ជនរងគ្រោះក្នុងករណីវិវាទដីធ្លីលោកយាយ សួន ញ៉ ទទួលបានពន្លឺយុត្តិធម៌ជាបណ្ដើរៗហើយ ខណៈភាគីអ្នកស្រី ស៊ិន សុជាតិ ប្រហែលកំពុងតែភ័យបុកពោះ ព្រោះមិនអើពើអនុវត្តដីកាសម្រេចរក្សាការពាររបស់តុលាការ!
កំពង់ចាមៈ យោងតាមដីកាសម្រេចរក្សាការពារលេខ ២៣ ( ក ) ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ដែលចេញដោយលោក សួស ឡា ចៅក្រមសាលាដំបូងខេត្តកំពង់ចាម បានសម្រេចហាមឃាត់មិនឲ្យសហកូនបំណុលរួមមានឈ្មោះ ស៊ិន សុជាតិ ឈ្មោះ ឡៅ សិនណារ៉ូ ឈ្មោះវ៉ៃ និងឈ្មោះ ឈុំ យ៉ុន មិនឱ្យលក់ដូរ បញ្ចាំ ជួល សាងសង់ ឈូសឆាយ ផ្ទេរសិទ្ធិ ធ្វើអំណោយ ប្រទានកម្ម ឬសកម្មភាពផ្សេងៗជាបណ្ដោះអាសន្ន នូវដីស្រែប្រាំងទំហំ ១១ ហិកតា មានព្រំប្រទល់ខាងជើងទល់នឹងឈ្មោះ លី ស៊ីមន ខាងត្បូងទល់នឹងព្រែក ខាងកើតទល់នឹងឈ្មោះ យូ លឹម ខាងលិចទល់នឹងឈ្មោះ ស៊ិន សុជាតិ ដែលមានទីតាំងនៅតំបន់រូង និងចង្រ្កានបែក ស្ថិតនៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយត្រូវរង់ចាំសម្រេចអង្គសេចក្តីជាស្ថាពរ ហើយដីកាសម្រេចនេះមានអនុភាពអនុវត្តភ្លាមៗ។
គូររំលឹកផងដែរថាៈ កាលពីឆ្នាំ ២០០៦ លោកយាយ សួន ញ៉ បានប្រមូលទិញដីពីប្រជាពលរដ្ឋក្នុងតំបន់រូង និងចង្រ្កានបែក ប្រហែលជាង ២០០ ហិកតា ដែលមានឈ្មោះម៉ៅ ធូ ជាអ្នករៀបចំដីឲ្យ ដោយមានអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស៊ីញ៉េប្រថាប់ត្រាដឹងឮត្រឹមត្រូវតាមផ្លូវច្បាប់ ហើយក៏មិនដែលមានទំនាស់ណាមួយជាមួយអតីតម្ចាស់ដីនោះដែរ។ បើទោះបីជាលោកយាយ សួន ញ៉ បានទិញពីប្រជាពលរដ្ឋហើយក្តី ក៏លោកយាយមិនបានហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យអាស្រ័យផលដែរ ប្រជាពលរដ្ឋអតីតម្ចាស់ដើមនៅតែអាចធ្វើស្រែចំការបានដដែល។ ចំណុចនេះសបញ្ជាក់ឲ្យឃើញថា ដីដែលលោកយាយបានទិញមិនដែលអាក់ខាននៃការអាស្រ័យផលនោះទេ។ អ្វីដែលជាបញ្ហាចោទឡើងគឺ កាលពីឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ហើយនៅបន្តអូសបន្លាយជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន គឺដីប្រមាណ ១១ ហិកតា ក្នុងចំណោមដីជាង ២០០ ហិកតា ត្រូវបានឈ្មោះ ស៊ិន សុជាតិ លួចវាស់បង្ខិតបង្គោលព្រំចូលមកក្នុងដីរបស់លោកយាយទាំងបំពាន ដោយមានទាំងភូមិបាលស្រុកចូលរួមថែមទៀផង។ អ្វីដែលចម្លែកពេលដែលឈ្មោះ ស៊ិន សុជាតិ ឱ្យមន្ត្រីភូមិបាលស្រុកចុះវាដ់វែងហេតុអ្វីបានជាមិនជូនដំណឹងដល់ភាគីជាប់ព្រំដីបានចូលរួមផង? ដោយឡែកមន្ត្រីភូមិបាលស្រុកដែលទទួលបន្ទុកចុះវាស់វែង បិទភ្នែកវាស់ ឬយ៉ាងណា? ព្រោះថាគ្មានភាគីពាក់ព័ន្ធចូលរួមគ្រប់គ្រាន់ ហើយខ្លួនដែលជាមន្ត្រីជំនាញក៏នៅតែវាស់វែងទាំងបំពានច្បាប់។
បើតាមលោក ម៉ៅ ធូ អ្នករៀបចំដី ដែលជាសាក្សីដ៏សំខាន់ក្នុងករណីវិវាទនេះបានឲ្យអ្នកសាប់ព័ត៌មានយើងដឹងថាៈ ដីលោកយាយ សួន ញ៉ និងអ្នកស្រី ស៊ិន សុជាតិ លោកជាអ្នករៀបឲ្យដូចគ្នា។ ក្នុងពេលទិញលក់ លោកបានបញ្ជាក់ពីព្រំដីយ៉ាងច្បាស់លាស់ ដោយមានទាំងអាជ្ញាធរនិងមន្ត្រីជំនាញដឹងឮត្រឹមត្រូវ ព្រោះដើម្បីកុំអោយអ្នកទិញមានវិវាទនឹងគ្នា។ លោកបានបញ្ជាក់ថាដីអ្នកស្រី ស៊ិន សុជាតិ និងលោកយាយ សួន ញ៉ មានព្រំជាន់គ្នា ដោយដីអ្នកស្រី ស៊ិន សុជាតិ បាទចុច GPS វាស់វែងតាំងពីដំបូងដៃ តែក្រោយមកទៀត អ្នកស្រី ស៊ិន សុជាតិ បានធ្វើការវាស់វែងសារជាថ្មី តែមិនបានហៅរូបលោកដែលជាអ្នករៀបចំដីឲ្យចូលរួមនោះទេ ដោយឲ្យអ្នកផ្សេងតាំងខ្លួនជាអ្នករៀបចំដីជំនួសលោក ទៅចង្អុលព្រំពាសវាលពាសកាលធ្វើឲ្យខូចប្រយោជន៍លោកយាយ សួន ញ៉ យ៉ាងធ្ងន់ធ្ងរ។ ក្នុងនាមរូបលោកជាអ្នករកស៊ីសុចរិតមួយរូបដែលស្រឡាញ់យុត្តិធម៌ លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ទឡ្ហីករណ៍ត្រឹមត្រូវចំពោះមុខតុលាការ ដើម្បីរក្សាប្រយោជន៍ភាគីទាំងសងខាង ដោយដាច់ខាតមិនឱ្យភាគីណាមួយរំលោភបំពានលើភាគីណាមួយនោះឡើយ។
អ្នកស្រី ថាយ ស្រី កូនស្រីបង្កើតលោកយាយ សួន ញ៉ ដែលទទួលសិទ្ធិស្របច្បាប់ពីម្ដាយក៏បានឱ្យក្រុមអ្នកសារព័ត៌មានយើងដឹងបន្ថែមថាៈ ចាប់តាំងពីពេលដែលឈ្មោះ ស៊ិន សុជាតិ បង្ខិតបង្គោលព្រំរំលោភយកដីរបស់ម្ដាយអ្នកស្រី អ្នកស្រីបានធ្វើលិខិតសុំអន្តរាគមន៍ ទៅរដ្ឋបាលសាលាស្រុកបាធាយ ដែលមានលោក ព្រំ វណ្ណាអភិបាលស្រុករង ទទួលបន្ទុកដោះស្រាយ ជាច្រើនលើកច្រើនសារ។ ក្រៅពីហៅទៅធ្វើកំណត់ហេតុ លោក ព្រំ វណ្ណាមិនដែលមានដំណោះស្រាយអ្វីនោះទេ។
ក្រោយពីដាក់លិខិតអន្តរាគមន៍មិនបានប៉ុន្មានថ្ងៃផង អភិបាលរងស្រុករូបនេះបានប្រាប់អ្នកស្រីថា ដីទំហំ ១១ ហិកតា នៅចំណុចតំបន់រូង និងចង្រ្កានបែក ស្ថិតនៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានអភិបាលស្រុក ស៊ីញ៉េ ចេញប្លង់ ឱ្យ ស៊ិន សុជាតិ ហើយ ហើយថែមទាំងឲ្យអ្នកស្រីទៅមើលឯកសារនៅសាលាស្រុក ស្របពេលដែលជំងឺកូវីដ ១៩ កំពុងស្ទុះឡើងជាខ្លាំង ហើយស្រុកបាធាយត្រូវបានដាក់ជាតំបន់ក្រហម។
អ្នកស្រី ថាយ ស្រី មានការងឿងឆ្ងល់ជាខ្លាំងថា រដ្ឋបាលស្រុកទទួលលិខិតអន្តរាគមន៍រួចហើយថានឹងដោះស្រាយ ចុះហេតុអ្វីបានជាចេញប្លង់ឲ្យឈ្មោះ ស៊ិន សុជាតិ លើដីម្ដាយអ្នកស្រី ទាំងមិនទាន់មានដំណោះស្រាយត្រឹមត្រូវបែបនេះ តើលោក ព្រំ វណ្ណា ណាចង់លេងក្បាច់អី?
