រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ច្រានចោលទាំងស្រុងចំពោះការចុះផ្សាយបំភ្លៃការពិតរបស់ទំព័រហ្វេសប៊ុក ស៊ី អី អិន ញូស៍ ( CEN NEWS ) ដែលមានចរិកអ៊ុចអាលមូលបង្កាច់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ!!
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការបដិសេធទាំងស្រុងរាល់ការចុះផ្សាយជាវីដេអូ កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ដែលមានចំណងជើងថាៈ អភិបាល រងខណ្ឌពោធិ៍សែនជ័យ បានធាក់ទ្វារទម្លាយចូលប្រើអំពើហឹង្សាដល់ក្នុងផ្ទះ ស្ត្រីម្នាក់យំឡាំប៉ា រងរបួសធ្ងន់ ផ្ដើមចេញពីការឃាត់សំណង់ផ្ទះ ដោយម្ចាស់ផ្ទះសុំបង្ហើយការងារ ស្ថិតនៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានហៅការចុះផ្សាយនេះថាជាការបំភ្លើសការពិតទាំងស្រុង និងមានចរិកមូលបង្កាច់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្នុងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យទាំងមូល។
ទន្ទឹមនឹងនោះដែរ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបផងដែរថាៈ ក្រុមការងារចុះត្រួតពិនិត្យសំណង់ បានអនុវត្តការងារត្រឹមត្រូវ ដោយគោរពទៅតាមផ្លូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តយ៉ាងខ្ជាប់ខ្ជួន។ គូររំលឹកដែរថា ភរិយារបស់លោក រឹម បូរ៉ា ដែលជាម្ចាស់សំណង់ស្ថិតនៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានសាងសង់គ្មានលិខិតអនុញ្ញាត ហើយកន្លងមកអាជ្ញាធរបានចុះធ្វើការហាមឃាត់ជាបន្តបន្ទាប់ដោយលើកទី១ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លើកទី២ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ប៉ុន្តែម្ចាស់សំណង់នៅតែបន្តសកម្មភាពយ៉ាងគឃ្លើន មានះ បន្តការសាងសង់ ដោយបានបន្ថែមកម្មករ នឹងជាង ក្នុងចេតនាដើម្បីពន្លឿនការសាងសង់ ដោយពុំបានស្ដាប់ការណែនាំរបស់អាជ្ញាធរឡើយ។ ពេលក្រុម ការងារថ្នាក់ខណ្ឌបានចុះធ្វើការហាមឃាត់សំណង់ល្មើសច្បាប់ ខណៈចុះទៅដល់ទីតាំងខាងលើ ស្ត្រីជាប្រពន្ធ លោក រឹម បូរ៉ា និងបក្សពួកជាច្រើននាក់ទៀត បានមក រារាំង និងជេរប្រមាថមកលើក្រុមការងារ ជាមន្ត្រីរាជការសាធារណៈ ដែលចុះអនុវត្តការងារត្រួតពិនិត្យ និងទប់ស្កាត់សំណង់ល្មើសច្បាប់។
គួរបញ្ជាក់បន្ថែមថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការប្រកាសបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ដោយប្រព័ន្ធផ្សព្វផ្សាយថា ក្រុមការងារបានធាក់ទ្វារ ប្រើអំពើហិង្សា និងប៉ះពាល់កេរ្តភេទស្ត្រីជាម្ចាស់សំណង់ខាងលើ ដែលជាប្រភេទព័ត៌មាន មានចរិកមួលបង្កាច់ ចោទប្រកាន់ គ្មានភស្តុតាងច្បាស់លាស់ និងបំភ្លើសគ្មាន ការពិត។
យោងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការចម្រុះរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចុះពិនិត្យរុះរើសំណង់គ្មានលិខិតអនុញ្ញាត សំណង់មិនរៀបរយ និងសំណង់រំលោភលើចំណីផ្លូវសាធារណៈ គណៈកម្មការដែលមានសមាសភាពមន្ត្រីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យទាំងមូល ក៏ចុះធ្វើការត្រួតពិនិត្យ នឹងធ្វើការហាមឃាត់ចំពោះសំណង់ដែលធ្វើការសាងសង់គ្មានលិខិតអនុញ្ញាតត្រឹមត្រូវ សំណង់មិនរៀបរយ និងសំណង់សង់រំលោភលើផ្លូវសាធារណៈជាដើម ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងបានធ្វើការរុះរើសំណង់របង សំយ៉ាបសាងសង់ខុសបច្ចេកទេស ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ សង្កាត់ចោមចៅទី៣។ ពេលចុះអនុវត្តការងារ ប្រសិនបើមានការរាំងស្ទះដល់ដំណើរការអនុវត្ត ត្រូវសុំមតិថ្នាក់ដឹកនាំ ពីលោកអភិបាលនៃគណៈអភិបាលខណ្ឌបន្ត។
