តែ គឹមឡុង និងបក្សពួក ជាឈ្មួញរកស៊ីនាំជ្រូកចូលពីប្រទេសថៃខុសច្បាប់គ្មានការត្រួតពិនិត្យ និងបង់ពន្ធត្រឹមត្រូវ!
បន្ទាយមានជ័យ៖ លោក តែ គឹមឡុង ដែលគេស្គាល់ថា ជាឈ្មួញនាំជ្រូកខុសច្បាប់ពីប្រទេសថៃជារៀងរាល់ថ្ងៃតាមច្រកអូរបីជាន់ និងច្រករបៀងផ្សេងៗក្នុងភូមិសាស្ត្រនៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅតែបន្ត សកម្មភាពយ៉ាងគឃ្លើននាំជ្រូកចូលដោយខុសច្បាប់ដោយពុំមានលិខិតអនុញ្ញាត គ្មានការត្រួតពិនិត្យ និង ពុំមានលិខិតបញ្ជាក់សុខភាពសត្វ ដែលអាចជាការនាំមកនូវសត្វជ្រូកផ្ទុកជំងឺ បង្កហានិភ័យដល់ការចិញ្ចឹមជ្រូកក្នុងស្រុកទាំងមូល និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទទួលទានសាច់ជ្រូក។ មិនត្រឹមតែប៉ុណ្ណោះឈ្មោះ តែ គឹមឡុង និងបក្សពួក បានកៀរគរប្រជាពលរដ្ឋ ដែលជាអ្នកទិញជ្រូកពីក្រុមខ្លួន និងអ្នកភូមិផ្សេងៗទៀតឱ្យនាំគ្នាមកតវ៉ានៅសាលាឃុំអូរបីជាន់ ដើម្បីតវ៉ាចំពោះចំណាត់ការរបស់សមត្ថកិច្ចេគ្រប់ជាន់ថ្នាក់ដែលតែងតែធ្វើសកម្មភាពទប់ស្កាត់ និងឃាត់ការនាំជ្រូកចូលដោយខុសច្បាប់ទាំងនោះ។
យោងតាមលិខិតសុំអន្តរាគមន៍របស់ឈ្មោះ តែ គឹមឡុង និងបក្សពួកទៅកាន់រដ្ឋបាលឃុំអូរបីជាន់កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានទទួលស្គាល់ថាពួកខ្លួនបានធ្វើការនាំចូលជ្រូកខុសច្បាប់ទាំងនោះ ហើយសុំឱ្យអាជ្ញាធរឃុំជួយដោះស្រាយបញ្ហាខុសច្បាប់របស់ខ្លួន និងបក្សពួក ឱ្យបានធ្វើការនាំចូលដោយគ្មានច្បាប់អនុញ្ញាតបន្តទៀត។
លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យបានឱ្យដឹងថា រឿងអាជីវករតវ៉ាជាសិទ្ធរបស់គាត់ តែខាងជំនាញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅតែបន្តអនុវត្តនីតិវិធីច្បាប់និងបច្ចេកទេសទប់ស្កាត់ការឆ្លងជំងឺប៉េស្តអាហ្វ្រិកព្រោះថា បើមានការផ្ទុះនូវជំងឺប៉េស្តអាហ្វ្រិកកើតឡើង និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច។ដូចនេះមិនថាការនាំចូលលក្ខណៈគ្រួសារ ឬពាណិជ្ជកម្មទេ ត្រូវតែត្រួកពិនិត្យយកសំណាក់ទៅពិនិត្យឱ្យត្រឹមត្រូវដើម្បីសុខុមាលភាពអ្នកទទួលទាន។
លោកបន្តថា កន្លងមកសមត្ថកិច្ចបានអនុវត្តច្បាប់ដោយចាប់យកជ្រូកដែលលួចនាំចូលមកពិនិត្យឃើញថា មានជំងឺប៉េស្តអាហ្រ្វិចផងដែរ ដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលការងារជំនាញបានចុះមកដុតកម្ទេចចោល នៅនឹងកន្លែងផងដែរ។
យោងតាមច្បាប់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងត្រូវពិន័យជាប្រាក់ចំនួនពី ១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ៥០ ០០០ ០០០ (ហាសិបលាន) រៀល ចំពោះបុគ្គលណាដែលនាំចូលដោយចេតនានូវសត្វ ឬផលិតផលសត្វដែលមានជំងឺឆ្លង ឬផ្ទុកមេរោគបង្កជំងឺ ខូចគុណភាព ឬបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ មកក្នុងព្រះរាជាណាចក្រកម្ពុជា៕
ប្រភពៈ MC Cambodia page