ពលរដ្ឋស្នើសុំលោកអធិការខណ្ឌដង្កោមេត្តាចុះបង្រ្កាបទីតាំងបញ្ជល់មាន់ ភូមិក្រាំងដោក សង្កាត់ពងទឹកផងទាន!!

ភ្នំពេញៈ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ឲ្យសារព័ត៌មាន ក្រៀល ហតញូស៍ ដឹងថា មានទីតាំងល្បែងបញ្ជល់មាន់ និងល្បែងអាប៉ោងកំពុងបើកដំណើរការជារៀងរាល់ថ្ងៃស្ថិតក្នុងភូមិក្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ គ្មានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបឡើយ។ ខណៈដែលប្រជាពលរដ្ឋអះអាងថាមានបុរសម្នាក់បោះសម្តីថាគ្មានអ្នកណាហ៊ានក្អកនិងហ៊ានចុះបង្ក្រាបនោះទេ ។

ប្រភពពី ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងល្បែងបញ្ជល់មាន់និងអាប៉ោងបានបង្ហេីបឲ្យដឹងទៀតថា ជាយូរឆ្នាំមកហើយក្នុងភូមិសង្កាត់របស់គាត់រស់នៅសុខសាន្តណាស់ មិនដែលមានការលេងល្បែងស៊ីសងនោះទេ ទើបតែប្រហែលជាង១ខែកន្លងមកនេះ មានអ្នកចំណូលថ្មីមករស់នៅ ស្រាប់តែមានការប្រមូលផ្តុំគ្នាលេងល្បែងបញ្ជល់មាន់និងអាប៉ោង ហើយប៉ុន្មានថ្ងៃនេះក៏បានបើកលេងបៀបន្ថែមទៀតដោយសុខស្រួល គ្មានអ្នកណាមករំខាន់។

ប្រភពបន្ថែមថា ការលេងគឺជារៀងរាល់ថ្ងៃមិនមានខាននោះទេ ពិសេសគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ កាន់តែអ៊ូអរនិងហ៊ោកញ្ជ្រៀវពេញភូមិតែម្តង ។

ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះថាភូមិសង្កាត់ដែលមានសុវត្ថិភាពជាយូរឆ្នាំមកហើយ បែរជាមានល្បែងស៊ីសងយ៉ាងដូច្នេះទៅវិញ ដែលជាប្រភពនៃបទល្មើសអំពើចោរលួចឆក់ប្លន់និងអាចនាំមកនូវអំពើហិង្សាក្នុងគ្រួសារ គឺវាបានកើតចេញពីប្រភពបនល្បែងសុីសងនោះឯង ដោយសារតែលេងល្បែងចាញ់ ជួនពេលមានប្រពន្ធតាមទាន់បានវាយបោចសក់នៅវង់ល្បែងនោះក៏មាន។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខណ្ឌ ដង្កោនិង លោក ជឹម សុីថា អធិការខណ្ឌដង្កោ សូមមេត្តាមានវិធានការនៅទីតាំងខាងលើនេះផង ដើម្បីភាពសុខសាន្តក្នុងភូមិសង្កាត់របស់គាត់ខណៈមានបុរសម្នាក់បានចេញមុខអះអាងក្តែងៗថាគ្មានអ្នកណាហ៊ានមកចុះបង្រា្កបនោះ៕

អត្ថបទដែលជាប់ទាក់ទង