តើមហាជនគិតថាអយុត្តិធម៌ទេ ដីទិញត្រឹមត្រូវតាមផ្លូវច្បាប់តាំងពីឆ្នាំ ២០០៦ បែកជាត្រូវគេរំលោភបំពាន លួចបង្ខិតព្រំហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិ??
កំពង់ចាមៈ រឿងរ៉ាវទំនាស់ដីធ្លីនៅតែជាប្រធានបទដ៏ក្តៅគគុក ដូចអណ្ដាតភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ស្របពេលដែលកម្ពុជាកុំពុងមានការអភិវឌ្ឍ។ តម្លៃហាងឆេងដីធ្លីបានហក់ឡើងយ៉ាងគំហុក ជាហេតុធ្វើឲ្យមានមហិច្ឆតាលោភ លន់ឥតប៉ាន់ប្រមាណ ប្រើគ្រប់មធ្យោបាយរំលោភបំពានយក ដីធ្លីដែលជាកម្មសិទ្ធិរបស់អ្នកដទៃ ដើម្បីយកមកធ្វើជារបស់ខ្លួន ជាក់ស្ដែងបញ្ហាដីធ្លីដ៏ចម្រូងចម្រាសមួយស្ថិតនៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើទីតាំងដីទំនាស់ផ្ទាល់ អ្នកស្រី ថាយ ស្រី អាយុ ៤៥ ឆ្នាំ ដែលទទួលសិទ្ធិផ្លូវច្បាប់ពីម្ដាយបានរៀបរាប់ថាៈ នៅឆ្នាំ ២០០៦ ម្ដាយរបស់អ្នកស្រីគឺលោកយាយ សួន ញ៉ បានប្រមូលទិញដីពីប្រជាពលរដ្ឋក្នុងប្លុកនេះប្រហែលជាង 200 ហិកតា ដោយមានអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស៊ីញ៉េប្រថាប់ត្រាដឹងឮត្រឹមត្រូវតាមផ្លូវច្បាប់ ហើយក៏មិនដែលមានទំនាស់ណាមួយជាមួយអតីតម្ចាស់ដីនោះដែរ។ បើទោះបីជាលោកយាយ សួន ញ៉ បានទិញពីប្រជាពលរដ្ឋហើយក្តី ក៏លោកយាយមិនបានហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យអាស្រ័យផលដែរ ប្រជាពលរដ្ឋអតីតម្ចាស់ដើមនៅតែអាចធ្វើស្រែចំការបានដដែល។ ចំណុចនេះសបញ្ជាក់ឲ្យឃើញថា ដីដែលម្ដាយអ្នកស្រីបានទិញមិនដែលអាក់ផលនៃការអាស្រ័យផលនោះទេ។
អ្នកស្រី ថាយ ស្រី បានបន្តឲ្យដឹងទៀតថា អ្វីដែលជាបញ្ហាចោទឡើង កាលពីឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ហើយនៅបន្តអូសបន្លាយជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន គឺដីប្រមាណជាង ១០ ហិកតា ក្នុងចំណោមដីជាង ២០០ ហិកតា ដែលមានព្រំប្រទល់ ខាងលិចជាប់ព្រំដីឈ្មោះ ស៊ិន សុជាតិ ខាងកើតជាប់នឹងឈ្មោះ យូ លឹម ខាងត្បូងជាប់ព្រែក និងខាងជើងជាប់ សួន ញ៉ ត្រូវបានឈ្មោះ ស៊ិន សុជាតិ លួចវាស់បង្ខិតបង្គោលព្រំចូលមកក្នុងដីរបស់ម្ដាយអ្នកស្រីទាំងបំពាន ដោយមានទាំងភូមិបាលស្រុកចូលរួមថែមទៀផង។ អ្វីដែលចម្លែកពេលដែលឈ្មោះ ស៊ិន សុជាតិ ឱ្យមន្ត្រីភូមិបាលស្រុកចុះវាដ់វែងហេតុអ្វីបានជាមិនជូនដំណឹងដល់ភាគីជាប់ព្រំដីបានចូលរួមផង? ដោយឡែកមន្ត្រីភូមិបាលស្រុកដែលទទួលបន្ទុកចុះវាស់វែង បិទភ្នែកវាស់ ឬយ៉ាងណា? ព្រោះថាគ្មានភាគីពាក់ព័ន្ធចូលរួមគ្រប់គ្រាន់ហើយខ្លួនដែលជាមន្ត្រីជំនាញក៏នៅតែវាស់វែងទាំងបំពាន ច្បាប់ នេះប្រាកដជាមានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នងជាក់ជាមិនខាន?
ដោយមិនអាចនៅស្ងៀម ទ្រាំមើលភាពអយុត្តិធម៌នេះបាន អតីតម្ចាស់ដីដើមដែលបានកាន់កាប់តាំងពីកំឡុងឆ្នាំ៨០ ប្លាយ បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានយើងឲ្យដឹងបន្ថែមថាៈ ព្រោះតែជីវភាពខ្វះខាតពួកគាត់ក៏បានសម្រេចចិត្តលក់ដីនេះ ឲ្យទៅលោកយាយ សួន ញ៉ កាលពីឆ្នាំ ២០០៦ មកម្ល៉េះ។ ហើយបើទោះបីជាពួកគាត់បានលក់រួចហើយក្តី ក៏ពួលគាត់នៅតែបន្តអាស្រ័យផលដដែល ព្រោះទទួលបានបានការអនុញ្ញាតមើលថែអាស្រ័យផលលើដីទាំងអស់នេះពីលោកយាយ សួន ញ៉។ ជាការពិតណាស់ កាលពួកគាត់លក់ទិញ គឺមានការស៊ីញ៉េប្រថាប់ត្រាត្រឹមត្រូវ ពីអាជ្ញាធរភូមិឃុំ ទទួលស្គាល់យ៉ាងជាក់ច្បាស់ ហើយទោះជាយ៉ាងណាពួកគាត់ដែលជាម្ចាស់ដីដើមនៅតែធានាអះអាងថា ដីនេះ ជាដីកម្មសិទ្ធិរបស់លោកយាយ សួន ញ៉ ពិតប្រាកដមែន។
មហាជន ជាពិសេសអតីតម្ចាស់ដីដើមរាប់សិបនាក់ រង់ចាំមើលចំណាត់ការរបស់មន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ អាចផ្ដល់ភាពយុត្តិធម៌ជូនលោកយាយ សួន ញ៉ ដែលមានអ្នកស្រី ថាយ ស្រី ជាកូនទទួលសិទ្ធិស្របច្បាប់ តតាំងបញ្ហាវិវាទនេះបានដែរឬយ៉ាងណា??
ទោះជាយ៉ាងនេះក្តីអ្នកសារព័ត៌មានយើងមិនទាន់អាចសុំការបំភ្លឺពីឈ្មោះ ស៊ិន សុជាតិ និងអាជ្ញាធរពាក់ព័ន្ធបានឡើយទេ ព្រោះគ្មានលេខទូរស័ព្ទ៕
ការិយាល័យកណ្ដាល សារព័ត៌មាន ក្រៀល ហតញូស៍
ទូរស័ព្ទលេខៈ 088 800 98 33 / 096 200 98 33.