កំណើននៃការស្លាប់ឈានដល់ជិត ៤០០០ នាក់ ក្នុងឧបទ្ទវហេតុរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរី ខណៈអង្គការសុខភាពពិភពលោកព្រមានថា ចំនួននៃការស្លាប់អាចនឹងកើនឡើងដល់ទៅ៨ ដង…
យ៉ាងហោចណាស់មនុស្ស ៣,៨៣០ នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំមួយបានកើតឡើងកក្រើកប្រទេសទួរគី និងស៊ីរី កាលពីព្រឹកថ្ងៃចន្ទម្សិលមិញនេះ។ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ គឺជាគ្រោះរញ្ជួយដីខ្លាំងបំផុតមួយ ដែលបានវាយប្រហារតំបន់នេះក្នុងរយៈពេលជាងមួយសតវត្ស។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Suleymon Soylu បានឲ្យដឹងថាៈ ទីក្រុងជាច្រើនត្រូវបានរងផលប៉ះពាល់ដោយការរញ្ជួយដីដំបូង រួមមាន Hatay, Osmaniye, Adiyaman, Malatya, Sanliurfa, Adana, Diyarbakir និង Kilis ។ ហើយប្រហែល ១២ ម៉ោងក្រោយមក ការរញ្ជួយដ៏ខ្លាំងទីពីរបានវាយប្រហារភាគខាងជើងបន្ថែមទៀត។
ជុំវិញសោកនាដកម្មដ៏សម្បើមនេះដែរ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ តួកគី (AFAD) បានអំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈក្រុមអ្នកជួយសង្រ្គោះបានកំពុងសស្រាក់សស្រាំតាមគនរអគារបាក់បែកក្នុងស្ថានភាពត្រជាក់ និងមានព្រិលធ្លាក់ផងនោះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។
សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និយាយថា ខ្លួនកំពុង “ចាប់ផ្តើមជំនួយជាសាច់ប្រាក់ភ្លាមៗ” ពី មូលនិធិសង្គ្រោះបន្ទាន់សម្រាប់ការឆ្លើយតបគ្រោះមហន្តរាយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងប្រទេសទាំងពីរ ទន្ទឹមនឹងនោះអង្គការ ផ្សេងៗជាច្រើនទៀតក៏កំពុងឆ្លើយតបផងដែរ។
អង្គការសុខភាពពិភពលោកបានព្រមានថាៈ ចំនួនអ្នកស្លាប់ទំនងជាកើនឡើងដល់ទៅប្រាំបីដង ខណៈដែលអ្នកជួយសង្គ្រោះរកឃើញជនរងគ្រោះកាន់តែច្រើននៅក្នុងគំនរបាក់បែក។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការឆ្លើយតបជាអន្តរជាតិចំពោះវិបត្តិនេះ ដោយនិយាយថា គ្រួសារជាច្រើនដែលរងគ្រោះ ដោយគ្រោះមហន្តរាយនេះ “កំពុងត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ពិសេសគឺឈាមដើម្បីសង្គ្រោះជីវិត។
ងាកមសហភាពអឺរ៉ុបឯណ្ណេះវិញ កំពុងបញ្ជូនក្រុមស្វែងរក និងជួយសង្គ្រោះទៅកាន់ប្រទេសទួរគី ខណៈដែលក្រុមអ្នកជួយសង្គ្រោះមកពីហូឡង់ និងរ៉ូម៉ានីកំពុងធ្វើដំណើររួចរាល់ហើយ។ ដោយឡែក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីស្រាអែល រុស្ស៊ី និងអាមេរិកក៏បានសន្យាបញ្ជូនអ្នកជំនាញ សម្ភារៈ និងសុនខ ក្នុងការជួយសង្គ្រោះនេះដែរ។
គួរឲ្យដឹងផងដែរថាៈ ប្រទេសទួរគីស្ថិតនៅក្នុងតំបន់រញ្ជួយដីដ៏សកម្មបំផុតមួយរបស់ពិភពលោកដោយនៅឆ្នាំ១៩៩៩ ការរញ្ជួយដីដ៏សាហាវបានសម្លាប់មនុស្សជាង ១៧,០០០ នៅភាគពាយព្យ។ ខណៈគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតរបស់ប្រទេសនេះគឺនៅក្នុងឆ្នាំ១៩៣៩ បានបណ្តាលឲ្យមនុស្ស ៣៣,០០០ នាក់បានស្លាប់នៅក្នុងខេត្ត អឺហ្សីនកាន ភាគខាងកើតនៃប្រទេស៕