ក្រុមក្មេងស្ទាវទំនើងដែលតែងតែបង្កភាពអសន្តិសុខនៅផ្លូវជាតិលេខ៣ ត្រូវបានបង្រាបដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ជាបណ្ដើរៗហើយ

ខេត្តតាកែវ : កាលពីថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២ និង ៣០នាទី នៅចំណុចស្ពានដើមធ្លកជាប់ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គគគី ឃុំពពេលស្រុកត្រាំកក់ ខេត្តតាកែវ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបង្ករឡើងដោយជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិត (ក្រង៉ុក) និងចំពាមកៅស៊ូបានធ្វើសកម្មដេញកាប់ និងបាញ់ទៅលើជនរងគ្រោះមួយក្រុមទៀត បណ្តាលឲ្យរងរបួសចំនួន០២នាក់ ១-ឈ្មោះ នួន សុខណា ភេទប្រុស អាយុ ១៧ឆ្នាំ រស់ នៅភូមិ ព្រៃជួរ ឃុំពពេល ស្រុកត្រាំកក (រងរបួសស្រាល) ២-ឈ្មោះ ពៅ ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងកក់ឃុំពពេល ស្រុកត្រាំកក់ (រងរបួសស្រាល) និងខូចខាតម៉ូតូ០១គ្រឿង។

ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម និងប៉ុស្តិ៍នគរបាលរដ្ឋបាល ពពេល ដឹកនាំបញ្ជា ដោយលោកវរ:សេនីយ៍ឯក ឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាល ស្រុកត្រាំកក់  ក្រោយទទួលបានបទបញ្ជាយ៉ាងមឹងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ រួមមានៈ ១.ឈ្មោះ ឈឿន ប៊ុនរតនៈ ភេទប្រុសអាយុ ១៧ ឆ្នាំ ទីលំនៅភូមិព្រៃតាខាប ឃុំគុស ស្រុកត្រាំកក់ ២.ឈ្មោះ យ៉ន វឌ្ឍនា ហៅរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់ ៣.ឈ្មោះ សុឹង សំណាង ហៅជ្រូក ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិអង្គត្នោតខាងកើត ឃុំអង្គ តាសោម ស្រុកត្រាំកក់ ៤.ឈ្មោះ ប៉ែន ហ្វូ៊សុិន ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ព្រមទាំងដកហូតនូវសម្ភារដែលជាវត្ថុតាងមានដូចជាម៉ូតូម៉ាក C125 សង់ពណ៌ក្រហម ស៊េរីឆ្នាំ ២០២០ ពាក់ផ្លាកលេខ តាកែវ 1U 3551 មួកសុវត្ថិភាពពណ៌សចំនួន ០១ ទូរស័ព្ទចំនួន ០២ គ្រឿង ។

គួរបញ្ជាក់ថាៈ ជនសង្ស័យខាងលើជាមុខសញ្ញាបង្ករអុកឡុកតាមដងផ្លូវទីសាធារណ ហើយបច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

លោក ឌុប ធីយ៉ា អធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានប្រាប់មកអង្គភាពសារព័ត៌មាន យើងថា នឹងបន្តស្វែងរកចាប់ខ្លួនបក្សពួកមួយចំនួនកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

ការប្តេជ្ញារបស់លោកអធិការ ឌុក ធីយ៉ា ទទួលបានការសាទរពីមហាជន ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកត្រាំកក់ផ្ទាល់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង