សាលាដំបូងភ្នំពេញបញ្ជូនសំណុំរឿង ឧត្តមសេនីយ៍ផ្កាយ ២ក្លែងក្លាយ ឈ្មោះ សេង សុភ័ក្ដ្រ ទៅជំនុំជំម្រះ

(ភ្នំពេញ)៖ ចៅក្រមជំនុំជំម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងបញ្ជូនសំណុំរឿង លើជនជាប់ចោទឈ្មោះ ឆាយ សុភ័ក្រ ហៅ សេង សុភ័ក្ដ្រ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ករណីគំរាមកំហែងថានឹងសម្លាប់ គំរាមកំហែងហែកកេរ្តិ៍ ,ឆបោក និងកាន់កាបប្រើប្រាស់អាវុធខុសច្បាប់ ឆបោកប្រាក់ និងក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ មានឋានៈតួនាទីជាឧត្តមសេនីយ៍ទោ (ផ្កាយ២) នឹងបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីព្រឹក ។ នេះបើយោងតាមលិខិតអញ្ចើញចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ របស់សាលាដំបូងរាជនីភ្នំពេញ ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទខាងលើ ពាក់ព័ន្ធករណី គំរាមសម្លាប់ ក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ មានឋានៈតួនាទីជាឧត្តមសេនីយ៍ទោ (ផ្កាយ២) កាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ និងបានប្រើប្រាស់តួនាទីជា ឧត្តមសេនីយ៍ទោ (ផ្កាយ២) ទៅបញ្ចុះបញ្ចូល ជនរងគ្រោះឲ្យបង់លុយក្នុងម្នាក់ៗ ជាង ១ម៉ឺនដុល្លារ ដើម្បីឲ្យជនជាប់ចោទរត់ការចូលធ្វើនគរបាលនៅក្រសួងមហាផ្ទៃ។

ក្នុងសំណុំរឿងនេះ ជនរងគ្រោះ និងសាធារណៈជន សង្ឃឹមយ៉ាងមុតមំាថា តុលាការនឹងអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់តឹងរឹងដើម្បីធានាឲ្យបាននូវភាពយុត្តិធម៍ ជៀសវាងជនជាប់ចោទត្រូវបានរួចខ្លួនដោយសារការសូកប៉ាន់ ឬដោយអន្តរាគមន៍ដោយប្រការណាមួយជាចំពោះការអនុវត្តច្បាប់របស់តុលា ដែលបង្ករឲ្យមានព្យសនកម្មដល់សង្គម និងការធ្លាក់ចុះប្រព័ន្ធយុត្តិធម៌ ពលរដ្ឋលែងទុកចិត្តលើវិស័យុត្តិធម៌ ដែលផ្ទុយពីគោលនយោបាយចតុកោនរបស់រាជរដ្ឋាភិបាល សង្ឃឹមតុលាការនឹងអនុវត្ត ច្បាប់ផ្តន្ទាទោសជនជាប់ចោទខាងលើតាមច្បាប់កំណត់៕

អត្ថបទដែលជាប់ទាក់ទង