ចាប់បានហើយ ឃាតករ ដែល រឹត ក សម្លាប់យុវជនជាបុគ្គលិកផ្ទះសំណាក់ ប្លន់យកម៉ូតូនិងទូរស័ព្ទ!
ខេត្តកណ្តាល ៖ កុកតែងតែភ្លេចជុង ប៉ុន្តែ ជុង នៅតែរង់ចាំកុកជានិច្ច ! នៅចាំបានទេ យុវជន ដែលជាបុគ្គលិក ផ្ទះសំណាក់មួយកន្លែង ត្រូវបានជនសង្ស័យ ២នាក់ រឹត ក សម្លាប់ ហើយប្លន់យកម៉ូតូ មួយគ្រឿង ជិះគេចខ្លួនបាន ជាង១០ថ្ងៃ ពេលនេះ កងកំលាំងអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនបានហើយ។
សូមបញ្ជាក់ផងដែរថា ករណីរឹត ក សម្លាប់បុគ្គលិកផ្ទះសំណាក់យីហោ៣៦២ ប្លន់យកម៉ូតូនិងទូរស័ព្ទ នោះ កើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទី១ឈ្មោះ ថា ធុល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ទី២ ឈ្មោះខឹម សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស្អាប់ ស្នាក់នៅភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ជនសង្ស័យឈ្មោះ ថា ធុល បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុខ្លួនបានទូរសព្ទ័ហៅឈ្មោះ ខឹម សំណាង ឲ្យយកផាស្អាប់ដឹកខ្លួនពីកៀនស្វាយទៅកំពង់ចាម ពេលជិះមកដល់ក្រុងតាខ្មៅ ផាស្អាប់ខូចក៏យកទៅផ្ញើនៅមន្ទីរពេទ្យជ័យជម្នះ រួចក៏ហៅផ្អាប់ជិះទៅដេកផ្ទះសំណាក់កើតហេតុ និងនាំគ្នាជក់គ្រឿងញៀនបណ្ដើររៀបចំផែនការសម្លាប់ជនរងគ្រោះបណ្តើរ ដើម្បីលួចយកម៉ូតូនៅផ្ទះសំណាក់។
បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នារួច ជនសង្ស័យក៏ហៅជនរងគ្រោះឲ្យយកស្រាបៀពីរកំប៉ុងចូលក្នុងបន្ទប់ ពេលនោះក៏ច្រានជនរងគ្រោះដួលផ្កាប់មុខលើពូក ហើយទាញកន្សែងពោះគោរឹត ក ជនរងគ្រោះ ថែមទាំងបានស្រែកឲ្យឈ្មោះ ខឹម សំណាង យកខ្នើយសង្កត់លើមុខជនរងគ្រោះរហូតដាច់ខ្យល់ស្លាប់។ ពេលជនរងគ្រោះស្លាប់ខ្លួនបានឲ្យឈ្មោះ ខឹម សំណាង នៅយាមជនរងគ្រោះ ហើយខ្លួនជាអ្នកទៅកាច់សោលួចម៉ូតូ។ ក្រោយពីកាច់សោលួចម៉ូតូបានហើយ ទើបចូលទៅហៅឈ្មោះ ខឹម សំណាង ចេញក្រៅរួចជិះឌុបគ្នាទៅកៀនស្វាយ ដោយបានទូរសព្ទ័ទៅឈ្មោះជាង ម៉ាប់ ហៅចេក ដើម្បីណាត់ជួបគ្នាទិញម៉ូតូនៅក្បែរវត្តនិរោធក្នុងតម្លៃ៤០០ដុល្លារ យកមកចែកគ្នាបានម្នាក់២០០ដុល្លារ។ ចំណែកជនសង្ស័យឈ្មោះ ខឹម សំណាង បានសារភាពថា ខ្លួនជាអ្នកទិញថ្នាំញៀននិងជក់ជាមួយឈ្មោះ ថា ធុល និងពិតជាបានចូលរួមធ្វើសកម្មភាពដូចការរៀបរាប់ខាងលើរបស់ឈ្មោះ ថា ធុល ប្រាកដមែន៕