រឿងរ៉ាវកំពុងតតាំងក្នុងព្រំដែនសមត្ថកិច្ចអាជ្ញាធរនៅឡើយ ស្រាប់តែឈ្មោះ ស៊ិន សុជាតិ បានដាក់គ្រឿងចក្រចូលឈូសឆាយទាំងបំពាន អ្នកស្រីក៏បានធ្វើលិខិតសុំអន្តរាគមន៍បញ្ឈប់ការឈូសឆាយមួយទៀតទៅលោកអភិបាលរងស្រុក ព្រំ វណ្ណា ដដែល លោកអភិបាលរងស្រុករូបនេះ បានហៅអ្នកស្រីទៅធ្វើកំណត់ហេតុសាជាថ្មីម្ដងទៀតដដែលជាដដែល ប៉ុន្តែនៅតែគ្មានដំណោះស្រាយ ថែមទាំងបាននិយាយបែបព្រងើយឆ្កុយថា ឲ្យគេឈូសឆាយសិនទៅ ចាំលោករកដំណោះស្រាយ។ អភិបាលរងស្រុក រូបនេះបានចំជាមន្ត្រីកំណត់ហេតុជនខ្ពស់របស់ស្រុកបាធាយពិតមែន។
ដោយគ្មានជំនឿលើមន្ត្រីរបាយការណ៍លោក ព្រំ វណ្ណា អភិបាលរងស្រុកបាធាយ និងមិនអាចរង់ចាំបន្តទៀតបាន អ្នកស្រី ថាយ ស្រី ដែលទទួលសិទ្ធិពីម្ដាយ លោកយាយសួន ញ៉ បានដាក់ពាក្យបណ្ដឹងចូលទៅកាន់សាលាដំបូងខេត្តកំពង់ចាម ប្ដឹងសុំចេញដីការក្សាការពារ។ ដោយមើលឃើញថាការទាមទាររបស់ដើមបណ្ដឹងមានភាព សមរម្យត្រឹមត្រូវ តុលាការសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាសម្រេចរក្សាការពារ លេខ ២៣ ( ក ) ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ហាមឃាត់មិនឲ្យសហកូនបំណុលរួមមានឈ្មោះ ស៊ិន សុជាតិ ឈ្មោះ ឡៅ សិនណារ៉ូ ឈ្មោះវ៉ៃ និងឈ្មោះ ឈុំ យ៉ុន មិនឱ្យលក់ដូរ បញ្ចាំ ជួល សាងសង់ ឈូសឆាយ ផ្ទេរសិទ្ធិ ធ្វើអំណោយ ប្រទានកម្ម ឬសកម្មភាពផ្សេងៗជាបណ្ដោះអាសន្ន នូវដីស្រែប្រាំងទំហំ ១១ ហិកតា ដែលមានព្រំប្រទល់ខាងជើងទល់នឹងឈ្មោះ លី ស៊ីមន ខាងត្បូងទល់នឹងព្រែក ខាងកើតទល់នឹងឈ្មោះ យូ លឹម ខាងលិចទល់នឹងឈ្មោះ ស៊ិន សុជាតិ ដែលមានទីតាំងនៅតំបន់រូង និងចង្រ្កានបែក ស្ថិតនៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដោយត្រូវរង់ចាំសម្រេចអង្គសេចក្តីជាស្ថាពរ ហើយដីកាសម្រេចនេះមានអនុភាពត្រូវអនុវត្តភ្លាមៗ។ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមានលោកអភិបាលស្រុក លោកមេឃុំ លោកមេភូមិ និងភូមិបាលស្រុក សហការអនុវត្តដីការសម្រេចរក្សាការពារនេះឲ្យបានសម្រេច ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ សាម៉ីខ្លួន និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធត្រូវអនុវត្តដីកាសម្រេចរក្សាការពារខាងលើនេះឲ្យមានប្រសិទ្ធភាព ក្នុងករណីដែលមិនអនុវត្តតាមដីកាសម្រេចការពារខាងលើ និងទទួលខុសត្រូវតាមវិធានច្បាប់ជាធរមាន។
បើកទោះបីមានដីកាសម្រេចរក្សាការពារដែលចេញដោយតុលាការសាលាដំបូងខេត្តកំពង់ចាម ចុះហត្ថលេខាដោយចៅក្រមអនុវត្ត សួស ឡា យ៉ាងណាក្តី កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ភាគីកូនបំណុលអ្នកស្រី ស៊ិន សុជាតិ នៅតែបន្តយកត្រាក់ទ័រឈូសឆាយដី ដែលមានដីការក្សាការពារដដែល ហាក់មិនខ្លាចញញើត នឹងមើលស្រាលច្បាប់ជាខ្លាំង ហើយនៅពេលដែលក្រុមអ្នកសារព័ត៌មានយើងទៅដល់ទីតាំងដីផ្ទាល់ ក្រុមអ្នកបញ្ជាត្រាក់ទ័រឈូសឆាយទាំងនោះ បានបើកត្រាក់ទ័រចូលពួនសំងំក្នុងកំពោតព្រៃបាត់ស្រមោល! ចុះបើមានប្លង់មានច្បាប់ចាំបាច់រត់ពូនធ្វើអ្វី។
មហាជនបានលួចខ្សឹបប្រាប់ក្រុមអ្នកសារព័ត៌មានយើងឲ្យដឹងថា ពេលនេះ អ្នកស្រី ស៊ិន សុជាតិ កំពុងតែភ័យបុកពោះ ព្រោះល្មើសនិងសេចក្តីសម្រេច ដែលមានចែងក្នុងដីកាសម្រេចរក្សាការពារលេខ ២៣ ( ក ) ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១៕