ផលិតកម្ម HSR entertainment ធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីបេសកកម្ម១២ថ្ងៃរបស់ខ្លួន

វិញ្ញាណអាថ៌កំបាំង ជាខ្សែភាពយន្តបែបមនោសញ្ចេតនា ស្នេហា ច្រណែនឈ្នានីស កំហឹងចងអាឃាត កំប្លែងគ្រប់រស់ជាតិ ថែមទាំងនឹងផ្តិតយកទេសភាពព្រៃភ្នំដ៏ស្រស់បំព្រង ប្រាសាទសិលាប្រកបដោយក្បូរ ក្បាច់រចនាដ៏ ល្អវិចិត្ររបស់បុព្វបុរសខ្មែរបានបន្សល់ទុក។ នេះបើតាមការឲ្យដឹងពីផលិតករ និងជាអ្នកដឹកនាំសម្តែង លោក ហង្ស សុវណ្ណដារ៉ា ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងក្នុងកម្មវិធីសន្និសីទសារព័ត៌មាន កាលពី ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ នៅហាង ធីធីភី ហ្វាសហ្វូដ ផ្លូវព្រះនរោត្តម រាជធានីភ្នំពេញ។

លោក ហង្ស សុវណ្ណដារ៉ា បានលើកបញ្ជាក់ផងដែរ រឿង វិញ្ញាណអាថ៌កំបាំង នឹងចាប់ផ្តើមថតចាប់ពីថ្ងៃទី០៨ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដោយគ្រោងចំណាចថវិកាប្រមាណជាង ៣០.០០០ (បីម៉ឺន) ដុល្លាសហរដ្ឋអាមេរិក។ លោក ហង្ស សុវណ្ណដារ៉ា បានសង្កត់ធ្ងន់ថា លោក និងក្រុមការងារ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីកំលាំងកាយចិត្ត ធ្វើយ៉ាងណាឲ្យខ្សែរឿងមួយនេះ ទទួលបានការចាប់អារម្មណ៍ គាំទ្រពីសំណាក់ទូរទស្សនិកជន។ អ្វីដែលសំខាន់ទៅទៀតនោះ តាមរយៈរឿង វិញ្ញាណអាថ៌កំបាំង នឹងបង្ហាញឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មានការចាប់អារម្មណ៍ខ្លាំងបន្ថែមទៀតនូវទេសភាពព្រៃភ្នំ ជ្រោះ ជ្រង ជ្រលងដងអូរ ប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ។

គួរបញ្ជាក់ផងដែរថា រឿង វិញ្ញាណអាថ៌កំបាំង ជាខ្សែភាពយន្តដំបូងរបស់ផលិកម្ម HSR entertainment ដែល នឹងចាប់ផ្តើមថតនៅថ្ងៃទី០៨ កក្កដា ឆ្នាំ២០២០ ខាងមុខនេះ មិនតែប៉ុណ្ណោះផលិតកម្មមួយនេះក៏គ្រោងផលិត ខ្សែភាពភាពយន្តជាបន្តបន្ទាប់ទៀតផងដែរ៕