គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅភូមិដូនកុក ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត!

កំបូលៈ នៅរសៀលថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ លោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោក-លោកស្រីសមាជិក សមាជិការក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ មេបញ្ជាកងរាជអាវុធហត្ថខណ្ឌ បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌកំបូល លោកចៅសង្កាត់បឹងធំ អមដំណើរលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌកំបូល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ចំនួន ៧៤ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានៈអង្ករចំនួន ២៥ គីឡូ  មីចំនួន ១ កេស  ត្រីខចំនួន ១ យួរ  ទឹកត្រី/ទឹកស៊ីអ៊ីវ  និងថ្នាំបារ៉ាចំនួន១បន្ទះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិបណ្ឌិត បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែនឹករលឹក និងគិតគូយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ជាពិសេសដូចក្នុងកាលៈទេសៈជាក់ស្តែងនៅពេលនេះ ។

លោកជំទាវកិត្តិបណ្ឌិត បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង ត្រូវមានការប្រុងប្រយ្ន័តខ្ពស់ជាពិសេស កូន ចៅ និងក្មេងតូចៗ ដេីម្បីជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ និងត្រូវរក្សាអនាម័យស្អាតជាប់ជាប្រចាំ។

ក្នុងនោះផងដែលលោកជំទាវកិត្តិបណ្ឌិតបានឧបត្ថម្ភថវិកាដល់ កម្លាំងទូកសង្គ្រោះបញ្ជាការដ្ឋានកងទ័ពពិសេសឆត្រយោង ៩១១ ចំនួន ២ លានរៀល អធិការដ្ឋាននគរបាលខណ្ឌចំនួន ១ លានរៀល មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួន ៥០ ម៉ឺនរៀល សាលាសង្កាត់បឹងធំចំនួន១លានរៀល ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកមេភូមិដូនកុក បច្ច័យចំនួន ១ លានរៀល និងបានឧបត្ថម្ភដល់ស្មៀនសង្កាត់ឪឡោកដែលកំពុងសម្រាកព្យាបាលជំងឺដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤០ ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង