មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ទាមទារលុយពីរលានរៀលពីក្រុមគ្រួសារជនសង្ស័យ ជាថ្នូរនឹងការយករបស់ដែលរឹបអូសទៅផ្ទះវិញ! ២០ម៉ឺនមិនអាចនិយាយគ្នាបានទេ!!

បាត់ដំបងៈ ស្នងការរង នៃស្នងការដ្ឋាននគរបាល ខេត្ត បាត់ដំបង  លោក កុយ ហៀង  បានបញ្ចេញនូវប្រតិកម្មយ៉ាងខ្លាំង កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ទៅលើលោកអធិការស្រុកភ្នំព្រឹក បន្ទាប់ពីលោកបានទទួលព័ត៌មានថា ការចុះបង្ក្រាបមុខសញ្ញាប្រើ ប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន  មានការផ្ទុះអាវុធជាច្រើនគ្រាប់ធ្វើឲ្យប្រជាពលរដ្ឋមានការភិតភ័យស្លន់ ស្លោរ នឹងបានដកហូតនូវទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក  ជាថ្នូរនិងការយកលុយមកលោះ ដោយរាយការណ៍បិទបាំងនិងកុហកថ្នាក់លើ។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២និង ៣០នាទីថ្ងៃត្រង់ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដែលដឹកនាំដោយលោកអធិការហេង បារាំង និងលោកអធិការរង សាន ង៉ែត រួមជាមួយនិងមេប៉ុស្តិ៍រដ្ឋបាល ឈ្មោះ ម៉ៅ  ផងដែរនោះ បានចុះទៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីតាមរកមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿង ញៀន។

អ៊ុំស្រីម្នាក់ដែលជាសាក្សីដ៏សំខាន់បាននិយាយថា  នៅ ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ចំណុចផ្ទះឈ្មោះ វ៉ែន អាង ដែលជាជនសង្ស័យ បានរត់គេចខ្លួនចេញទៅខាងក្រោយភូមិ តាមវាលស្រែបាត់ស្រមោល ដែលនៅពេលនោះហើយគឺសមត្ថកិច្ចបានដកអាវុធបាញ់គម្រាមចំនួន៤គ្រាប់ ធ្វើអោយរូបគាត់ដែលមាន ផ្ទះនៅក្បែនោះ មានការភ័យស្លន់ស្លោររត់ចូលទៅក្នុងបន្ទប់ទឹក ទាំងបេះដូងស្ទើរតែលោតចេញមកក្រៅ។ សាក្សីដដែលបានបន្តថា ក្រោយពីឈ្មោះ វ៉ែន អាង រត់គេចខ្លួនបាត់ទៅ សមត្ថកិច្ចបានចូលរុករើក្នុងផ្ទះ ដោយបានដកហូតទ្រព្យសម្បត្តិ និងសម្ភារៈមួយចំនួន យកទៅកាន់អធិការដ្ឋាន។ ភ្លាមៗនោះដែរស្ត្រីជាប្រពន្ធឈ្មោះ កែ ចន្ដា  បានមកដល់ផ្ទះ បានឃើញសម្ភារៈក្នុងផ្ទះមានសភាពរាយប៉ាយ ទើបសួរអ្នកជិតខាង អ្នកជិតខាងប្រាប់ថា សមត្ថកិច្ចប្រមូលយកទៅអស់ហើយ។

អ្នកស្រី កែ ចន្តា ក៏បានឲ្យអ្នកសារព័ត៌មានយើងដឹងផងដែរថា: ទ្រព្យសម្បត្តិដែលសមត្ថកិច្ចយកទៅនោះរួមមានៈ ម៉ូតូ ១ គ្រឿង ដែលជារបស់ម្តាយ  ទូរស័ព្ទដៃ១ គ្រឿង សម្រាប់អោយកូនរៀនតាមអនឡាញ  និងសម្ភារៈមួយចំនួនទៀត ។ អ្នកស្រី កែ ចន្តា បានបន្តថា  នៅល្ងាចថ្ងៃដដែលនោះ គាត់បានធ្វើដំណើរទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ប៉ុន្តែត្រូវបានមន្ត្រីប៉ូលិសនៅទីនោះប្រាប់ថា មេមិននៅទេ ហើយក៏ឲ្យគាត់ត្រឡប់មកផ្ទះវិញ។

