ពំនូកថ្មទាំងនេះយកមកសម្រាប់ធ្វើផ្លូវ តែបើឥឡូវអាជ្ញាធរស្រុកប្រាកដថាធ្វើហើយ សូមឈួសឆាយធ្វើចុះ មិនបាច់យកចេញទេ
ព្រៃវែងៈ រដ្ឋបាលសាលាស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦ ត្រូវនិង ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង០០១/២០២០ ស្តីពីការសាងសង់ផ្លូវបេតុង របស់រដ្ឋបាលស្រុកឆ្នាំ២០២០ ជម្រាបមកម្ចាស់កសាងបូជនីដ្ឋានឈើកាច់បាភ្នំ ព្រះនគរភ្នំជុំចក្រវាឡ លោក យាយ លីវ អេឡែន ឲ្យយកថ្មដែលបានចាក់លើផ្លូវដែលត្រូវសាងសង់ ចេញក្នុងរយៈពេលពីរថ្ងៃ ដោយគិត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។ ក្នុងករណីមិនគោរពតាមការជម្រាបជូននេះទេ រដ្ឋបាល ស្រុក នឹងចុះអនុវត្តដោយធ្វើការឈួសឆាយថ្មពង្រាបធ្វើផ្លូវតែម្តង។
ជាការឆ្លើយតបនិងសេចក្តីជូនដំណឹងខាងលើ ម្ចាស់កសាងបូជនីយដ្ឋានឈើកាច់បាភ្នំ ព្រះនគរភ្នំជុំចក្រវាឡ លោកយាយ លីវ អេឡែន បានធ្វើការបញ្ជាក់យ៉ាងដូច្នេះថាៈ នាងខ្ញុំបានទទួលលិខិត របស់សាលាស្រុកបាភ្នំ ដែលបានជម្រាបជូនមកនាងខ្ញុំរួចហើយ នាងខ្ញុំមានការសប្បាយចិត្តឥតឧបមាដែលបានទទួលដំណឹង នឹង បានឃើញសម្ភារៈរបស់អាជ្ញាធរស្រុក មកជួយចូលរួមសាងសង់ផ្លូវបេតុង នៅជើងភ្នំឈើកាច់នេះបង្ហើយ។ នាងខ្ញុំសូមជម្រាបជូនថា ថ្មដែលអាជ្ញាធរស្រុកឲ្យនាងខ្ញុំយកចេញក្នុងរយៈពេលពីរថ្ងៃនេះ នាងខ្ញុំមិនយក ចេញទេ ព្រោះថ្មទាំងនេះ នាងខ្ញុំទិញមកសម្រាប់សាងសង់ផ្លូវបេតុងនោះឯង។ អាស្រ័យដូចបានជម្រាបជូន ខាងលើនេះ សូមអាជ្ញាធរស្រុកយកថ្មទាំងនោះ សាងសង់ផ្លូវបេតុនេះបង្ហើយចុះ។
គួររំលឹកផងដែរថាៈ លោកយាយ លីវ អេឡែន និងលោកតា ស សូរីផា ម្ចាស់កសាងបូជនីដ្ឋានឈើកាច់បាភ្នំ ព្រះនគរភ្នំជុំចក្រវាឡ ដែលមានទីតាំងលើភ្នំតូច ស្ថិតនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បានចំណាយពេលវេលាពាក់កណ្តាលជីវិតរបស់ខ្លួន រួមទាំងកំលាំងកាយចិត្ត និងធនធានផ្ទាល់ កសាង សមិទ្ធផលជាច្រើនរួមមាន ជណ្តើរឡើងទៅកាន់បូជនីយដ្ឋាន ប្រាង្គប្រាសាទប្រកបដោយក្បូរក្បាច់រចនា ដ៏ល្អវិចិត្រ និងសមិទ្ធផលជាច្រើនទៀត ដោយក្នុងនោះក៏មានផ្លូវថ្នល់នៅខាងមុខភ្នំផងដែរ។
