មន្ត្រីឆ្លើយដាក់គ្នាគ្រាដែលក្រុមហ៊ុនសំណង់ផ្ទះល្វែងមួយកន្លែងក្នុងខណ្ឌដង្កោ មិនគោរពតាមគោលការណ៍សាលាក្រុង សាងសង់រំលោភលើដីផ្លូវសាធារណៈ និងដីកម្មសិទ្ធឯកជនរបស់ប្រជាពលរដ្ឋ!
ភាពអាត្មានិយមរបស់ឈ្មួញមួយចំនួនដែលគិតតែផលប្រយោជន៍បុគ្គល ឬក្រុមខ្លួនឯង ហើយសប្បាយនឹងការបង្កើតការឈឺចាប់ដល់ប្រជាពលរដ្ឋ ដោយធ្វើការឈ្លានពានទ្រព្យសម្បត្តិរួម ក៏ដូចជាទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋ។ ដោយឡែកមន្ត្រីពាក់ព័ន្ធខ្លះឈរឱបដៃមើល ធ្វើមិនដឹងមិនឮ រុញដាក់គ្នាពីមួយទៅមួយ យករួចខ្លួនរៀងៗអត្មា។ ជាក់ស្ដែងករណីរំលោភបំពានដីសាធារណៈ និងឯកជនយ៉ាងធ្ងន់ធ្ងរមួយកន្លែង នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោមកំដៅព្រះសូរិយាក្តៅហែង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីនេះ ក្រុមអ្នកសារព័ត៌មានប្រមាណ ៣ អង្គភាពរួមមាន MCTV តាព្រហ្ម និងសារព័ត៌មាន ក្រៀល ហតញូស៍ បានចុះដល់ទីតាំងជាក់ស្ដែង នឹងជួបជាមួយតំណាងប្រជាពលរដ្ឋជាង ១០០ គ្រួសារ ដែលរងផលប៉ះពាល់ពីការសាងសង់ផ្ទះល្វែងលក់របស់ក្រុមហ៊ុនមួយ។ តំណាងប្រជាពលរដ្ឋបានឱ្យយើងដឹងថាៈ ក្រុមហ៊ុនសាងសង់ផ្ទះល្វែងលក់មួយនេះ មិនបានអនុវត្តតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ដែលតម្រូវឱ្យស្ថាបនាផ្លូវទំហំ ២០ ម៉ែត្រ លើផ្លូវនិងប្រឡាយចាស់ដែលមានស្រាប់ និងរៀបចំឲ្យមានចិញ្ចើមផ្លូវត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសនោះទេ ផ្ទុយទៅវិញក្រុមហ៊ុនមួយនេះ សង់ផ្ទះរំលោភលើដីផ្លូវនិងប្រឡាយទឹក សាធារណៈ ហើយផ្លូវដែលគេស្ថាបនាទំហំប្រមាណជាង ១០ ម៉ែត្រតែប៉ុណ្ណោះ ដោយការស្ថាបនាផ្លូវនេះទៀតសោត គឺបានរំលោភចូលដីកម្មសិទ្ធរបស់ប្រជាពលរដ្ឋអស់ជាច្រើនម៉ែត្រថែមទៀតផង។ អ្វីដែលហួសចិត្តនឹកស្មានមិនត្រូវនោះគឺថា ផ្លូវដែលគេស្ថាបនានេះមិនមានការដាក់លូរំដោះទឹកឲ្យបានត្រឹមត្រូវនោះទេ លូដែលគេដាក់មកគ្រាន់តែដាក់ដើម្បីឲ្យល្អមើលតែប៉ុណ្ណោះ តែមិនបានរៀបចំឲ្យត្រូវតាមបច្ចេកទេសដែលអាចឱ្យទឹកហូរចូលបាន។ ទឹកហូរចាក់ពាសវាលពាសកាល លិចលង់លើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលនៅជិតនោះទៅវិញ។
បើតាមតំណាងប្រជាពលរដ្ឋបានឱ្យអ្នកសារព័ត៌មានយើងដឹងបន្ថែមថាៈ ចំណុចដែលគេដាក់លូ តែមិនឱ្យទឹកហូរបាននោះ គឺស្ថិតនៅលើដីផ្លូវរដ្ឋ ហើយគេបានយកចំនុចនេះធ្វើជាជញ្ជើមផ្ទះរបស់គេ ផ្លូវដែលគេធ្វើទំហំជាង ១០ ម៉ែត្រក្នុងគម្រោងទំហំ ២០ ម៉ែត្ររបស់សាលាក្រុង គេរំលោភមកធ្វើលើដីប្រជាពលរដ្ឋអស់ជាច្រើនម៉ែត្រយ៉ាងគឃ្លើនទៅវិញ ដោយឡែកមន្ត្រីពាក់ព័ន្ធមួយចំនួនប្រើក្បាច់សាច់ទឹកដាក់គ្នា ឆ្លើយថាអត់ដឹង រឿងហ្នឹងជារឿងរបស់មន្ត្រីជំនាញ។
ប្រជាពលរដ្ឋរងគ្រោះបានសំណូមពរយ៉ាងទទួចដល់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីរាជធានីភ្នំពេញ មន្ត្រីជំនាញរបស់សាលាខណ្ឌដង្កោ សូមពិនិត្យមើលលើការសាងសង់សំណង់ផ្ទះល្វែងរំលោភផ្លូវសាធារណៈ ប៉ះពាល់ដល់ការរស់នៅ និងដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ដោយសុំឲ្យមានការវាស់វែងសារជាថ្មី ដើម្បីឱ្យខាងបុរីជាក់ច្បាស់ថា ពិតជាបានរំលោភលើកប្រយោជន៍សាធារណៈ និងឯកជនរបស់ប្រជាពលរដ្ឋពិតប្រាកដមែន។ មួយវិញទៀតប្រជាពលរដ្ឋក៏បានសំណូមពរដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរជំនាញ ក៏ដូចជាមន្ត្រីក្នុងខណ្ឌដង្កោ ដែលបានដាក់ចេញនូវផែនការការងារ សូមតាមដានសកម្មភាពការងារក្នុងផែនការនោះផង បើមិនអ៊ីចឹងទេ ផែនការដែលបានដាក់មកនោះពិតជាមិនអាចសម្រេចបានតាមការចង់បាននោះឡើយ ជាងនេះទៅទៀតអាចនឹងធ្វើឲ្យប្រជាពលរដ្ឋទឹកភ្នែកទឹកសំបោររងគ្រោះគ្មានពេលស្រាកស្រាន ព្រោះការដាក់ចេញនូវផែនការ តែមិនបានតាមដានឲ្យបានហ្មត់ចត់ ដូចក្នុងករណីនេះជាក់ជាមិនខាន។
ចំពោះករណីនេះអង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