លោកត្រាំសម្រេចចុះហត្ថលេខាលើកញ្ចប់ជំនួយជូនដល់ពលរដ្ឋអាមេរិកហើយ!
ក្រោយពីបានបដិសេធក្នុងការចុះហត្ថលេខាលើសេចក្ដីព្រាងកញ្ចប់ជំនួយដល់ពលរដ្ឋអាមេរិកក្នុងដំណាក់កាលការរាតត្បាតវីរុសកូវីដ-១៩កាលពីពេលថ្មីៗកន្លងទៅ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិនៅថ្ងៃអាទិត្យទី២៨ខែធ្នូឆ្នាំ២០២០បានសម្រេចចុះហត្ថលេខាលើសេចក្ដីព្រាងដើម្បីបញ្ចេញកញ្ចប់ជំនួយនេះឡើងវិញរួចហើយ។
ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោកដូណាល់ ត្រាំ នៅថ្ងៃអាទិត្យទី២៧ខែធ្នូឆ្នាំ២០២០ បានសម្រេចចុះហត្ថលេខាជាផ្លូវការលើសេចក្ដីព្រាងស្តីពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ក្នុងដំណាក់កាលការរាតត្បាតវីរុសកូវីដ-១៩ និងការចំណាយកញ្ចប់ថវិកាដល់ពលរដ្ឋអាមេរិកសម្រាប់ការបិទផ្នែកខ្លះៗនៃប្រទេសរួចហើយ បន្ទាប់ពីរូបលោកត្រាំធ្លាប់បានបដិសេធកាលពីពេលកន្លងទៅ។ នេះបើដកស្រង់ការផ្សាយរបស់បណ្ដាញសារព័ត៌មានCNAនៅព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០២០។
គួរបញ្ជាក់ថា ការសម្រេចចុះហត្ថលេខារបស់លោកត្រាំលើកញ្ចប់ជំនួយប្រមាណ៩០០លានដុល្លារអាមេរិកនេះ បានផ្តល់អត្ថប្រយោជន៍ដល់ភាពអត់ការងារធ្វើរបស់ប្រជាជនអាមេរិករាប់លាននាក់ និងបានជួយបញ្ចៀសអាមេរិកពីការបិទផ្នែកខ្លះឬសហព័ន្ធមួយចំនួនផងដែរ។ ចំពោះមូលហេតុនៃការប្ដូរចិត្តយល់ព្រមរបស់លោកត្រាំលើការសម្រេចចុះហត្ថលេខានេះដែរគឺពុំទាន់ត្រូវបានដឹងនៅឡើយ ខណៈមុននឹងឈានដល់ការចុះហត្ថលេខានេះ លោកត្រាំបានរងនូវការរិះគន់និងសម្ពាធយ៉ាងខ្លាំងពីសមាជិកសភាទាំងពីរ។
ការសម្រេចចុះហត្ថលេខាលើកញ្ចប់ជំនួយដ៏សំខាន់ជូនដល់ពលរដ្ឋអាមេរិកនេះទៀតសោត ក៏ជាការសម្រេចចិត្តចុងក្រោយរបស់លោកត្រាំក្នុងនាមជាប្រធានាធិបតីអាមេរិក។ ជាលើកចុងក្រោយ ដោយសារតែលោកនឹងត្រូវចាកចេញពីតំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២០ បន្ទាប់ពីលោកត្រាំបានបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅ។
ដោយឡែកប្រសិនបើលោកត្រាំមិនយល់ព្រមចុះហត្ថលេខាលើសេចក្ដីព្រាងកញ្ចប់ជំនួយនេះទេ នោះការបិទផ្នែកមួយចំនួនរបស់សហរដ្ឋអាមេរិកនឹងត្រូវចាប់ផ្ដើមឡើង។ ប្រការនេះក៏នឹងរុញច្រានប្រជាជនអាមេរិកប្រមាណ១៤លាននាក់ដែលបាត់បង់ការងារចន្លោះពេលវិបត្ដិកូវីដ-១៩ លែងទទួលបានអត្ថប្រយោជន៍ពីកញ្ចប់ជំនួយដ៏សំខាន់។
ទន្ទឹមនឹងការបដិសេធលើកញ្ចប់ជំនួយជូនដល់ពលរដ្ឋអាមេរិករបស់លោកត្រាំនេះដែរ បើតាមលោកចូ បាយដិន បេក្ខជនឈ្នះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មីក៏បាននិយាយដែរថា អាមេរិកនឹងរងផលវិបាកយ៉ាងខ្លាំង ប្រសិនបើលោកត្រាំនៅតែបន្តពន្យារពេលការចុះហត្ថលេខាលើសេចក្ដីព្រាងក្នុងការបញ្ចេញកញ្ចប់ជំនួយនេះ។
សូមជម្រាបថា ក្រៅពីការបដិសេធមិនចុះហត្ថលេខាលើកញ្ចប់ជំនួយវីរុសកូវីដ-១៩ លោកត្រាំក៏បានប្រើសិទ្ធិវេតូលើកញ្ចប់ថវិកាការពារជាតិចំនួន៧៤០ពាន់លានដុល្លារ ដែលសភាបានអនុម័ត ហើយផ្ញើមកឲ្យលោកចុះហត្ថលេខាផ្តល់សុពលភាព នៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០។ ការបដិសេធនេះ ដោយសារតែលោកមិនពេញចិត្តនឹងការការពារទំនួលខុសត្រូវសម្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមិនជាប់ទាក់ទងនឹងសន្តិសុខជាតិ និងមិនចង់ប្តូរឈ្មោះមូលដ្ឋានយោធា៕