ប្រជាពលរដ្ឋជាង៦០គ្រួសារ ដែលត្រូវក្រុមហ៊ុន យូហេហ្វា លីមីធីត បង្ខំឲ្យចាកចេញពីលំនៅដ្ឋាន និងដីចម្ការដែលបានរុករាន បង្ហូរទឹកភ្នែក លើកដីអង្វរស្នើសុំការអន្តរាគមន៍ពីសម្តេចតេជោ!
ប្រជាពលរដ្ឋប្រមាណជាង៦០គ្រួសារ រស់នៅក្នុងភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ទទួចស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយពួកគាត់ឲ្យបានរស់នៅបន្តលើដីដែលបានរុករាន កាប់ឆ្ការ អាស្រ័យផលតាំងពីឆ្នាំ២០១៨ មកម៉្លេស តែស្រាប់តែថ្មីៗនេះត្រូវបានក្រុមហ៊ុនមួយឈ្មោះថា យូហេហ្វា លីមីធីត អះអាងថាជាដីរបស់ក្រុមហ៊ុន នឹងប្រាប់ឲ្យពួកគាត់រុះរើដើរចេញជាបន្ទាន់។
តំណាងប្រជាពលរដ្ឋអ្នកស្រី ប៉ុល ចាន់ណារ៉េត បានលើកឡើងថា ពួកគាត់មករស់នៅទីនេះតាំងពីឆ្នាំ២០០៥ តាមការចង្អុលបង្ហាញរបស់លោកមេភូមិ អ៊ូ ហ៊ែល តែដោយសារតំបន់នេះមានភាពស្រពេចស្រពិលព្រំប្រទល់ខណ្ឌសីមាខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ធ្វើឲ្យពួកគាត់រស់នៅមិនបានសុខនោះទេ ពួកគាត់ក៏បានដាក់សំណើទៅស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធឲ្យជួយរកដំណោះស្រាយជូនពួគាត់ តែត្រូវបានអាជ្ញាធរពាក់ព័ន្ធ ប្រាប់ពួកគាត់ឲ្យរង់ចាំសិន គឺរង់ចាំការកំណត់ព្រំខេត្តឲ្យជាក់លាក់ នឹងបានសន្យាផ្តល់សំណងជាដី ចំនួន ប្រាំ (៥) ហិកតា ជំនួសនូវការបំផ្លិចបំផ្លាញផ្ទះសម្បែង និងផលដំណាំដែលមានពីមុន។ ការរង់ចាំ ចេះតែយូរទៅៗមិនឃើញលទ្ធផលអ្វីសោះ ហើយក៏មិនអាចបន្តរង់ចាំតទៅទៀតបាន ព្រោះតែកត្តាជីវភាព ក្នុងឆ្នាំ២០១៨ ពួកគាត់នាំគ្នាមកកាប់ឆ្ការលើដីព្រៃ ដែលតែងតែមានភ្លើងឆេះជារៀងរាល់ឆ្នាំ នឹងនៅមិនឆ្ងាយ ពីកន្លែងរស់នៅពីមុន ព្រោះយល់ថាជាដីទំនេររបស់រដ្ឋ។ ទោះជាយ៉ាងនេះក្តី អ្នកស្រីក៏បានលើកឡើងបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយើងឲ្យដឹងបន្ថែមថា កាលដែលចូលកាប់ឆ្ការ រុករានកន្លងទៅ ធ្លាប់មានមនុស្សពីរបីក្រុម ដោយក្រុមខ្លះស្លៀកពាក់ស៊ីវីល ក្រុមខ្លះទៀតស្លៀកពាក់ឯកសណ្ឋាន (ស្រដៀងប៉ូលិស ទាហាន) តែគ្មានកាតសម្គាល់ខ្លួនទេ បានមកហាមឃាត់ពួកគាត់មិនឲ្យរុនរានតទៅទៀតឡើយ ដោយ ប្រាប់ពួកគាត់ថា ដីនេះជាដីរបស់ក្រុមហ៊ុន ប៉ុន្តែមិនបានបញ្ជាក់ថាក្រុមហ៊ុនមួយណាឲ្យប្រាកដនោះទេ។ អ្នកស្រី ប៉ុល ចាន់ណារ៉េត និងប្រជាពលរដ្ឋៗផ្សេងទៀតយល់ឃើញថា ក្រុមទាំងនោះគ្រាន់តែជនបោកប្រាស់ យកលេសក្រុមហ៊ុនមកគំរាមពួកគាត់ ព្រោះចង់បានប្រយោជន៍អ្វីពីពួកគាត់តែប៉ុណ្ណោះ ពួកគាត់មិនបាន ចាប់អារម្មណ៍ និងខ្វាយខ្វល់អ្វីទាំងអស់ គិតតែពីខំកាប់គាស់ដាំដំណាំដូចជា ចេក ស្វាយ ដូង និងដំណាំវិលជុំមួយចំនួនទៀត ព្រមទាំងបានរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ពុំមានការរំខាន អស់រយៈពេលបីឆ្នាំមកហើយ។ ស្រាប់តែមួយរយៈពេលចុងក្រោយនេះមានក្រុមហ៊ុន យូហេហ្វា លីមីធីត បានប្រាប់ឲ្យពួករុះរើចេញជាបន្ទាន់ ព្រោះទីតាំងដែលពួករស់នៅនេះជាដីរបស់ក្រុមហ៊ុន បើមិនរើចេញ ក្រុមហ៊ុននឹងប្រើគ្រឿងចក្រឈួសឆាយកម្ទេចចោល អត់ទទួលខុសត្រូវអ្វីទាំងអស់។
ប្រជាពលរដ្ឋជាង៦០គ្រួសារ រស់នៅក្នុងភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ល្ងិតល្ងង់ណាស់ មិនបានដឹងថាជាដីក្រុមហ៊ុនអីទេ ឃើញទំនេររាប់ឆ្នាំហើយ ចេះតែនាំគ្នាធ្វើទៅ! ព្រោះគ្មានដីសង់ទីជម្រក និងអាស្រ័យដូចគេ ណាមួយក្រុមហ៊ុនដែលអះអាងថាជារបស់ខ្លួនក៏មិនមានលើកស្លាកបញ្ជាក់អ្វីដែរ។ ឥឡូវបើដេញពួកគាត់ចេញ តើឲ្យពួកគាត់ទៅនៅឯណា! ណាមួយជំពាក់បំណុលធនាគារទៀត តើឲ្យពួកគាត់រំពឹងអ្វីទៅ??
ក្រុមប្រជាពលរដ្ឋបានលើកដៃប្រណមសំណូមពរដល់ ឯកឧត្តម ដួង ដារា ជំនួយការណ៍ផ្ទាល់ សម្តេចតេជោ ហ៊ុន សែន មេត្តាចុះសិក្សាស្វែងយល់ នឹងពាំនាំពីទុក្ខកង្វល់របស់ពួកគាត់ជូន សម្តេចតេជោ ដែលជាព្រះរស់ ឲ្យលោកបានជ្រាបផង ព្រោះមានតែសម្តេចពុកទេ ទើបអាចជួយពួកគាត់បានរស់នៅអាស្រ័យផលបន្ត លើដី ដែលបានកាប់គាស់ ដាំដុះ អស់ជាច្រើនឆ្នាំកន្លងមកនេះ។
ក្រុមអ្នកសារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺពីភាគីក្រុមហ៊ុន យូហេហ្វា លីមីធីត បានទេជុំករណីនេះ៕