តើយាយ គង់ មេបនល្បែងខុសច្បាប់ មានអនុភាពប៉ុណ្ណា បានជាដាវអាជ្ញារបស់លោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ កាប់មិនមុត!!

ភ្នំពេញៈ គិតសព្វៗទៅដាវអាជ្ញារបស់លោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ ពិតជាច្រេះចាប់កាប់លែងមុតមែនហើយ បានជាបណ្តោយឲ្យមេបនល្បែងឈ្មោះថា យាយ គង់ អាចបន្តរបររកស៊ីហ្គាមបាញ់ត្រីខុសច្បាប់បានយ៉ាងរលូនដដែល។ មិនអាចបដិសេធបានទេ គោលនយោបាយភូមិ/សង្កាត់មានសុវត្តិភាព បានចែងច្បាស់ណាស់ពីល្បែងស៊ីសង ដែលនាំឲ្យកើតមានភាពអសន្តិសុខនៅក្នុងសង្គម។

ប្រភពពីប្រជាពលរដ្ឋដែលសុំមិនបង្ហាញអត្តសញ្ញាណបានឲ្យសារព័ត៌មាន ក្រៀល ហតញូស៍ យើងដឹងថា យាយ គង់ មេបនល្បែងដុះស្លែ ឥតខ្លាចញញើតច្បាប់នេះ មានទូរហ្គែមបាញ់ត្រីពីរកន្លែង ដោយមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៧២ និងមួយកន្លែងទៀតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា កាលពីពេលកន្លងទៅ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រួមទាំងលោកវរសេនីយ៍ឯក ទៀង ចន្ទ័សារ អធិការនគរបាលខណ្ឌ ធ្លាប់មានចំណាត់ការចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់របស់យាយ គង់ ខាងលើនេះដែរ តែក៏លួចបើកដំណើរការវិញយ៉ាងរលូន ព្រមទាំងទទួលក្រុមអ្នកញៀនល្បែង ក៏ដូចជាក្រុមជនសង្ស័យញៀនថ្នាំនាំគ្នាមកពួនសម្ងំលាក់ខ្លួនប្រើប្រាស់ថ្នាំញៀនទៀតផង។ មែនទែនទៅចំណាត់ការដូចចំអិនក្តាមនេះ អាចនិយាយបានថា ធ្វើឲ្យល្អមើលតែប៉ុណ្ណោះ ព្រោះបន្ទាពីបិទបានប៉ុន្មានថ្ងៃ ក៏បើកឡើងវិញ មិនខុសអីពីក្មេងលេងបិទពួនឡើយ ធ្វើឲ្យប្រជាពលក្នុងខណ្ឌដូនពេញរិះគន់ថា ចំណាត់ការគ្មានប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរថា ជុំវិញករណីនេះកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ អ្នកសារព័ត៌មានយើង បានទូរស័ព្ទទៅលោក ទៀង ច័ន្ទសា អធិការខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញដែរ តែទូរស័ព្ទចូលហើយ អត់មានអ្នកទទួល។ ទោះជាយ៉ាងនេះក្តី អង្គភាពយើងសង្ឃឹមថា លោកទាំងពីរនឹងមានវិធានប្រកបដោយប្រសិទ្ធភាពជាងមុន៕

សារព័ត៌មាន ក្រៀល ហតញូស៍ៈ 088 800 98 33 /096 200 98 33.

អត្ថបទដែលជាប់ទាក់ទង