ករណីសាងសង់សំណង់រំលោភចូលដីបឹងក្រុងថាហួសដែនសមត្ថកិច្ច ព្រោះបានរាយការណ៍ តែខេត្តថាអត់ដឹងទេ!!

ខេត្តតាកែវៈ សំណង់រឹងសង់រំលោភចូលដីបឹងរដ្ឋជាច្រើនម៉ែត្រ បានស្ថាបនារួចរាល់ជាស្ថាពរ ដោយមិនខ្វល់ពីការហាមឃាត់របស់អាជ្ញាធរនាពេលកន្លងមកនោះឡើយ។ ករណីនេះបានធ្វើឲ្យប្រជាពលរដ្ឋក្នុងក្រុងដូនកែវ មានមន្ទិលទៅលើភាពមិនប្រក្រតីនៃអាជ្ញាធរក្រុង និងខេត្តថាមានអ្វីលាក់លៀមនៅពីក្រោយនៃរឿងនេះច្បាស់ណាស់ ព្រោះថាទីតាំងសាងសង់នៅគៀកភ្នែក គៀកត្រចៀកសោះ រឿងអីមិនដឹងគេសាងសង់បន្តរហូតរួចរាល់មួយរយភាគរយដូច្នេះទៅកើត? ម្យ៉ាងវិញទៀតទាំងដែលមន្ត្រីជំនាញនិងអាជ្ញាធរខ្លួនឯងអះអាងថា ជាសំណង់គ្មានច្បាប់អនុញ្ញាតិទៀតផង។

ជុំវិញករណីសំណង់សង់ចូលបឹងរដ្ឋនេះ លោក នួន សុធា ប្រធានមន្ទីរសូរិយោដីនិងសំណង់ខេត្តតាកែវបានឲ្យដឹងកាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ថា សំណង់នេះមន្ទីរជំនាញលោកមិនបានអនុញ្ញាតច្បាប់សាងសង់ទេ ហើយអាជ្ញាធរខេត្តក៏បានដាក់ឱសានវាទដល់ម្ចាស់សំណង់ឲ្យរុះរើហើយដែរ។ ដូច្នេះរឿងសាងសង់ទាំងបំពាននេះ លោកក៏មិនដឹងដែរ។ ដោយឡែកលោក ប៉ាន ភារៈ អភិបាលរងក្រុងដូនកែវបានឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថា ទីតាំងសំណង់ដែលសង់ចូលដីចំណីបឹងនេះ ខាងអាជ្ញាធរក្រុងធ្លាប់បានចុះទៅហាមឃាត់នាពេលកន្លងមកដែរ និងបានរាយការណ៍ទៅថ្នាក់ខេត្តរួចរាល់ហើយ។ តែបើម្ចាស់សំណង់នៅតែបំពានសាងសង់នោះ ទុកឲ្យខាងខេត្តលោកដោះស្រាយទៅ ព្រោះរឿងនេះហួសពីដែនសមត្ថកិច្ចក្រុងហើយ។ ផ្ទុយពីការអះអាងរបស់មន្ត្រីក្រុង លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា លោកអត់បានដឹងថាគេបន្តសាងសង់រួចរាល់នោះទេ ព្រោះខាងក្រុងអត់បានរាយការណ៍មកលោក។ លោកអភិបាលរងខេត្តបញ្ជាក់ថា លោកនិងសុំគោលការណ៍ទៅលោក អ៊ូច ភា អភិបាលខេត្តតាកែវ ដើម្បីមានវិធានការណ៍ ព្រោះករណីសំណង់រំលោភចូលដីបឹងនេះ ខេត្តបានបង្កើតគណៈកម្មការចម្រុះដើម្បីដោះស្រាយហើយ។

សូមបញ្ជាក់ថា សំណង់រឹងមាំមួយត្រូវបានសាងសង់រំលោភយកដីបឹងរដ្ឋ មកក្រោយរាប់សិបម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នានិយាយថា អាជ្ញាធរមិនអើពើ ដោយទុកឲ្យម្ចាស់ផ្ទះបន្តសកម្មភាពសាងសង់រហូតរួចរាល់បែបនេះ ប្រហែលមានភ្លើងខៀវពីអាជ្ញាធរខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង