សាលាឧទ្ធរណ៍ ចេញដីកាសម្រេចហាមឃាត់ មិនឱ្យគណៈកម្មាធិការវត្តដំបូកខ្ពស់ បូជាសពក្នុងបរិវេណវត្តតទៅទៀតទេ!

ភ្នំពេញៈ កាលពីថ្ងៃអង្គាររ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក ឡាយ វរៈជាតិ ក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញ បានយកដីកាសម្រេចរបស់សាលាឧទ្ធរណ៍ លេខ ២១ ដក សក្រIV ” អប ” ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លើសំណុំរឿងរដ្ឋប្បវេណី លេខ ៦០(រ) ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ មកអានជូនភាគីវិវាទលើសំណុំរឿងខាងលើ មានប្រជាពលរដ្ឋ និងគណៈកម្មាធិការវត្តដំបូកខ្ពស់ ឲ្យបានជ្រាប នឹងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមដីកាសម្រេចរបស់តុលាការ នៅចំពោះមុខមន្ត្រីពាក់ព័ន្ធ ដឹងឮមួយចំនួនទៀត រួមមានៈ លោកវ៉ែនសុខ ជា ចៅសង្កាត់រងបឹងទំពុន២ លោក មាស ចាន់សារ៉ា នាយរងប៉ុស្តិ៍បឹងទំពុន២ លោក ម៉ែន ឈួន មេភូមិត្នោតជ្រុំ២ និងលោកស្រីមេធាវី អេង សុគន្ធា អ្នកតំណាងដោយអាណត្តិឲ្យសហម្ចាស់បំណុល (ប្រជាពលរដ្ឋ) ផងដែរ នៅក្នុងបរិវេណវត្តដំបូកខ្ពស់ស្ថិតក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដីកាសម្រេចរបស់សាលាឧទ្ធរណ៍ គឺបានហាមឃាត់គណៈកម្មាធិការវត្តដំបូកខ្ពស់ មានតំណាងដោយអាចារ្យឈ្មោះ សំរិត ម៉េង ឈ្មោះ អ៊ុំ រ៉េន និងឈ្មោះ នុត សម្បត្តិ បញ្ឈប់ការបូជាសពក្នុងបរិវេណវត្តដំបូកខ្ពស់ ដែលមានទីតាំងនៅភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន។

គួររំលឹកផងដែរថា ដោយមិនអាចទ្រាំទ្រនឹងក្លិនផ្សែងនៃការបូជាសព ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវដង្ហើម ប្រជាពលរដ្ឋរស់នៅជិតវត្តដំបូកខ្ពស់ បានស្នើសុំទៅកាន់អាជ្ញាធរមូលដ្ឋាន ឲ្យធ្វើការណែនាំបញ្ឈប់ការបូជាសពក្នុងវត្តមួយនេះ ប៉ុន្តែមិនទទួលបានលទ្ធផលនោះទេ បើទោះបីជាអាជ្ញាធរចុះទៅធ្វើការអប់រំណែនាំយ៉ាងណាក៏ដោយចុះ ក៏គណៈកម្មាធិការវត្តដំបូក ខ្ពស់ នៅតែបន្តឲ្យមានការបូជាសពដដែល ជាហេតុធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមមាត្រា១០ មាត្រា ១១ ក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា។

យោតាមប្រភពព័ត៌មាន បានឱ្យសារព័ត៌មាន ក្រៀល ហតញូស៍ ដឹងថា នាពេលកន្លងមកសាលាដំបូងរាជធានីភ្នំពេញ តាមរយៈលិខិតលេខ ០៤៩/១៦លស.អ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ និងដោយផ្អែកតាមការណែនាំរបស់សម្ដេចព្រះមហាសង្ឃរាជាធិបតី សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា សាលារាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យបណ្ដាលវត្តអារាមនៅក្នុងរាជធានីភ្នំពេញ បញ្ឈប់ការបូជាសពក្នុងវត្ត។ ផ្ទុយទៅវិញសម្រាប់គណៈកម្មាធិការវត្តដំបូកខ្ពស់ ហាក់ដូចជាមិនអើពើ និងការជូនដំណឹងនេះទាល់តែសោះ។

ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋរស់នៅជិតវត្តដំបូកខ្ពស់ ក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រំពឹងថា បន្ទាប់ពីបានស្ដាប់នូវការអាន សាលដីការសម្រេចរបស់សាលាឧទ្ធរណ៍ ដែលអានដោយលោកក្រឡាបញ្ជី ឡាយ វរៈជាតិ នឹងដោយមានការផ្ដិតមេ ដៃទទួលដឹងឮ យល់ព្រមតាមសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ពីលោកតាអាចារ្យគណៈកម្មាធិការវត្តដំបូកខ្ពស់ ការបូជាសពក្នុងទីអារាមមួយនេះ នឹងមិនមានតទៅទៀតទេ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង