មហិច្ឆតាលោភលន់នៃក្រុមជ្រុលនិយមដីធ្លី បាននឹងកំពុងបង្កើតព្យុះភ្លៀង រំខានដល់អាជ្ញាធម៌ ហើយក៏ជាការបន្ថែមទម្ងន់នៃបញ្ហាដល់រាជរដ្ឋាភិបាល!

ករណីរំលោភបំពានដីធ្លីនៅតែជាកង្វល់ និងជាអម្រែកដ៏ធ្ងន់សម្រាប់ប្រមុខរាជរដ្ឋាភិបាល ដែលជំងឺមហារីកមួយនេះបានបង្ហាញតាមគ្រប់រូបភាពដូចជា អ្នកមានលុយ មានអំណាច ក្រុមហ៊ុនវិនិយោគ រំលោភបំពានលើប្រជាពលរដ្ឋ។ តែពេលខ្លះប្រជាពលរដ្ឋក៏បានប្រើរូបភាពកើតទុក្ខមិន សុខចិត្ត លើកបដាទាមទារ ប្រមូលផ្តុំគ្នា រំលោភយកដីធ្លីដែលជាកម្មសិទ្ធិស្របច្បាប់របស់អ្នក ដទៃក៏មានដែរ តួយ៉ាងករណីប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាដើម។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ មានប្រជាពលរដ្ឋមួយក្រុមប្រដាប់ដោយកាំបិត ពូថៅ ក្នុងដៃ គម្រោងមកកាប់ឆ្ការលើដីរបស់លោក ប៉ាក់ ចាន់ផល ដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវតាមផ្លូវច្បាប់បន្តទៀត។

ក្រុមអ្នកសារព័ត៌មានចំនួនបួនអង្គភាព ដែលធ្វើការតាមដានករណីនេះ បានសួរទៅកាន់ប្រជាពលរដ្ឋទាំងនោះថា អញ្ជើញមកធ្វើអ្វី?  ពួកគាត់បានឆ្លើយយ៉ាងរហ័សឥតស្ទាក់ស្ទើរថា មកកាប់ឆ្ការព្រៃក្នុងដីរបស់ខ្លួន ប្រមាណបួនហិកតា ដែលកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៩០មកម៉្លេះ។ តែអ្វីដែលចម្លែកនោះ ដំណាំ ឬស្លាកស្នាមនៃការធ្វើកសិកម្ម ពុំមានបន្សល់ដានអ្វីបន្តិចសោះ ហើយដីដែលក្រុមប្រជាពលរដ្ឋទាំងនោះលើឡើងថាជារបស់ខ្លួន ក៏ពួកគាត់គ្មានឯកសារបញ្ជាក់ផងដែរ។

បើតាមលោក កេត សុខុម មេឃុំស្គុះ ដែលមានវត្តមាន ក្នុងពេលនោះដែរ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌យើងឲ្យដឹងថា ដីបួនហិកតាដែលប្រពលរដ្ឋអះអាងថាជាដីរបស់ខ្លួន មិនមែនជាការពិតនោះទេ ផ្ទុយទៅវិញដីនេះជាដីរបស់លោក ប៉ាក់ ចាន់ផល មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ហើយប្រជាពលរដ្ឋដែលកាប់ឆ្ការ អះអាងថាជារបស់ខ្លួន គឺជាសកម្មភាពផ្ទុយពីច្បាប់ហើយ។

ពាក់ព័ន្ធករណីនេះ កាលកន្លងទៅ លោក ប៉ាក់ ចាន់ផល ម្ចាស់ដីបានលើកឡើងថា លោកបានទិញដីឯកជនពីប្រជាពលដ្ឋជាង២០គ្រួសារ ស្មើនឹងជាង៣០ប័ណ្ណតាំងពីអំឡុងឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៣ ហើយក្នុងឆ្នាំ២០១៤ លោកទទួលបានប័ណ្ណកម្មសិទ្ធិ (ប្លង់កម្មសិទ្ធិ) ពីអាជ្ញាធរ ទៅតាមប្រភេទដីដែលបានទិញ។ ដោយមើលឃើញថាដីរបស់ខ្លួនមានព្រំជាប់គ្នា លោកបានស្នើសុំរួមបញ្ចូលក្បាលដីតូចៗទាំងនោះបញ្ចូលគ្នា ស្របតាមនីតិវិធីនៃការចុះបញ្ជីក្បាលដីជាប្រព័ន្ធក្នុងឆ្នាំ២០១៨។ លុះក្នុងឆ្នាំ២០១៩ លោក ប៉ាក់ ចាន់ផល ទទួលបានប័ណ្ណកម្មសិទ្ធិរួមពីមន្ត្រីសាមី ដែលមានទំហំសរុប ២២០,៣៨៨ ម៉ែត្រការ៉េ ជាប្រភេទដីកសិកម្ម។ ចាប់តាំងពីទិញរហូតមានការចេញប័ណ្ណកម្មសិទ្ធិមួយលើក ជាពីរលើក គឺមិនដែលមានការទាមទារ ទំនាស់អ្វីនោះទេ គឺសុខសប្បាយ សន្តិភាពរហូត ស្រាប់តែក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌបឆ្នាំ២០២០ កន្លងទៅនេះ បែរជាមានការទាមទារពីប្រជាពលរដ្ឋបីគ្រួសារ មានឈ្មោះ កង សុភ័ណ្ឌ កង នឿន អ៊ុច សារុំ (កូនរបស់លោក លាស់ គីង អតីតមេភូមដូនអាត់) ចេញមកចោទប្រកាន់ថាលោករំលោភយកដីរបស់ពួកខ្លួនទៅវិញ។  ក្រោយមកមិនយូរប៉ុន្មានស្រាប់តែលេចមុខប្រជាពលរដ្ឋជាងមួយរយគ្រួសារចេញមកតវ៉ាផងដែរ នេះប្រហែលជាមានការរៀបចំទុកមុនពីអ្នកនៅពីក្រោយខ្នងជាក់ជាមិនខាន។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា សកម្មភាពទាមទារខុសការពិត យ៉ាងអនាធិបតេយ្យនេះ ប្រាកដជាមានក្រុមចាត់តាំងក្រៅច្បាប់ណាមួយមិនខាន ព្រោះឮថាមានការអង្គាសប្រាក់ពីប្រជាពលរដ្ឋទាំងនោះក្នុងមួយគ្រួសារ បីម៉ឺន (៣០,០០០)  ឬ បួនម៉ឺន (៤០,០០០) រៀល រាល់ពេលធ្វើសកម្មភាពមួយលើកៗ ជាថ្នូរនឹងការឲ្យមកវិញ ច្រើនពាន់ដុល្លាក្នុងមួយគ្រួសារ ប្រសិនបើការទាមទារតវ៉ានោះទទួលបានជោគជ័យ។

ប្រភពដដែលបានលើកឡើងបន្ថែមថា ក្រុមអ្នកតវ៉ាទាំងនោះក៏មានអតីតសកម្មជនគណបក្សប្រឆាំង ដែលតែងតែបង្កើតព្រឹត្តិការណ៍បែបនេះជាច្រើនទីកន្លែងដូចជានៅភ្នំពេញ និងតាមបណ្តាខេត្តនាពេលកន្លងទៅផងដែរ។

បើសិនជាមានការអនុវត្តច្បាប់ តើក្រុមអ្នកតវ៉ាអនាធិបតេយ្យ កាប់ឆ្ការលើដីកម្មសិទ្ធិរបស់អ្នកដទៃ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់យ៉ាងណា? ? ?

អត្ថបទដែលជាប់ទាក់ទង