អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ចែកជូនដល់កម្មករកម្មការនី ជិត ៤០០០ នាក់ នៅក្នុងស្រុកក្រគរ!
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខកម្មករកម្មការិនីនៅស្រុកក្រគរ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់កម្មករកម្មការនីដែលធ្វើការនៅរោងចក្រក្នុងស្រុកក្រគរ ។ ពិធីសំណេះសំណាលបានប្រារព្ធធ្វើនៅ០៣ កន្លែងផ្សេងគ្នា ទី១ៈ នៅសាលាបឋមសិក្សាពុទ្ទ្រាម ឃុំអូរណ្ដាន់, ទី២ៈ នៅវិទ្យាល័យហ៊ុន សែន១០មករាបឹងកន្ទួត, និងទី៣ៈ នៅបរិវេណរោងចក្រខ្សែកាបឃុំស្នារអន្សារ ស្រុកក្រគរ។ ក្នុងពិធីនេះមានការចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្ត និងមន្ត្រីរាជការក្នុងស្រុកមួយចំនួនទៀត។ កម្មករកម្មការិនីទាំង០៣កន្លែងនេះសរុបមានចំនួន៣៧២៦នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គក្រ មី០១កេស ត្រីខ០១យួរ ទឹកត្រីមួយយួរ ម៉ាស់មួយប្រអប់ និងថ្នាំសង្កូវមួយចំនួនទៀត។
បន្ទាប់ពីលោក លីវ សេងហ៊ីម អភិបាលនៃគណអភិបាលស្រុកក្រគរ មានមតិស្វាគមន៍និងរាយការណ៍អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសមិទ្ធផលដែលកើតមានក្នុងស្រុករួចមក ឯកឧត្តម ជាវ តាយ និង ឯកឧត្តម កែវ រតនៈ បាននាំមកនូវការផ្តាំផ្ញើរសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមកសម្តេចបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសក្មួយៗកម្មករកម្មការិនីដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតខ្សែកាប រោងចក្រផលិតគ្រឿងអគ្គីសនី ក្នុងស្រុកក្រគរនេះ។ ជាក់ស្ដែងថ្ងៃនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានឲ្យរូបឯកឧត្តម នាំយកនូវអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា មកចែកជូនកម្មករកាម្មការិនីនៅទីនេះ ដើម្បីជួយសម្រួលជីវភាពបានមួយគ្រាក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងធ្វើយ៉ាងណានៅឆ្នាំ២៩២២ខាងមុខនេះ នឹងតម្លើងប្រាក់បន្ថែម០២ដុល្លារទៀតក្នុងមួយខែ ពីលើប្រាក់គោលចំនួន១៩៤ដុល្លារដើម្បីជួយលើកស្ទួយកម្រិតជីវភាពកម្មករកម្មការនី រួមចំណែកកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមមានប្រសាសន៍ថា នៅស្រុកក្រគរសព្វថ្ងៃនេះមានសមិទ្ធិផលធំៗជាច្រើន ធ្វើឲ្យក្មួយៗនៅក្នុងតំបន់មានការងារធ្វើ ទទួលបានថវិកាជាច្រើនទៅតាមជំនាញនិងកម្លាំងពលកម្ម។ ដូចនេះយើងត្រូវរួមគ្នាជួយថែរក្សាការពារនូវសមិទ្ធិផលទាំងនោះឱ្យបានល្អ ព្រោះវាជាឆ្នាំងបាយនិងជាជង្រុកសម្រាប់យើងទាំងអស់គ្នា។ ឯកឧត្តមបញ្ជាក់ថា នៅពេលខាងមុខនេះក្រុមការងារនិងរដ្ឋបាលខេត្តបានប្តេជ្ញារួមគ្នាធ្វើការអភិវឌ្ឍន៍សមិទ្ធិផលថ្មីៗបន្ថែមទៀត ដោយផ្តោតសំខាន់លើវិស័យឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍ កីឡា និងអភិរក្សធនធានជលផលនៅក្នុងស្រុកក្រគរឲ្យកាន់តែលេចធ្លោថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដោយផ្អែកទៅលើសក្តានុពលដែលមានស្រាប់នៅក្នុងតំបន់នេះ ដូចជារោងចក្រកាត់ដេរ រោងចក្រផលិតត្រង់ស្វូ រោងចក្រផលិតខ្សែកាប រោងចក្រផលិតគ្រឿងអគ្គីសនី និងរោងចក្រផលិតថាមមពលពន្លឺព្រះអាទិត្យជាដើម។
ជាមួយគ្នានោះក៏មានរោងចក្រផលិតរថយន្តហ្វតដែលកំពុងដំណើរការសាងសង់ ដែលអាចស្រូបយកកម្លាំងពលកម្មបានរាប់ពាន់នាក់ ដែលនេះគឺជាមោទនភាពមួយរបស់ខេត្តពោធិ៍សាត់យើង។ ឯកឧត្តមក៏បានអំពាវនាវដល់កម្មករកម្មការនីរោងចក្រទាំងអស់ គប្បីបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់និងអនុវត្តឲ្យបានជាប់ជាប្រចាំនូវវិធានការណ៍របស់រាជរដ្ឋាភិបាល(៣ការពារ ៣កុំ) ព្រោះថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ យើងមិនអាចធានាបានទាំងស្រុងនោះទេ កត្តាសំខាន់ត្រូវចេះការពារដោយខ្លួនឯង គ្រួសារនិងសហគមន៍ ទើបរួចផុតពីការឆ្លងនៃជំងឺនេះ និងអាចឈានទៅបើកប្រទេសនិងសេវាកម្មផ្សេងៗឡើងវិញ នាពេលដ៍ខ្លីខាងមុខនេះ។ បន្ទាប់មកឯកឧត្តម កែវ រតនៈ ឯកឧត្តម ជាវ តាយ និងប្រតិភូអមដំណើរទាំងអស់ បានចូលមើលរោងចក្រផលិតខ្សែរកាបនិងរោងចក្រផលិតត្រង់ស្វូអគ្គីសនី ដែលកំពុងដំណើរការផលិតដ៍មមាញឹកនៅក្បែរផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសារវន្ត័ ឃុំស្នារអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់នោះផងដែរ៕