លោកចូ បាយដិន ទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ជាសាធារណៈ
បរទេសៈ ស្របពេលដែលអាមេរិកកំពុងតែឈរជាប្រទេសមានអ្នកស្លាប់និងឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេបង្អស់ទូទាំងពិភពលោក លោកចូ បាយដិន បេក្ខជនឈ្នះឆ្នោតប្រធានា ធិបតីមកពីគណបក្សប្រជាធិបតេយ្យនៅថ្ងៃចន្ទទី២១ខែធ្នូឆ្នាំ២០២០ បានសម្រេចចិត្តទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសនេះជាសាធារណៈលើកញ្ចក់ទូរទស្សន៍។ ការចាក់វ៉ាក់សាំងរបស់លោកបាយដិន គោលបំណងជាការបង្ហាញពីទំនុកចិត្តលើវ៉ាក់សាំងដ៏ថ្មី និងបំបាត់ការភ័យខ្លាចរបស់ពលរដ្ឋអាមេរិក។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកមកពីគណបក្សប្រជាធិបតេយ្យលោកចូ បាយដិន បានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាឬកូវីដ-១៩ ដែលបានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ជាសាធារណៈនៅថ្ងៃចន្ទទី២១ខែធ្នូឆ្នាំ២០២០ផងដែរ ដើម្បីបង្កើនទំនុកចិត្តលើសុវត្ថិភាពរបស់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនអាមេរិកជូនដល់ពលរដ្ឋអាមេរិក។
លោកបាយដិននិយាយថា លោកនឹងធ្វើការប្រយុទ្ធប្រឆាំងជាមួយមេរោគរាតត្បាតកូវីដ-១៩ ដែលបានសម្លាប់និងចម្លងដល់ប្រជាជនអាមេរិកយ៉ាងខ្លាំងរហូតរុញអាមេរិកឲ្យឈរជាប្រទេសរងគ្រោះខ្លាំងជាងគេបង្អស់ទូទាំងពិភពលោក នៅក្រោយពេលដែលលោកចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១។ យ៉ាងណា លោកបាយដិនបេក្ខជនឈ្នះឆ្នោតប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យវ័យ ៧៨ឆ្នាំ រូបនេះ កំពុងស្ថិតក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់ពីវីរុសកូវីដ-១៩នេះ។
ការទទួលការចាក់វ៉ាក់សាំងបង្ហាញជាសាធារណៈរបស់បេក្ខជនកំពូលបំផុតរបស់គណបក្សប្រជាធិបតេយ្យរូបនេះ ជាយុទ្ធសាស្រ្តក្នុងការបញ្ចុះបញ្ចូលប្រជាជនអាមេរិកដែលបារម្ភពីការសុវត្ថិភាពរបស់វ៉ាក់សាំងប្រឆាំងវីរុសផ្លូវដង្ហើមកូវីដ-១៩។ ជាក់ស្ដែងតាមរយៈខ្សែវីដេអូបង្ហាញលើកញ្ចក់ទូរទស្សន៍បង្ហាញថា លោកបាយដិនត្រូវលត់ដៃអាវពណ៌ខ្មៅរបស់លោកឲ្យលោកស្រី Tabe Mase ប្រធានសេវាបុគ្គលិកសុខភាពនៅមន្ទីរពេទ្យ Christianaក្នុងទីក្រុងNewark រដ្ឋDelaware ប្រើម្ជុលចាក់វ៉ាក់សាំងការពារឲ្យលោកនៅចំពោះមុខអ្នកសារព័ត៌មាន។ ក្រោយការចាក់វ៉ាក់សាំងប្រឆាំងវីរុសសកលនេះរួចនៅចំពោះមុខមហាជនលោកបាយដិនបានសរសើរក្រុមហ៊ុនផលិតវ៉ាក់សាំងPfizerថាជាវីរៈបុរស។
ក្រៅពីលោកបាយដិនក៏នៅអនុប្រធានាធិបតីជាប់ឆ្នោត គឺលោកស្រីKamala Harris ទំនងជានឹងត្រូវចាក់វ៉ាក់សាំងនៅសប្តាហ៍ក្រោយ។ ដោយឡែកសម្រាប់ប្រធានាធិបតីជិតផុតអាណត្តិលោកដូណាល់ ត្រាំ និងជាអ្នកដែលបានចំណាយពេល៣ថ្ងៃនៅក្នុងមន្ទីរពេទ្យដោយសារបានឆ្លងវីរុសកូវីដ-១៩កាលពីខែតុលា ពុំបាននិយាយថាលោកមានបំណងនឹងចាក់វ៉ាក់សាំងនេះទេ។ ជាក់ស្ដែងលោកត្រាំបានសរសេរនៅបណ្ដាញសង្គមTwitterកាលពីថ្ងៃទី១៣ធ្នូថា លោកមិនមានគម្រោងនឹងចាក់វ៉ាក់សាំងនេះទេ ប៉ុន្តែលោករងចាំពេលវេលាសមស្របសិន។
សូមជម្រាបថា កាលពីពេលថ្មីៗនេះអាមេរិកបានសម្រេចអនុម័តទទួលស្គាល់និងប្រើប្រាស់នូវវ៉ាក់សាំងចំនួន២ប្រភេទ ដែលអ្នកជំនាញវេជ្ជសាស្រ្តអាមេរិកបានអះអាងពីសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វា។ វ៉ាក់សាំងទាំងពីប្រភេទនេះរួមមាន វ៉ាក់សាំងផលិតដោយក្រុមហ៊ុនPfizer-BioNTech និងវ៉ាក់សាំងរបស់ក្រុមហ៊ុនModerna។ គិតមកទល់ពេលនេះដែរ មានពលរដ្ឋអាមេរិកប្រមាណ៥០ម៉ឺននាក់ហើយ ដែលបានទទួលបានការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ពីក្រុមហ៊ុនPfizer-BioNTech ខណៈវ៉ាក់សាំងប្រមាណ៣លានដូសផ្សេងទៀតបានរៀបចំវេបខ្ចប់ ដើម្បីបញ្ចូនដល់កន្លែងផ្សេងៗទៀតទូទាំងសហរដ្ឋអាមេរិក។ ជាមួយគ្នានៅថ្ងៃអាទិត្យទី២០ធ្នូកន្លងទៅ វ៉ាក់សាំងទី២ គឺវ៉ាក់សាំងក្រុមហ៊ុនMorderna ទើបត្រូវបានរដ្ឋបាលស្បៀងអាហារនិងឱសថអាមេរិកទទួលស្គាល់ និងត្រូវបញ្ជាទិញភ្លាមៗប្រមាណ ៦លានដូស ដើម្បីបញ្ចេញចាក់ជូនពលរដ្ឋអាមេរិកផងដែរ។
យ៉ាងណា គិតត្រឹមថ្ងៃទី២២ខែធ្នូឆ្នាំ២០២០នេះ សហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ជាង៣២ម៉ឺននាក់ ឆ្លងជាង១៨,៤លាននាក់ និងអ្នកជាសះស្បើយឡើងវិញមានជាង១០,៨លាននាក់។ ចំណែកឯអ្នកស្លាប់នៅទូទាំងពិភពលោកវិញមានជាង១,៧លាននាក់ ឆ្លងជាង៧៧,៧លាននាក់ រីឯអ្នកជំងឺត្រូវព្យាបាលជាសះស្បើយឡើងវិញជាង៥៤,៥លាននាក់៕