ស្រ្តីជនជាតិចិនឈ្មោះ XIA GUOXIU ដែលសមត្ថកិច្ចបង្រ្កាបករណីថ្នាំពុលកសិកម្មនៅខេត្តកណ្ដាល ត្រូវពិន័យ១០លានរៀល!

ខេត្តកណ្ដាលៈ ករណីជនជាតិចិនលួចលក់ថ្នាំពុលកសិកម្មនិងជីកសិកម្មហួសសុពលភាពត្រូវបានមន្ទីកសិកម្មខេត្តកណ្ដាលធ្វើការពិន័យអន្តរការណ៍ចំនួន១០,០០០, ០០០រៀល (ដប់លានរៀល) នេះយោងតាមលិខិតបង្កាន់ ដៃបង់ប្រាក់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០កន្លងទៅ។

សូមជម្រាបជូនថា បើយោតាមសេចក្ដីសម្រេចស្ដីពីការពិន័យអន្តរការណ៍ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ របស់លោក សាន់ វឿន ប្រធានអធិការកិច្ច ថ្នាំ និង ជីកសិកម្មបានឲ្យដឹងថា មន្ទីសម្រេចធ្វើការពិន័យអន្តរការណ៍ចំនួន១០,០០០,០០០រៀល(ដប់លានរៀល)ចំពោះជនជាតិចិនឈ្មោះ XIA GUOXIU ភេទស្រី ជាម្ចាស់ឃ្លាំងជី និងថ្នាំពុលកសិកម្មស្ថិតនៅភូមិព្រៃទំពួង ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្ដាល ពីបទមិនអនុវត្តការតម្រូវបមាណីយសំរាប់សំបកវេច្ចខ្ចប់ និងស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរសំរាប់ថ្នាំកសិកម្មគ្រប់ប្រភេទ។

គួររំលឹកថា ការពិន័យនេះធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្រ្កាបកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០កន្លងទៅ លើឃ្លាំងស្រ្តីជនជាតិចិនខាងហើយរកឃើញមានថ្នាំ និងជីកសិកម្មមួយចំនួនហួសសុពលភាពប្រើប្រាស់ សុពលភាពបញ្ជីការ និងមិនតម្រូវបមាណីយ ។

គួរបញ្ជាក់ថា បន្ទាប់អនុវត្តនីតិវិធីរបស់សមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងបល្មើសសេដ្ឋកិច្ច និងមន្រ្តីនីតិកម្មកសិកម្ម នៃមន្ទីខេត្តកណ្ដាលយ៉ាងឆាប់រហ័សរួចមក តាមការសំណូមពរម្ចាស់ទីតាំងជនជាតិចិនខាងលើបានបើកឃ្លំាងលក់ថ្នាំពុលនិងជីកសិម្មរបស់ខ្លួនវិញភ្លាមយ៉ាងរំភើយគ្មានការព្រួយបារម្ភនោះ។

ទោះជាយ៉ាងណាក្នុងករណីនេះស្រ្តីជនជាតិចិនខាងលើត្រូវបានធ្វើការចុះបង្រ្កាបចំនួនមួយលើករួចទៅហើយថែមទាំងទទួលការពិន័យម្ដងរួចហើយដែរ អ្វីដែលមហាជនមិនអស់ចម្ងល់ថា តើស្រ្តីជនជាតិចិនខាងលើពិតជាមានការរាងចាលឬទេ? តើនរណាជាអ្នកទទួលធ្វើរឿងរត់ការដោះស្រាយក្នុងសំណុំរឿងថ្នាំពុល និងជីកសិម្មនេះ ធានាបានទេថា នឹងលែងមានលួចលក់ខុសច្បាប់ នឹងប្រព្រឹត្តិតទៅទៀត។

រហូតមកទល់ពេលនេះអង្គភាពសារព័ត៌មានមិនទាន់ មានការឆ្លើយតបនឹងសាកសួរបន្ថែមនៅឡើយ ចំពោះអ្នកដែលទទួលដោះស្រាយក្នុងសំណុំរឿងនេះ៕

អត្ថបទដែលជាប់ទាក់ទង