចេញរួចហើយ និងបានប្រគល់ទៅឲ្យក្រុមហ៊ុន តែណាត រៀលធី ដែលទទួលខុសត្រូវលើការលក់គម្រោងរួចរាល់ហើយដែរ។ ខ្លាចមិនប្រាកដលោកក៏បានទៅសួរដល់មេភូមិអំពិលរូង ហើយលោកមេភូមិក៏បញ្ជាក់ដូចជំនួយការណ៍របស់លោក ស ប៊ុនឡេងដែរ។

បើតាមលោក ម៉ៅ ដែលជាជំនួយការណ៍លោក ស ប៊ុនឡេង បានប្រាប់អ្នកសារព័ត៌មានយើងកាលពីពេល ថ្មីៗនេះថាៈ ក្រុមហ៊ុន តែណាត រៀលធី គ្រាន់តែជាអ្នកទទួលគម្រោងពីលោក ស ប៊ុនឡេង តែប៉ុណ្ណោះ ហើយប្លង់ក៏បានប្រគាល់ឲ្យក្រុមហ៊ុននេះអស់ហើយ ត្រង់ថាគាត់ប្រគាល់ឲ្យអតិថិជន ឬគាត់យកទៅណានោះខ្ញុំអត់ ដឹងទេ។ ដោយឡែក លោក គង់ ណែម មេភូមិអំពិលរូង ក៏បានបញ្ជាក់ប្រាប់ផងដែរថាៈ តាមខ្ញុំសួរក្រុមហ៊ុន គេប្រាប់ថាធ្វើហើយអស់ហើយ ដោយគេបានបង់ពន្ធ វៃត្រាពីខេត្ត ហើយអស់ហើយ…។

ពាក់ព័ន្ធនឹងចេតនាទុច្ចរិតរបស់លោក តែ ណាត ជនរងគ្រោះព្រោះទិញដៃមិនបានប្លង់ លោក អ៊ិន វ៉ាន់ណេត បានបញ្ជាក់បន្ថែមថាៈ ក្រោយរកលេសដោះសារថាប្លង់មិនទាន់ចេញបន្តទៀតលែងបាន លោក តែ ណាត បែជាបង្កើតពាក្យកុហក់ថ្មីថា ប្លង់ដីនោះបាត់ទៅហើយ ចាំគាត់ធ្វើថ្មីឲ្យ! តែរំលងមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែគាត់ក្រឡាស់ទៀតថា ឲ្យលោកទៅយកលុយវិញទៅ! ដល់តែថ្ងៃត្រូវឲ្យទៅយកលុយ បែជាទាក់ទងគាត់លែង បានរហូតមកដល់ពេលបច្ចុប្បន្ននេះ! ដោយមិនដឹងថាប្លង់ដីនេះ ត្រូវលោក តែ ណាត យកទៅបញ្ចាំ ឬក៏រៀបចំកាត់ឈ្មោះលក់ដីរបស់លោកទាំងពីរប្លង់នោះឲ្យទៅអ្នកផ្សេងទៀតបាត់ទៅហើយក៏មិនដឹង! បើអ៊ីចឹងមែន បងប្អូនដែល មានគម្រោងទិញដីពីលោក តែ ណាត គួរគិតពិចារណាមើលផង ប្រយ័ត្នរងគ្រោះដូចខ្ញុំ។

យោងតាមមាត្រា ៣៧៧ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាបានចែងថាៈ អំពើឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភ លើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ ដែលនាំឲ្យខូចប្រយោជន៍បុគ្គលនេះ ឬរបស់តតិជននូវៈ

១. ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។

២. ការផ្គត់ផ្គង់សេវា។

៣. ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច។

អំពើឆបោក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល នេះបើអនុលោមតាមមាត្រា ៣៧៨ នៃក្រមដដែល។ បើទោះជាយ៉ាងនេះក្តី ទង្វើររបស់លោក តែ ណាត អាចនឹងចូលទៅក្នុងករណីនៃមាត្រាច្បាប់ខាងលើនេះដែរឬយ៉ាងណា ទុកឲ្យអ្នកច្បាប់ជាអ្នកបកស្រាយទៅចុះ។

ជុំវិញករណីលក់ដីមិនប្រគល់ប្លង់ខាងលើនេះដែរ អ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក តែ ណាត បានទេ ព្រោះទូរស័ព្ទមិនចូល។ ទោះជាដូច្នេះក្តី អង្គភាពសារព័ត៌មានយើងរង់ចាំការស្រាយបំភ្លឺពីលោក តែ ណាត រៀលរាល់ម៉ោងធ្វើការ និងសូមរក្សាសិទ្ធិផ្សាយកែតម្រូវ ប្រសិនបើមានអំណះអំណាង ឬភស្តុតាងផ្ទុយពីការផ្សាយនេះ…៕

អត្ថបទដែលជាប់ទាក់ទង