ចំនួនអ្នកស្លាប់ដោយការររញ្ជួយដីនៅទួរគី និងស៊ីរី ឡើងដល់ ២០,០០០នាក់

(ទួរគី-ស៊ីរី) រហូតមកដល់ពេលនេះមនុស្សជាង ២០,០០០ នាក់ ត្រូវបានគេសន្និដ្ឋានថាបានស្លាប់នៅក្នុងការរញ្ជួយដីកាលពីថ្ងៃចន្ទកន្លងទៅនៅក្នុងប្រទេសទួរគី និងស៊ីរី បើទោះជាអង្គការសហប្រជាជាតិបានព្រមានពីទំហំពេញលេញនៃគ្រោះមហន្តរាយនេះនៅតែមិនច្បាស់លាស់ក៏ដោយ នេះបើតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

BBC បានឲ្យដឹងថាៈ ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរក ប៉ុន្តែលក្ខខណ្ឌនៃអាកាសធាតុត្រជាក់បានគំរាមកំហែងដល់អាយុជីវិតអ្នករស់រានមានជីវិតរាប់ពាន់នាក់ ព្រោះគ្មានទីជម្រក ទឹក និងអាហារ។ប្រធានាធិបតីតួកគីបានហៅការរញ្ជួយដីនេះថា “គ្រោះមហន្តរាយនៃសតវត្សន៍” ។

គួរឲ្យដឹងផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ ធនាគារពិភពលោកបានសន្យាផ្តល់ជំនួយចំនួន ១.៧៨ ពាន់លានដុល្លារដល់ប្រទេសទួរគី រួមទាំងហិរញ្ញវត្ថុភ្លាមៗសម្រាប់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។

ប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា វិសាលភាពពេញលេញនៃគ្រោះមហន្តរាយនៅតែ “លាតត្រដាងនៅចំពោះមុខយើង” ជាពិសេសនៅក្នុងប្រទេសស៊ីរី ដែលសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃបានបំផ្លិចបំផ្លាញប្រទេសនេះ។

គួរបញ្ជាក់ថាៈ ជំនួយមនុស្សធម៌ដំបូងរបស់អង្គការសហប្រជាជាតិ បានឆ្លងកាត់ព្រំដែនចូលទៅភាគពាយ័ព្យប្រទេសស៊ីរី តាមរយៈច្រក Bab al-Hawa នៃខេត្ត Idlib។ ការឆ្លងកាត់នេះគឺជាមធ្យោបាយតែមួយគត់ ដែលជំនួយរបស់អង្គការសហប្រជាជាតិ អាចទៅដល់តំបន់រងគ្រោះ ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់តំបន់ដែលគ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី។

លោក Guterres បានសន្យាថា ជំនួយកាន់តែច្រើនកំពុងដំណើរការ ហើយលោកបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុញ្ញាតឱ្យការផ្គត់ផ្គង់ត្រូវបានចែកចាយតាមរយៈការឆ្លងកាត់ព្រំដែនច្រើនជាងមួយ។ លោកបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ “ នេះជាពេលនៃការរួបរួម វាមិនមែនជាពេលដើម្បីធ្វើនយោបាយ ឬការបែកបាក់ទេ ប៉ុន្តែវាច្បាស់ណាស់ថាយើងត្រូវការការគាំទ្រដ៏ច្រើន ”។

ដោយឡែក ក្រុមអ្នកជួយសង្គ្រោះ White Helmets បាននិយាយថា ក្បួនរថយន្តរបស់អង្គការសហប្រជាជាតិតែមួយគត់ ដែលបានទៅដល់តំបន់នោះ ហើយក៏មិនមានឧបករណ៍ឯកទេស ដើម្បីរំដោះមនុស្សដែលជាប់នៅក្រោមគំនរបាក់បែកនោះទេ។ ក្រុមនេះបាននិយាយនៅលើ Twitter ថា “ យើងពិតជាមានការខកចិត្តយ៉ាងខ្លាំង ការខ្វះខាតនៃឧបករណ៍ ធ្វើឲ្យយើងពិបាកក្នុងការជួយ សង្គ្រោះជនរងគ្រោះឲ្យរួចជីវិតពីក្រោមគំនរបាក់បែក ” ៕

អត្ថបទដែលជាប់ទាក់ទង