ប្រភពជាប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យសារព័ត៌មាន ក្រៀល ហតញូស៍ (KRIEL HOT NEWS) ដឹងថាៈ ដើមឡើយផ្លូវនេះគឺជាជ្រោះជ្រៅ ដោយកន្លែងខ្លះមានជម្រៅមួយចុងឬស្សី គ្រាន់តែដើរក៏ស៊ឹងមិនកើតផង។ តែដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ លោកយាយ លីវ អេឡែន និង លោកតា ស សូរីផា បានទិញខ្សាច់យកមកចាក់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ តែដោយ សារឥទ្ធិពលទឹកភ្លៀងធ្លាក់ពីលើភ្នំ ខ្សាច់ដែលបានចាក់នោះក៏ហូរច្រោះអស់! គាត់ក៏បានទិញថ្មភ្នំធំៗមក ចាក់ជំនួសវិញ ចាប់ពីព្រំប្រទល់ភ្នំធំរហូតដល់ខ្លោងទ្វារវត្តវិហាគុក។ ដោយឡែកម្ចាស់កសាងបូជនីដ្ឋាន ឈើកាច់បាភ្នំព្រះនគរភ្នំជុំចក្រវាឡ បានឲ្យយើងដឹងផងដែរថាៈ ផ្លូវនេះលោកមានគម្រោងចាក់បេតុង ដោយ បានទិញថ្មសម្រាប់សាងសង់ចាក់ទុកលើផ្លូវរួចរាល់ហើយ ហើយក៏បានស្នើរសុំច្បាប់អនុញ្ញាតសាងសង់ពី អាជ្ញាធរខេត្តតាំងពីឆ្នាំ២០១៥មកម៉្លេះ ពួកគាត់រង់ចាំអស់រយៈពេលជាច្រើនឆ្នាំ តែមិនទទួលបានលិខិត អនុញ្ញាតឲ្យសាងសង់នោះទេ។ ចុងក្រោយទើបពួកគាត់ទទួលដំណឹងថា មន្ត្រីដែលកាន់ឯកសារទាក់ទងនឹង ការសាងសង់នេះបានទទួលមរណភាព ហើយឯកសារនោះក៏មិនដឹងថានៅទីណានោះដែរ។ ស្រាប់តែនៅ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរស្រុកបានជូនដំណឹង ស្តីពីការសាង់សង់ផ្លូវបេតុងរបស់រដ្ឋបាលស្រុក មក ពួកគាត់សប្បាយចិត្តឥតឧបមា មិនជំទាស់ក្នុងការសាងសង់ផ្លូវបង្ហើយរបស់អាជ្ញាធរស្រុកនោះឡើយ។ ដោយឡែកលោក ទេព ភារុន អភិបាល នៃគណអភិបាលស្រុកបាភ្នំ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឲ្យអ្នកសារព័ត៌មានយើងដឹងតាមទូរស័ព្ទថា លោកអរគុណខ្លាំងណាស់ចំពោះ លោកយាយ លោកតា (លោកយាយ លីវ អេឡែន លោកតា ស សូរីផា ម្ចាស់កសាងបូជនីដ្ឋានឈើកាច់បាភ្នំព្រះនគរភ្នំជុំចក្រវាឡ) ដែលបានអនុញ្ញាតឲ្យអាជ្ញាធរស្រុក ឈួសឆាយពង្រាបថ្មធ្វើផ្លូវ ផ្តាំអរគុណលោកតា លោកយាយផង!
ក្រោមដំបូលសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា លោកយាយ លីវ អេឡែន លោកតា ស សូរីផា បានធ្វើការបញ្ជាក់ពីគោលបំណងសំខាន់ៗ ក្នុងការកសាងបូជនីដ្ឋានឈើកាច់បាភ្នំព្រះនគរភ្នំជុំចក្រវាឡ គឺៈ ដើម្បីរំលឹកដល់ទឹកដីប្រវត្តិសាស្ត្ររបស់ខ្មែរ ឧទ្ធិសដល់ព្រះសាសនា លើកស្ទួយវិស័យទេសចរណ៍ និងដើម្បី ទុកជាសម្បត្តិរបស់ជាតិ ដោយគ្មានបំណងយកធ្វើជារបស់ខ្លួនឡើយ។ កសាងរួចរាល់ពេលណា នឹងធ្វើ បុណ្យឆ្លងប្រគាល់ជូនជាតិក្នុងពេលនោះ! អរគុណសន្តិភាព ដែលផ្តល់ឳកាសឲ្យយើងខ្ញុំចូលរួមអភិវឌ្ឍសង្គម ជាតិ៕