ពិតជាអយុត្តិធម៌ណាស់ បោកបញ្ឆោតយកដី ១៣ ហិកតា ស្រស់ៗហើយ ចាប់ម្ចាស់ដីដាក់គុកទៀត!
សៀមរាបៈ ប្រជាពលរដ្ឋមួយពូជរស់នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទ្រហោយំ ស្រែករកយុត្តិធម៌ ខណៈដីកសិកម្មដែលធ្លាប់អាស្រ័យ ផលជាច្រើនជំនាន់ និងមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ត្រូវបានជនខិលខូចប្រើឧបាយកលទុច្ចរិត បោកយកទៅលក់ឲ្យឈ្មួញទាំងងងើល។
ក្នុងសំលៀកបំពាក់រយីករយាក អ្នកស្រី សុចិន អាយុ ៥៣ ឆ្នាំ និងកូនៗតូច ធំ ប្រុស ស្រី បានបង្ហូរទឹកភ្នែករៀបរាប់ទាំងឈឺចាប់ប្រាប់ក្រុមអ្នកសារព័ត៌មានយើងឲ្យដឹងថាៈ ស្រែរបស់ពួកគាត់ ដែលធ្លាប់អាស្រ័យផលតាំងពីដូនតាមក ត្រូវបានជនបោកប្រាស់ឈាមខ្មៅឈ្មោះ សារ៉ម នៅភូមិឃុំខាងលើ មកសម្លុតគំរាមកំហែងថាៈ ដីស្រែចំនួន ១៣ ហិកតា នៅភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀម លក់ថ្លៃប៉ន្មាន? សម្រេចចិត្តឲ្យច្បាស់ទៅ បើលក់ក៏គេយក! មិនលក់ក៏គេយកដែរ! ហើយក៏បានបង្គាប់ពួកគាត់ឲ្យយកប្លង់ដីមកឲ្យខ្លួន (ឲ្យឈ្មោះ សារ៉ម) ដើម្បីយកទៅថតចម្លង ដោយសន្យាថានឹងយកច្បាប់ដើមមកឲ្យពួកគាត់វិញ បន្ទាប់ពីថតចម្លងរួច ហើយ ឈ្មោះ សារ៉ម ក៏បានហុយលុយមួយរយ (១០០) ដុល្លារអាមេរិក មកឲ្យពួកគាត់ ដោយបញ្ជាក់ថា លុយនេះ ជាលុយកក់ជ័យ ( លុយកក់)។ ប៉ុន្តែចាប់តាំងពីយកប្លង់ដីរបស់គាតទៅ បុគ្គលខាងលើមិនបានយកមកប្រគាល់ឲ្យពួកគាត់វិញ តាមការសន្យានោះឡើយ។
អ្នកស្រី សុចិន បានពោលទាំងទឹកភ្នែកបន្តថា ពេលនេះពួកគាត់មិនត្រឹមតែគ្មានដីបង្កបង្កើនផលនោះទេ ប្តីរបស់គាត់ឈ្មោះ ម៉ោច អំ អាយុ ៥៤ ឆ្នាំ ត្រូវបានគេចាប់ដាក់គុកទាំងអយុត្តិធម៌ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយសារការទាមទារយកដីរបស់ពួកគាត់មកវិញ។
ពួកគាត់គ្មានរំពឹងអ្វីក្រៅពីលើកដៃអង្វរសុំឲ្យសម្តេច តេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ដល់ពួកគាត់ផង ព្រោះមានតែសម្តេចទេ ទើបអាចជួយពួកគាត់បាន ពួកគាត់គ្មានសេសសល់អ្វីទៀតទេ ដីក៏គេយកអស់ ប្តីក៏ត្រូវគេចាប់ដាក់គុក ឯណាទៅយុត្តិធម៌? ? ?
គួរបញ្ជាក់ផងដែរថាៈ បច្ចុប្បន្ននេះអ្នកស្រី សុចិន និងកូនៗក្នុងបន្ទុក គ្មានផ្ទះជ្រោកកោននោះទេ ផ្ទះចាស់ដែលធ្លាប់ស្នាក់អាស្រ័យបានបាក់រលំរាបដល់ដី សុំសង់ថ្មី អាជ្ញាធរភូមិ ឃុំ មិនឲ្យសង់ ដោយបញ្ជាក់ថា លើដីអាជ្ញាធរអប្សរា!! គាត់ឆ្ងល់ថា ប្រជាពលរដ្ឋដទៃគេសង់បាន ចុះម៉េចគាត់សង់មិនបាន? ? ? ? នេះពិតជាកម្មជាន់លើកម្មមែន។
ពាក់ព័ន្ធករណីខាងលើ ក្រុមអ្នកសារព័ត៌មានយើង មិនទាន់អាចសូមការបំភ្លឺពីអាជ្ញាធម៌បាននោះទេ៕