លុះស្អែកឡើង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ គាត់ក៏បានទៅម្តងទៀត  ប៉ូលិសនៅទីនោះបានហៅចូលក្នុងបន្ទប់រួចសួរគាត់ថា តើមកនេះមានការអ្វី ? គាត់ក៏បានប្រាប់ថាៈ  មកសុំយកម៉ូតូ  និងទូរស័ព្ទទៅវិញ ព្រោះម៉ូតូជារបស់ម្តាយដែលបានទុកនៅក្នុងផ្ទះខ្លួន រីឯទូរស័ព្ទគឺទុកឲ្យកូនរៀនអនឡាញ ប៉ុន្តែត្រូវប៉ូលិសរូបនោះទាមទានូវទឹកប្រាក់ជាថ្នូរនឹងការឲ្យរបស់ទៅវិញ ច្រើនរហូតដល់ទៅពីរលានរៀល (២លាន) តែគាត់មានតែម្ភៃមុឺនរៀល( ២០ មុឺនរៀល) នៅជាប់នឹងខ្លួនតែប៉ុណ្ណោះ ទើបរឿងនេះមិនអាចនិយាយគ្នាបាន។

តាមការសាកសួរពីអ្នកសារព័ត៌មានកាលពីព្រឹក ថ្ងៃទី១៣ ម្សិលមិញនេះ លោកអធិការ ហេង បារាំង មិនបកស្រាយអ្វីច្រើនទេ គឺលោកនិយាយតែមួយម៉ាត់ថា ការចុះប្រតិបត្តិការនេះ គឺមានភស្តុតាងត្រឹមត្រូវ ហើយលោកក៏បានបិទទូរស័ព្ទតែម្តង។

ផ្ទុយទៅវិញ លោកស្នងការរង កុយ ហៀង បានមានប្រសាសន៍ថា លោកទទួលបានសេចក្តីរាយការណ៍ថាមុខសញ្ញាបានរត់គេចខ្លួនហើយ និងបានដកហូតម៉ូតូ០១គ្រឿងតែប៉ុណ្ណោះ។  លោកក៏បានប្រាប់វិញថា បើម៉ូតូមិនមានការពាក់ព័ន្ធនឹងបទល្មើសទេ ប្រគល់ទៅអោយក្រុមគ្រួសារគេវិញទៅ។

លោកស្នងការរងបានបន្តឲ្យដឹង ភ្លាមៗលោកមិបានជ្រាបអ្វីច្រើនទេ តែក្រោយមកទើបលោកដឹងថា ក្នុងប្រតិបត្តិការនេះ មានការបាញ់បោះចំនួន ៤ គ្រាប់ និងចូលរុករើកកាយយកទាំងពីទូរស័ព្ទ និងសម្ភារៈផ្សេងៗទៀត ដែលទង្វើនេះគឺខុសច្បាប់ទាំងស្រុង ព្រោះមិនបានបញ្ជាក់ឲ្យបានច្បាស់ ដើម្បីងាយស្រួលលោកធ្វើការរាយការណ៍ទៅព្រះរាជអាជ្ញាជាមុន។

ទោះជាយ៉ាងនេះក្តី លោក កុយ ហៀង ស្នងការរង នៃនគរបាលខេត្តបាត់ដំបងរូបនេះ មិនបានបញ្ជាក់ពីចំណាត់ការផ្លូវច្បាប់ចំពោះ អធិការ និងមន្ត្រីនគរបាលពាក់ព័ន្ធ នៃអធិការដ្ឋានស្រុកភ្នំព្រឹក ក្នុងសំណុំរឿនេះនោះទេ។

មហាជនមានការហួសចិត្តជាខ្លាំង ចំពោះមន្ត្រីនគរបាលស្រុកភ្នំព្រឹក ដែលធ្វើហួសពីតួនាទីភារកិច្ច ដើម្បីជាថ្នូរនឹងលុយពីរលានរៀល។ មហាជនរង់ចាំមើលថាតើ មន្ត្រីគនរបាលថ្នាក់លើ នឹងមានវិធានការបែបណាចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួនដែលមិនគោរពតួនាទី និងមិនគោរពច្បាប់ ដោយសង្ឃឹមថា មិនម៉ាម៉ាយកតែស៊ងនោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង