អង់គ្លេសប្រកាសបិទប្រទេសលើកទី៤ខណៈស្ថានភាពកូវីដ-១៩គ្រប់គ្រងលែងបាន
ឆ្លើយតបចំពោះការរាតត្បាតវីរុសកូវីដ-១៩កំពុងតែមានសន្ទុះខ្លាំង ប្រទេសអង់គ្លេសនៅថ្ងៃអាទិត្យទី២០ខែធ្នូឆ្នាំ២០២០ បានចេញវិធានការយ៉ាងបន្ទាន់ក្នុងការបិទប្រទេសរបស់ខ្លួន ដោយសារការចម្លងនៃវីរុសសកលនេះឈានដល់កម្រិតប្រកាសអាសន្ននិងមិនអាចគ្រប់គ្រងបាន។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោកMatt Hancock បាននិយាយនៅថ្ងៃអាទិត្យទី២០ខែធ្នូឆ្នាំ២០២០ថា រដ្ឋាភិបាលអង់គ្លេសបានសម្រេចបិទប្រទេសទាំងស្រុងនាឱកាសបុណ្យណូអែលខាងមុខនេះ។ ការដាក់ប្រទេសក្នុងគ្រាអាសន្ន នឹងធ្វើឡើងយ៉ាងតឹងរ៉ឹងនៅតំបន់សំខាន់ៗរួមមាន ទីក្រុងឡុងដ៍ និងភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសជាដើម ដោយសារតែស្ថានភាពនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ឈានដល់កម្រិតមិនអាចគ្រប់គ្រងបាន។
លោករដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសក៏បានឲ្យដឹងថា ការបើកប្រទេសឡើងវិញលុះត្រាណាតែការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩បានបញ្ចប់ទាំងស្រុង។ លោកHancockបានប្រាប់ទូរទស្សន៍Sky News ថា យើងបានធ្វើសកម្មភាពយ៉ាងឆាប់រហ័សនិងម៉ឺងម៉ាត់បំផុត ដោយបញ្ជាឲ្យពលរដ្ឋនៅផ្ទះ និងការបិទហាងនានាដែលមិនចាំបាច់។ លោកបន្តថា ទោះបីជាស្ថានភាពនៅពេលនេះគឺមិនអាចគ្រប់គ្រងបាន តែយើងត្រូវតែបន្តគ្រប់គ្រងវា។
ជុំវិញការបិទប្រទេសនេះដែរ បើតាមនាយករដ្ឋមន្រ្តីអង់គ្លេសលោកBoris Johnson បានប្រកាសកាលពីថ្ងៃសៅរ៍ទី១៩ធ្នូថា មនុស្សរាប់លាននាក់ត្រូវតែលុបចោលផែនការដើរកម្សាន្តនាឱកាសបុណ្យណូអែលហើយ និងត្រូវស្នាក់នៅតែក្នុងផ្ទះព្រោះរលកចម្លងនៃវីរុសកូវីដ-១៩ថ្មីកំពុងតែរីករាលដាលយ៉ាងខ្លាំង។
យ៉ាងណា បើរាប់ទាំងការបិទប្រទេសជាថ្មីនេះ គឺអង់គ្លេសបានអនុវត្តការបិទប្រទេសជាលើកទី៤ហើយ ខណៈលើកទី៤នេះនឹងមនុស្សប្រមាណ ១៦,៤លាននាក់បានត្រូវស្ថិតក្រោមវិធានការដ៏តឹងរ៉ឹងបំផុតចាប់ពីថ្ងៃអាទិត្យទី២០ធ្នូតទៅ ពោលមានមនុស្សប្រមាណ ៣១ភាគរយនៃប្រជាជនអង់គ្លេសសរុបត្រូវតម្រូវឲ្យនៅតែក្នុងផ្ទះនាឱកាសបុណ្យណូអែល។ ដោយឡែក ប្រសិនបើមានពលរដ្ឋណាមិនគោរពតាមវិធានការ នោះនឹងត្រូវទទួលចំណាត់ការពីប៉ូលិស។
គួររម្លឹកថា អង់គ្លេសកាលពីថ្ងៃអង្គារទី៨ខែធ្នូឆ្នាំ២០២០ បានចាប់ផ្តើមជាផ្លូវការនូវកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ ការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩លើកដំបូង ត្រូវបានផ្តល់អទិភាពសម្រាប់មនុស្សចាស់ងាយរងគ្រោះអាយុ៨០ឆ្នាំឡើងទៅ អ្នកធ្វើការងារតាមផ្ទះ បុគ្គលិកថែទាំសុខភាពជួរមុខនិងអ្នកធ្វើការងារបម្រើសង្គម ដែលមានហានិភ័យនៅក្នុងការឆ្លង។ មិនតែប៉ុណ្ណោះ អង់គ្លេសបានក្លាយជាប្រទេសដំបូងបង្អស់ក្នុងពិភពលោក ដែលអនុម័តឲ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer-BioNTech ដើម្បីកម្ចាត់មេរោគរាតត្បាតសាកលកូវីដ-១៩ ដែលបានសម្លាប់មនុស្សជាង៦១,០០០នាក់ ក្នុងចំណោមអ្នកឆ្លងជាង៦លាន៧សែននាក់នៅអង់គ្លេស។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ខែធ្នូឆ្នាំ២០២០នេះ អង់គ្លេសមានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ជាង ៦៧,០០០នាក់ អ្នកឆ្លងជាង២លាននាក់។ ដោយឡេកសម្រាប់តួលេខអ្នកស្លាប់ដោយសារវីរុសសកលកូវីដ-១៩នេះទូទាំងពិភពលោកវិញបានកើនដល់ជាង ១,៦លាននាក់ ឆ្លងជាង ៧៧លាននាក់ និងជាសះស្បើយឡើងវិញជាង ៥៤លាននាក់៕