អ៊ុយក្រែនប្រឈមមុខនឹងសត្រូវពីរគឺ រុស្ស៊ី និងអំពើពុករលួយ
ជិតមួយឆ្នាំក្នុង សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន មនុស្សរាប់សែននាក់បានស្លាប់ ហើយជិត 17.6 លាននាក់ត្រូវបានទុកចោលក្នុងតម្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ស្របពេលដែលរដ្ឋាភិបាលអ៊ុយក្រែននៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ទីក្រុង Kyiv ក៏កំពុងប្រឈមមុខនឹងសត្រូវមួយទៀតដែលបានវាយលុកក្នុងប្រទេសអស់រយៈពេលជាច្រើនឆ្នាំគឺអំពើពុករលួយ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរអ៊ុយក្រែនបានឆ្មក់ចូលផ្ទះ របស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសនេះ ហើយបានបណ្តេញមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើននាក់ដែលត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក។ លោក Oleksii Reznikov ដែលជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ ក៏នឹង ត្រូវជំនួសតំណែង ផងដែរ បន្ទាប់ពីអ្នកកាសែត និងសកម្មជនបានរកឃើញថា ក្រសួងការពារជាតិបានទិញអាហារសម្រាប់ទាហានក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់។
ខណៈពេលដែលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូបានសន្យាថានឹងបន្តជួយអ៊ុយក្រែន អ្នកនយោបាយ និងមន្ត្រីយោធាមួយចំនួននៅលោកខាងលិចបានចង្អុលទៅ អំពើពុករលួយនៅក្នុងប្រទេសនេះ ហើយបានចោទសួរថា តើអ៊ុយក្រែនគឺជាអ្នកបម្រើដ៏ល្អ នៃជំនួយដែលខ្លួនបានទទួលដែរឬទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy យល់ដឹងខ្ពស់ទាំងការរិះគន់ពីលោកខាងលិច និងសារៈសំខាន់នៃការរក្សាលំហូរជំនួយ ដោយលោកបានដោះស្រាយអំពើពុករលួយក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងខែមករា។ លោកបានថ្លែងថា៖ «ខ្ញុំចង់ឲ្យរឿងនេះច្បាស់លាស់! នឹងមិនមានការត្រឡប់ទៅកាន់អ្វីដែលធ្លាប់មានពីអតីតកាលនោះទេ»។
លោក Volodymyr Dubovyk សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យជាតិ Mechnikov ក្នុងទីក្រុង Odesa ប្រទេសអ៊ុយក្រែនបានប្រាប់ Al Jazeera ថា “ពិតជាមានទំនាក់ទំនងរវាងចលនាប្រឆាំងអំពើពុករលួយ និងបំណងប្រាថ្នារបស់ Zelenskyy ក្នុងការរក្សាជំនួយផ្នែកយោធារបស់លោកខាងលិច។
លោក Dubovyk បាននិយាយថា “Zelenskyy យល់ថាគាត់គួរតែដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស និងដោយម៉ឺងម៉ាត់ដោយមិនបង្អង់យូរ ហើយគាត់យល់ថាមានមនុស្សនៅក្នុងសហរដ្ឋអាមេរិក និងលោកខាងលិចដែលហៅអ៊ុយក្រែនថាពុករលួយពេក”។
លោកបានបន្ថែមថា “ការភ័យខ្លាចដ៏អាក្រក់បំផុតរបស់អ៊ុយក្រែនគឺថា សហរដ្ឋអាមេរិក និងលោកខាងលិចនឹងបោះបង់ចោលពួកគេ ហើយថាលំហូរនៃអាវុធនឹងលែងមានបន្តទៀត” ៕