នាពេលកន្លងមករដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានទទួល ពាក្យបណ្ដឹង ចុះលេខៈ ១៦.៤៤. ចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដោយយោងឯកសាររបស់ឈ្មោះ សុខ សុផាន់ណេត កើតនៅឆ្នាំ១៩៨៥ ជនជាតិខ្មែរ មានអាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ១១៥៨ ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង ឈ្មោះ ស៊ិន សាយ័ន្ត កើតនៅឆ្នាំ១៩៨៨ ជនជាតិខ្មែរមានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤៧ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គោរពចូលមក លោកអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។
កម្មវត្ថុនៃបណ្តឹង គឺសុំឱ្យផ្អាកសកម្មភាពការ សាងសង់របស់ឈ្មោះ រឹម បូរ៉ា បានសាងសង់ផ្ទះដែលមានទីតាំងស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រំលោភបំពានចូលមកលើដីរបស់ពួកគាត់ មានទំហំទទឹង ៥.៣ ម៉ែត្រ និងបណ្ដោយ ២០.៣ ម៉ែត្រ។ ម្យ៉ាងទៀតសកម្មភាព សាងសង់មានការទ្វេសប្រហែស សម្ភារៈគ្រឿងសំណង់ បានធ្លាក់មកលើផ្ទះរបស់ពួកគាត់ ជាហេតុធ្វើឲ្យពួកគាត់មិនអាចទ្រាំបាន ដាច់ចិត្តដាក់ពាក្យប្ដឹងតែម្ដង ។ សូមបញ្ជាក់ថានៅក្នុងបណ្តឹងនោះ ដើមបណ្តឹងបានទាមទារសំណងចំនួន ៩០០០ ដុល្លារ នឹងសុំឱ្យផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន រងចាំអាជ្ញាធរដែនដីដោះស្រាយចប់សព្វគ្រប់សិន។
ពាក់ព័ន្ធនឹងការចុះផ្សាយខុសកាត់ពិតរបស់ Facebook page C E N News រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចេញលិខិតស្នើសុំកែតម្រូវ ដែលមានខ្លឹមសារដូចតទៅៈ ជម្រាបមកលោកចាងហ្វាង Facebook page C E N News! កម្មវត្ថុ: សំណើសុំកែតម្រូវ ព័ត៌មានដែលបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ តាមរយៈការចុះផ្សាយ របស់ Facebook page ឈ្មោះ C E N News ដោយបានសរសេរថា: អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានធាក់ទ្វារទម្លាយចូលប្រេីអំពើហិង្សា ដល់ក្នុងផ្ទះ ស្ត្រីម្នាក់យំឡាំប៉ាទាំងរបួស ផ្ដើមចេញពីការឃាត់សំណង់ផ្ទះ ម្ចាស់ផ្ទះសុំបង្ហើយការងារ ស្ថិតក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តបតាមកម្មវត្ថុខាងលើ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យសូម ជម្រាបជូនថា ក្រុមការងារចុះត្រួតពិនិត្យសំណង់ក្នុងរដ្ឋបាលខណ្ឌ បានអនុវត្តការងារត្រឹមត្រូវ ដោយគោរពទៅ តាមផ្លូវច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធយ៉ាងខ្ជាប់ខ្ជួន ។
ដោយឡែកចំពោះការចុះផ្សព្វផ្សាយពាក់ព័ន្ធ និងករណីខាងលើនេះ រដ្ឋបាលខណ្ឌសូមបញ្ជាក់ថាៈ អាជ្ញាធរចុះអនុវត្ត ដោយយោងលើការសាងសង់សំណង់គ្មានលិខិតអនុញ្ញាត នឹងមានបណ្ដឹងអ្នកជាប់ព្រំ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មករដ្ឋបាលខណ្ឌ ហើយការសាង សង់សំណង់នោះ មិនមានលក្ខណៈបច្ចេកទេស ដោយ ធ្លាក់ដែក ធ្លាក់ថ្ម ស៊ីម៉ង់ បណ្ដាលឲ្យមានការខូចខាត ធ្លុះធ្លាយដំបូលផ្ទះ អ្នកជាប់ព្រំ ហើយកន្លងមកអាជ្ញាធរបានចុះធ្វើការហាមឃាត់ជាបន្តបន្ទាប់ ជាច្រើនលើកច្រើនសារ តែម្ចាស់ផ្ទះរូបនេះ នៅតែបន្តសាងសង់ជាដដែលៗ ថែម ទាំងបន្តការសាងសង់ ដោយបានបន្ថែមកម្មករ និងជាងក្នុងចេតនាដើម្បីពន្លឿនការសាងសង់ ដោយពុំស្ដាប់ការណែនាំរបស់អាជ្ញាធរឡើយ។ ដោយសារតែម្ចាស់សំណង់នៅតែបន្តសកម្មភាពដូច្នេះ ក្រុមការងារថ្នាក់ខណ្ឌ បានចុះធ្វើការហាមឃាត់សំណង់ល្មើសច្បាប់នេះ! ពេលចុះទៅដល់ទីតាំងខាងលើ ស្រ្តីដែលត្រូវប្រពន្ធរបស់ លោក រឹម បូរ៉ា និងបក្សពួកបានមករារាំង និងជេរប្រមាថ មកលើក្រុមការងារខណ្ឌ ដែលជាមន្ត្រីរាជការសាធារណៈ បានចុះអនុវត្តការងារត្រួតពិនិត្យ និងទប់ស្កាត់សំណង់ល្មើសច្បាប់។
តាមការចុះផ្សាយសារព័ត៌មានខាងលើ គឺជាការបំភ្លើស ការពិតទាំងស្រុង មានចរិតមូលបង្កាច់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងធ្វើឲ្យសាធារណៈមតិមានការភាន់ច្រឡំមកលើថ្នាក់ដឹកនាំក្នុងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យទាំងមូល។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅតែទទួចស្នើសុំ Facebook page CEN News ដែលបានចុះផ្សាយ សូមធ្វើការកែតម្រូវព័ត៌មានមិនពិតទាំងនេះឡើងវិញ ដើម្បីពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន៕