លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន សហការជាមួយនឹងកម្លាំងពាក់ព័ន្ធ បង្ក្រាបការនាំឈើខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា!

ដោយមានការចង្អុលបង្ហាញ និងអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង ៣០ នាទី នៅចំណុចមាត់អូរព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រក្រុមទី១ ភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងនគរបាលវរ:ការពារព្រំដែនគោក ៨១៧ កម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងវរៈសេនាតូច ៥៣៣ ប្រចាំការតាមមាត់អូរព្រំដែន ក្នុងភូមិសាស្ត្រខាងលើ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ នាំចេញឈើដោយខុសច្បាប់ ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ចំនួន ០១ លើក ក្នុងពេលចុះកិប្រតិបត្តិការ ជនសង្ស័យ ដែលជាប្រជាពលរដ្ឋខ្មែរ បាននាំគ្នារត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកនូវ ឈើប្រវែង ០២ ម៉ែត្រ ចំនួន ០៨ សន្លឹក ឈើក្តា ចំនួន ០៧ សន្លឹក ឈើដុំ និង កំណាត់ឈើ មានប្រវែង ០១ ម៉ែត្រ ទៅ ០២ ម៉ែត្រ ចំនួន ៣២ ដុំ ដោយទុកចោលក្នុងព្រៃមាត់អូរព្រំដែន (ដីខ្មែរ) ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុក យកមករក្សានៅកន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន និងធ្វើការស្រាវជ្រាវបន្ត ។

បច្ចុប្បន្នឈើទាំងអស់ជាវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅការិយាល័យដើម្បីបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង