កសិដ្ឋានធំជាងគេ i7 គ្រោងនាំចូលគោពូជសាច់ពីអាមេរិក និងអូស្រ្តាលី បន្ថែម ៥០០០ ក្បាលនៅឆ្នាំ២០២២!

ភ្នំពេញៈ កសិដ្ឋានដ៏ធំជាងគេ i7 គ្រោងនឹងនាំចូលគោពូជ Beef Master, Angus និង Wagyu ពីអាមេរិក និងអូស្រ្តាលីបន្ថែមចំនួន៥០០០ក្បាល នាឆ្នាំ២០២២ នេះ បន្ទាប់ពីក្រុមហ៊ុន i7 ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងក្រសួងកសិកម្មសម្រាប់ការអភិវឧ្ឍន៏ លើវិស័យកសិកម្ម ដោយសាងសង់ បណ្តុំស្ថានីយបង្កាត់ពូជសត្វ បន្លែ ផ្លែឈើ និងរុក្ខជាតិផ្សេងៗ វិនិយោគលើវិស័យកសិ-ទេសចរណ៍ ផ្សារកសិផល នៅភូមិពូរ៉ាង ឃុំសែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយកក្រុមហ៊ុន i7 បានមាន ប្រសាសន៍ថា កន្លងមកដោយមានការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម យើងបាននាំចូលគោពូជពីប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិក សរុបមានចំនួន៥០០ក្បាលមកហើយ តែចំនួននេះពុំអាចទ្រទ្រង់ទីផ្សាគ្រប់គ្រាន់នៅ ឡើយទេ ទើប i7 សំរេចនាំចូលចំនួន៥០០០ក្បាលបន្ថែមទៀតនៅឆ្នាំ២០២២។ លោក ឧកញ៉ាបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនបានអភិវឌ្ឍរោងចិញ្ចឹមគោចំនួន៥រោងរួចហើយ ដែលជាទីតាំងពូជគោដែលត្រូវបាននាំចូលពីប្រទេសថៃ អាមេរិក និងប្រេស៊ីល ហើយបានបង្កើនជីវភាពប្រជាពល រដ្ឋនៅក្នុងតំបន់ និងបានរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ជាមួយគ្នានេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតជាគោលការណ៍ក្នុងការនាំចូលនូវពូជគោ សេះ ពពែ ចៀម ចំនួន ២៥០០០ ក្បាល និងទឹកមេជីវិតមួយចំនួនពីអាមេរិក ប្រេស៊ីល អូស្ត្រាលី ជប៉ុន និងប្រទេសថៃ សំរាប់ឆ្នាំ ២០២១ និង ២០២២ ដើម្បីនាំយកពូជសត្វល្អៗពីក្រៅប្រទេសមកបង្កាត់ពូជ ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅផ្គត់ផ្គង់ក្រៅប្រទេសនាពេលអនាគតផងដែរ។

កាលពីពេលកន្លងទៅសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តបន្តអភិវឌ្ឍវិស័យកសិដ្ឋានឲ្យកាន់ តែរីកចម្រើនបន្ថែមទៀត ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យបន្តលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្មតាមអភិក្រម ភាពជាដៃគូរវាងរដ្ឋ និងឯកជន ឲ្យកាន់តែទូលំទូលាយថែមទៀត។ សម្តេចតេជោឲ្យបន្តលើកកម្ពស់គុណភាពផលិតកម្មដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងសុវត្ថិភាពផលិតផលកសិកម្ម។ ត្រូវបន្តជំរុញការចិញ្ចឹមសត្វរបស់កសិករឱ្យទៅជាការចិញ្ចឹមបែបពាណិជ្ជកម្ម ដើម្បីបង្កើនប្រាក់ ចំណូលធ្វើការស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ កែលម្អពូជសត្វឱ្យមានទិន្នផលខ្ពស់ គ្រប់គ្រងការធ្វើឤជីវកម្មសត្វរស់ ផលិតផលសត្វ ចំណសីត្វជាដើម។

សូមរំឭកថា កាលពីខែកញ្ញា ឆ្នាំ២០២១កន្លងមក កសិដ្ឋាន i7 ក៏បាននាំចូលពូជគោជាច្រើនក្បាលផងដែរពីសហរដ្ឋ អាមេរិក មកកាន់កសិដ្ឋាន i7 ធំទី២ ដែលស្ថិតនៅតំបន់អភិវឌ្ឍ 7NG នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បន្ទាប់ពីកសិដ្ឋានធំទី១នៅខេត្ត មណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង