ឯកឧត្តម ភឺន ផល្លា ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធីបតីភាពក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមដែលបានចូលរួម វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន វគ្គទី១ របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព
ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ៨កើត ខែមាឃ ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៣ នៅភោជនីយដ្ឋាន ធីម កាហ្វេ មានប្រារព្វពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ក្រោមអធីបតីភាព ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ភឺន ផល្លា ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជូនអ្នកសារព័ត៌មាន ៧០ រូប មកពី ១៥ អង្គភាពផ្សេងគ្នា។
ពិធីនេះ រៀបចំដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព សហការជាមួយ ក្លឹបអ្នកកាសែតឯករាជ្យ ក្រោមកិច្ចជួយឧបត្ថម្ភគាំទ្រ ទាំងកំលាំងកាយ កំលាំងចិត្ត និង ថវិកា ពីសំណាក់ ឯកឧត្តម ភឺន ផល្លា ជំនួយការ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការជួយជ្រោមជ្រេងពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហ៊ុន សុខា ជំនួយការអមទីស្តីគណៈរដ្ឋមន្រ្តី ។
មានមតិស្វាគមន៏គណៈអធីបតី លោក ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព បានអានរបាយការណ៍គោរពរាយការណ៍ជូន ឯកឧត្តមប្រធានគណៈអធីបតី មេត្តាជ្រាបថា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ទើបតែបង្កើតឡើងនៅចុងឆ្នាំ ២០២២ នេះ តាមរយៈប្រកាសលេខ ៥១០៤ ប្រ.ក ចុះថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២២ និង លិខិតអនុញ្ញាតិរបស់អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន លេខ ១៣១ ព.ស.ល.អ ចុះថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២២។លោកប្រធានសមាគម បានបញ្ជាក់ជូនគណៈអធីបតីផងដែរ អំពីបេសកកម្មថ្មីៗទើបសម្រេចបាននិងផែនការសកម្មភាពបន្តទៅមុខទៀត ជូនគណៈអធីបតីបានជ្រាប។
ថ្លែងក្នុងការបើកចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សានេះ ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានមតិសំណេះសំណាលជាមួយសិក្ខាកាមទាំងអស់ អោយប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងបានចែករំលែកបទពិសោធន៍ជីវិតល្អៗដល់សិក្ខាកាមហើយបានផ្តាំឱ្យអ្នកសារព័ត៌មានទាំងអស់ប្រឹងប្រែងក្នុងការទទួលយកចំណេះដឹងថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាអភិវឌ្ឍន៍សមត្ថភាពចំណេះដឹង ជំនាញ វិជ្ជាជីវៈ របស់ខ្លួនឲ្យមានភាពល្អប្រសើរ ដើម្បីជាប្រយោជន៍ធ្វើជាកញ្ចក់ ឆ្លុះបញ្ចាំងអំពីហេតុការណ៍រឿងរ៉ាវទាំងឡាយដែលកើតមានឡើងនៅក្នុងសង្គម។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា តួនាទីរបស់បងប្អូនអ្នកសារព័ត៌មាន មានសារៈសំខាន់និងមានតម្លៃយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍសង្គម ដោយបានពាំនាំយកព័ត៌មាននិងរឿងរ៉ាវសង្គមផ្សេងៗពីប្រជាពលរដ្ឋនៅមូលដ្ឋានជូនទៅថ្នាក់ដឹកនាំនិងពីថ្នាក់ដឹកនាំទៅប្រជាពលរដ្ឋនៅមូលដ្ឋានវិញ។ហេតុនេះហើយទើបទាមទារឲ្យបងប្អូនអភិវឌ្ឍន៍សមត្ថភាពធ្វើជាកញ្ចក់ដែលថ្លាល្អ ឆ្លុះបញ្ចាំងតថភាពរឿងរ៉ាវពិតនៅក្នុងសង្គម។
ឯកឧត្តមក៏បានសម្ដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាពនិងក្លឹបអ្នកកាសែតឯករាជ្យ ដែលបានរៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់បងប្អូនអ្នកសារព័ត៌មានហើយក៏សំដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនជាសិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលា មកក្រេបជញ្ជក់យកចំណេះដឹងបន្ថែមរយៈពេលមួយថ្ងៃនេះ។ឯកឧត្តមសង្ឃឹមជឿជាក់ថា តាមរយៈការរៀនសូត្រវគ្គបណ្ដុះបណ្ដាល រយៈពេលមួយថ្ងៃនេះនឹងទទួលបានចំណេះដឹងបន្ថែមទៀត សំដៅឲ្យក្លាយខ្លួនទៅជាអ្នកសារព័ត៌មានប្រកបដោយសមត្ថភាព។
ជាចុងក្រោយឯកឧត្តម ភឺន ផល្លា បានផ្ដល់កិត្តិយសចែកវិញ្ញាបនបត្រដល់បងប្អូននៅសារព័ត៌មានទាំង ៧០ រូបមកពី 15 អង្គភាព ព្រមទាំងថតរូបភាពទុកអាជាអនុស្សាវរីយ៍ក្រោមបរិយាកាសដ៏កក់ក្តៅនិងសប្បាយរីករាយបំផុត។ លើសពីនោះទៅទៀតឯកឧត្តមបានផ្ដល់ជាថវិកាជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីវគ្គបណ្ដុះបណ្ដាលនេះទាំងមូល ព្រមទាំងផ្ដល់ជូនថវិកាជាសោហ៊ុយធ្វើដំណើរ ជូនដល់សិក្ខាកាមគ្រប់ៗរូបផងដែរ។
គួរបញ្ជាក់ផងដែរថា ពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រកាសបើកជាផ្លូវការដោយប្រធានគណៈអធីបតី ប្រកបដោយបរិយាកាសរីករាយបំផុត។
គួរឲ្យដឹងផងដែរថា សមាគមសម្ព័ន្ធអ្នកសារព័ត៌មាន សកលសន្តិភាព សហការជាមួយ ក្លឹបអ្នកកាសែតឯករាជ្យ បើក វគ្គបណ្តុះបណ្តាលស្តីអំពី “ ឥរិយាបថអ្នកសារព័ត៌មានសម័យទំនើប “ ផ្តោតលើប្រធានបទ ៥ គឺ:
១-ក្រមសីលធម៌វិជ្ជាជីវៈ
២-សែ្វងយល់ពីច្បាប់ពាក់ព័ន្ធវិស័យព័ត៌មាន
៣-វិធីសាស្រ្តសរសេអត្ថបទនិងរាយការណ៍ព័ត៌មានផ្ទាល់
៤-វិធីសាស្រ្តបញ្ជូនព័ត៌មានតាមបច្ចេកទេសទំនើប
៥-វិធីសាស្រ្តចុះយកព័ត៌មាននិងរាយការណ៍ព័ត៌មានក្តៅ។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមធ្វើបទឧទ្ទេសនាមបង្ហាញពីសំណាក់ សាស្រ្តាចារ្យបណ្ឌិត និង ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យឧទ្ទេស ដែលមានបទពិសោធន៍ល្អៗជាច្រើនរូបចូលរួមចែករំលែក៕