កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនមេខ្យល់ដ៏សកម្មចំនួន ២ នាក់ បម្រុងនាំពលករឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់!!
ខេតតបន្ទាយមានជ័យៈ មេខ្យល់ចំនួន ០២ នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនឃាត់ខ្លួនបាននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ១០ នាក់ ក្នុងនោះស្រីចំនួន ០៥ នាក់ ត្រង់ចំនុចភូមិសាស្ត្រ អូរព្រំដែន ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ដោយមានការសហការជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ៨១៥ និងកម្លាំងផ្នែកសឹករងម៉ាឡៃ ផ្នែកសឹករងប៉ោយប៉ែត និងកងរាជអវុធហត្ថស្រុក ដើម្បីទប់ស្កាត់ពលករខ្មែរលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។
ជាក់ស្តែងនៅវេលាម៉ោង ១២:៣០ នាទី យប់ថៃ្ងទី១៥ ខែឧសភា ឆ្នាំ២០២១ ខណៈមេខ្យល់ចំនួន ០២ នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដែលត្រៀមតាមខ្សែបន្ទាត់ព្រំដែនធ្វើការឃាត់ខ្លួនបានតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ថា មេខ្យល់ដែលត្រូវឃាត់ខ្លួនមានៈ
១. ឈ្មោះ វណ្ណ: វណ្ណ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ភូមិតាគ្រី ឃុំគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
២. ឈ្មោះ អៀន ហ៊េន ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នមេខ្យល់ទាំងពីរនាក់កំពុងត្រូវបានឃុំខ្លួនដើម្បីសួរចម្លើយ នៅស្នាក់ការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ។ ចំណែកឯពលករទាំង ១០ នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ៕ ក្រៀលៈ០០១