ក្រុមហ៊ុនខេមបូវីហ្សិន ភីភីវី ខូអិល ធីឌី មិនគោរការសម្រេចរបស់អាជ្ញាធរ ហ៊ានឈួសឆាយដីតំបន់សទាំង បំពាន!!
ក្រុមហ៊ុនខេមបូវីហ្សិន ភីភីវី ខូអិល ធីឌី ដែលមើលការខុសត្រូវដោយជនជាតិស្កុតឡេន សញ្ជាតិអាមេរិកកាំង បានមើលស្រាលអាជ្ញាធរ និងច្បាប់ស្រុកខ្មែរជាខ្លាំង ដោយមិនព្រមអើពើគោរពតាមការសម្រេចរបស់ អាជ្ញាធរនោះឡើយ ដោយនៅតែបំពានធ្វើការឈួសឆាយដីតំបន់សទាំងងងើល ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ជាច្រើនគ្រួសារដែលរស់នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អត់ទ្រាំមិនបានក៏លើកគ្នា មកតវ៉ាដើម្បីឲ្យអាជ្ញាធរជួយរកដំណោះស្រាយសារជាថ្មីកាលពីថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនខេមបូវីហ្សិន ភីភីវី ខូ អិលធីឌី ទទួលបានការអនុញ្ញាតសប្បទានដីដើម្បីអភិវឌ្ឍ ក្នុងទំហំសរុបៈ ២២២ ៤៦៨៧ ម៉ែត្រការ៉េ ស្ថិតនៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប៉ុន្តែ បន្ទាប់ពីទទួលបានការអនុញ្ញតមក គេមិនឃើញមានក្រុមហ៊ុនមួយនេះធ្វើការអភិវឌ្ឍអ្វីទាំងអស់ ក្រៅពីការ កាប់បំផ្លាញព្រៃលិចទឹក បិទផ្លូវសាធារណ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងវាតទីយកដីរបស់ ប្រជាពលរដ្ឋនោះឡើយ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យសារព័ត៌មាន ក្រៀល ហតញូស៍ ដឹងថាៈ កន្លងទៅក្រុមហ៊ុនមួយនេះបានបិទផ្លូវ សារធារណមិនឲ្យប្រជាពលរដ្ឋចេញចូលទៅដីរបស់ពួកគាត់ ឬទៅប្រកបរបរនេសាទចិញ្ចឹមគ្រួសារនោះទេ ហើយថែមទាំងលួចដុតផ្ទះសម្បែង និងបំផ្លិចបំផ្លាញផលដំណាំរបស់ពួកគាត់ជាច្រើនលើកច្រើនសារ ថែមទៀតផង។ ដោយអត់ទ្រាំមិនបាននូវទង្វើររបស់ក្រុមហ៊ុនខេមបូវីហ្សិន ភីភីវី ខូ អិលធីឌី ប្រជាពលរដ្ឋ បានធ្វើការស្នើរសុំដល់អាជ្ញាធរ តាមរយៈការសម្របសម្រួលពីក្រុមអ្នកសារព័ត៌មានតំណាងរាស្ត្រក្រៅប្រព័ន្ធ ដឹកនាំដោយលោក សាំង សុង។ នៅក្នុងស្មារតីប្រជុំកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០កន្លងទៅ ដែលមានគ្រប់ភាគី ពាក់ព័ន្ធចូលរួមដូចជាៈ អាជ្ញាធរ ប្រជាពលរដ្ឋ តំណាងក្រុមហ៊ុន និងក្រុមអ្នក សារព័ត៌មានតំណាងរាស្ត្រក្រៅប្រព័ន្ធ ភាគីក្រុមហ៊ុនក៏បានយល់ព្រមដករបាំងដែលដាក់លើផ្លូវសាធារណ ចេញវិញ ដើម្បីឲ្យប្រជាពលរដ្ឋអាចចេញចូលទៅដីរបស់ពួកគាត់ ឬប្រកបរបររកស៊ីបាន។ ដោយឡែក អាជ្ញាធរក៏មិនអនុញ្ញាតឲ្យភាគីទាំងសងខាងធ្វើសកម្មភាពលើដីទំនាស់នេះឡើយ គឺទុកជាដីតំបន់ស រង់ចាំ អាជ្ញាធរធ្វើការពិនិត្យលើឯកសារ ដីដែលភាគីប្រជាពលរដ្ឋ និងភាគីក្រុមហ៊ុនដាក់ជូនដើម្បីធ្វើការផ្ទៀងផ្ទាត់ នឹងសម្រេចថា ដីណាជាដីរបស់ប្រជាពលរដ្ឋ ហើយដីណាជាដីរបស់ក្រុមហ៊ុនឲ្យពិតប្រាកដ។
ប្រភពដដែលបានលើកបន្ថែមថាៈ ភាគីប្រជាពលរដ្ឋដែលមានបញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុន ខេមបូវីហ្សិន ភីភីវី ខូអិលធីឌី បានអនុវត្តតាមការសម្រេចរបស់អាជ្ញាធរយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត តែផ្ទុយទៅភាគីក្រុមហ៊ុន ខាងលើ ផ្គើនមិនព្រមអនុវត្តតាមនោះឡើយ។ ដូច្នេះហើយទើបប្រជាពលរដ្ឋលើកគ្នាមកតវ៉ាសារជាថ្មីកាលពី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ដោយបានបញ្ជាក់ថាៈ បើក្រុមហ៊ុនអាចឈួសឆាយដីតំបន់ស បាន ប្រជាពលរដ្ឋកអាចឈួសឆាយ ធ្វើផ្ទះសម្បែង ដាំដំណាំ ប្រកបរបរលើដីនេះបានដូចគ្នាដែរ។ ដោយ ឡែកក្រុមប្រឹក្សាឃុំកែវផុស ដែលចូលរួមតាមដានសកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋនៅក្នុងថ្ងៃនោះ បានលើក ឡើងផងដែរថា លោកទទួលស្គាល់ថាក្រុមហ៊ុនមានប្លង់ តែកុំភ្លេចប្រជាពលរដ្ឋក៏មានប្លង់ដែរ ហើយពេលនេះ ដីនេះស្ថិតក្នុងតំបន់ស មិនគួរណាភាគីក្រុមហ៊ុនធ្វើការឈួសឆាយទាំងបំពានដូច្នេះទេ គួរណាស់រង់ចាំអាជ្ញា ធរធ្វើការពិនិត្យផ្ទៀងផ្ទាត់ឯកសារដី នឹងសម្រេចជាមុនសិន ចាំធ្វើការឈួសឆាយ។ មហាជនមានការ ហួសចិត្តនិងទង្វើររបស់ក្រុមហ៊ុន ខេមបូវីហ្សិន ភីភីវី ខូអិល ធីឌី ដែលមើលការខុសត្រូវដោយជនជាតិ ស្កុតឡេន សញ្ជាតិអាមេរិកកាំង ថាពិតជាបានមើលស្រាលអាជ្ញាធរ និងច្បាប់ស្រុកខ្មែរខ្លាំងមែនហើយ៕
ក្រៀល ហតញូស៍ៈ 088 800 98 33/096 200 98 33.