តើអាជ្ញាធរសង្កាត់អូរឫស្សីទី២ បានទទួលប្រយោជន៍អ្វីពីបនល្បែងភ្នាល់ទឹកភ្លៀងទើបមិនបង្ក្រាប!! ចុះប្រសិនបើមានការផ្ទុះនៃការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ បន្ថែមទៀត អាជ្ញាធរសង្កាត់អូឬស្សីទី២ ជាអ្នកទទួលខុសត្រូវ ឬក៏បន្ទុកដ៏ធ្ងន់នេះ ត្រូវធ្លាក់ទៅលើរាជរដ្ឋាភិបាល??
ភ្នំពេញៈ ដូចដែលមហាជនបានជ្រាបហើយថា បច្ចុប្បន្ននេះកម្ពុជាកំពុងមាននូវវិធានការយ៉ាងក្តៅគគុកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ បង្ខំចិត្តដាក់ចេញនូវគោលការណ៍បិទខ្ទប់តំបន់មួយចំនួននៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដើម្បីទប់ស្កាត់នៃការឆ្លងរាលដាល នៃជម្ងឺដ៏កាចសាហាវនេះឯង។
ផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាល គេបានមើលឃើញថានៅក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ខាងជើងស្តុបជាង៣០ម៉ែត្រ) បានបង្កើតនូវព្រឹត្តិការណ៍ជួបជុំមនុស្សជាច្រើនកុះករ ផ្ដុំគ្នាលេងល្បែងភ្នាល់ទឹកភ្លៀង និងល្បែងបៀរអាប៉ោងយ៉ាងអនាធិបតេយ្យ គ្មានខ្លបខ្លាចអ្វីទាល់តែសោះ។ ដោយឡែកអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច ប្រហែលជាត្រូវបានម្ចាស់បទល្បែងមួយនេះយកលុយញ៉ុកមាត់អស់ហើយមើលទៅ បានជាធ្វើមិនដឹងមិនឮ មិនអើពើក្នុងការបង្ក្រាបនោះឡើយ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យសារព័ត៌មានយើងដឹងថាៈ ទីតាំងល្បែងភ្នាល់ទឹកភ្លៀង មានបង្កប់អាប៉ោងបៀរមួយនេះ លេងភ្នាល់ដាក់លុយខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារឯណោះ។ហើយគេបានឃើញអ្នកចេញចូលចាក់ភ្នាល់មកពីគ្រប់ទិសទី ជាហេតុដែលធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ លើកត្តាចម្បងពីរសំខាន់ៗគឺៈ ទី១ រលកនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ កាន់តែខ្លាំងក្លាថែមទៀត ក្នុងករណីដែលអ្នកញៀនល្បែងណាម្នាក់មានកើតជំងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ ហើយថានរណាជាអ្នកទទួលខុសត្រូវ ម្ចាស់បនល្បែង! អាជ្ញាធរសង្កាត់អូឬស្សី០២! ឬអម្រែកនេះត្រូវធ្លាក់ទៅលើរាជរដ្ឋាភិបាល? ទី២ បញ្ហាអសន្តិសុខសង្គម ចោរលួច ចោរប្លន់ ហិង្សាការកាប់សម្លាប់ បង្កើតភាពវឹកវរនៅក្នុងសង្គម ផ្ទុយពីគោលនយោបាយភូមិ/សង្កាត់មានសុវត្ថិភាព ដោយផ្ដើមចេញពីល្បែងស៊ីសងខុសច្បាប់នេះឯង។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់អូឫស្សី២ បានឲ្យដឹងទៀតថាៈ ពួកគាត់មានការងឿងឆ្ងល់ជាខ្លាំង ដឹងហើយថាសង្គមកំពុងប្រឈមនឹងជំងឺកូវីដ ហេតុអ្វីពួកញៀនល្បែងទាំងអស់នេះ អាចមកពពាក់ពពូន លេង ល្បែងស៊ីសងបានយ៉ាងរំភើយយ៉ាងដូច្នេះ នេះប្រាកដជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានត្រូវដងត្រូវផ្លែប្រចាំថ្ងៃ ប្រចាំខែ សើមមាត់សើមករ ផ្អែមដូចមេស្ករជាមួយសំណែនម្ចាស់បទល្បែងនេះហើយមើលទៅ បានជាសម្ងំស្ងៀមដូចរូបចម្លាក់ចាក់ឫស មិនគិតពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ដោយគ្មានជំនឿលើអាជ្ញាធរ និងសមត្ថកិច្ចសង្កាត់អូឬស្សី២ ទៀតនោះ ប្រជាពលរដ្ឋបានធ្វើការស្នើសុំយ៉ាងទទូចដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមដាក់ចេញនូវវិធានការក្តៅ បង្រ្កាបបនល្បែងភ្នាល់ទឹកភ្លៀង បង្កប់អាប៉ោងបៀ និងអាចជាកន្លែងចែកចាយគ្រឿងញៀន ក្នុងសង្កាត់អូឬស្សី២ ខណ្ឌ៧មករា ជាបន្ទាន់ទាន។ បើពុំដូច្នោះទេ ប្រជាពលរដ្ឋប្រាកដជារស់នៅមិនបានសុខឡើយ ព្រោះបារម្ភខ្លាចការឆ្លងរាលដាកូវីដ-១៩! បារម្ភខ្លាចពីសន្តិសុខ សុខសុវត្ថិភាពផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋសង្ឃឹមថាឯកឧត្តមថ្នាក់ដឹកនាំខាងលើនឹងមានវិធានការបង្ក្រាបទប់ស្កាត់បានទាន់ពេលវេលា៕
ល្រៀលៈ088 800 98 33 / 096 200 98 33.