ពលករមកពីថៃម្នាក់ស្លាប់ នៅមណ្ឌលចត្តាឡីស័ក ខេត្តត្បូងឃ្មុំ

ភ្នំពេញ ៖ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យកោសល្យវិច្ច័យ គឺ សាមីសពមានជំងឺចុកបេះដូង ហើយគាំងបេះដូងភ្លាមៗ ដែលធ្វើឱ្យដួលបោកក្បាលនឹងកន្ថោរបង្គន់ នៅវេលាម៉ោងប្រហែលជា ០៩:១០នាទីព្រឹកនៃ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា នៅក្នុងមណ្ឌលចត្តាឡីស័កកម្រិត២នៃខេត្តត្បូងឃ្មុំ (វិទ្យាល័យត្បូងឃ្មុំ) វេលាម៉ោង ០៩:១០នាទីព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ២០២១ មានហេតុការណ៍ស្លាប់បាត់បង់ជីវិតបុរសម្នាក់អាយុ ៥២ឆ្នាំ មានអាស័យដ្ឋាន នៅភូមិមេលោង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ សាមីសព គឺជាពលករខ្មែរ ដែលបានធ្វើដំណើរ មកពីខេត្តឈុនបូរីនៃប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិអូស្មាច់នៃខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីបានពិនិត្យសុខភាពនៅច្រកអូស្មាច់រួចរាល់ ក៏មានការ ចាត់ចែងបញ្ជូនគាត់បន្តមកខេត្តត្បូងឃ្មុំ តាមរថយន្តដឹកជញ្ជូនរបស់យោធា មកដល់មណ្ឌលចត្តាឡី ស័កកម្រិត២ នៃខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៧:០០នាទីព្រឹក និងបានយកវត្ថុ សំណាកផ្ញើទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញនៅថ្ងៃដដែល ហើយលទ្ធផលតេស្ត លើកទី១ របស់គាត់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ គឺ អវិជ្ជមានវីរុសកូវីដ-១៩។

អ្នកនាំពាក្យក្រសួងសុខាភិបាលបន្តថា ជារៀងរាល់ព្រឹក ក្រុមគ្រូពេទ្យតែងតែពិនិត្យសុខភាពគាត់។ ដូចសព្វដងដែរ នាព្រឹកម៉ោង ប្រហែលជា ០៧:៣០នាទី នៃថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ ក៏បានពិនិត្យសុខភាពបុរសខាង លើសារជាថ្មី មិនមានសញ្ញាបង្ហាញពីភាពមិនប្រក្រតីនៃសុខភាពគាត់ឡើយ។ បន្ទាប់មក សាមីសព ក៏ បានវិលត្រឡប់ទៅបន្ទប់របស់ខ្លួន និងបានចូលទៅក្នុងបន្ទប់ទឹកដោយសារបាត់យូរពេក ក៏មានការ ស្វែងរកដោយបានគាស់ទ្វារបន្ទប់ទឹក ហើយក៏បានឃើញសាមសពដេកស្តូងស្ទឹងបាត់បង់ជីវិតទៅ ហើយនៅវេលាម៉ោង ០៩:១០នាទីព្រឹកនៃថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។

ក្រោយពីការពិនិត្យរបស់ក្រុមការងារកោសល្យវិច្ច័យ បានពិនិត្យលើខ្លួនសាកសព ឃើញមាន ស្នាមបែកក្បាលហូរឈាម ក្នុងស្ថានភាពរបៀបជាបានដួលបោកក្បាលទៅនឹងចានបង្គន់ផងដែរ។ ការ រាយការណ៍ពីភរិយាសព បានបញ្ជាក់ថា សាមីសពធ្លាប់មានជំងឺបេះដូង និងមានការព្យាបាលកន្លងមក នៅប្រទេសថៃជាយូរមកហើយដែរ។ សូមកត់សម្គាល់ថា តាំងពីថ្ងៃដែលសាមីសព បានចូលធ្វើចត្តាឡី ស័កមកដល់ថ្ងៃដែលមានហេតុការណ៍ដូលក្នុងបន្ទប់ទឹករហូតដល់បាត់បង់ជីវិតនេះ គឺមិនមានការផ្តល់ ព័ត៌មានពីសាមីសពអំពីប្រវត្តិដែលគាត់ធ្លាប់មានជំងឺបេះដូង និងបានព្យាបាលនៅប្រទេសថៃកន្លងមកនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង