ផ្ទះជិត១០០ខ្នង រងការខូចខាត ដោយសារ ខ្យល់ កន្ត្រាក់​ នៅស្រុក​ព្រៃនប់

ខេត្តព្រះសីហនុ ៖ តាម​របាយការណ៍ របស់​រដ្ឋបាល​ស្រុក​ព្រៃនប់ បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃត្រង់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ នេះ​ករណី​ខ្យល់ កន្ត្រាក់ ដែលជា​ព្យុះ​រដូវ បោកបក់​ពី​ភ្នំ​កំចាយ នៅ​ស្រុក​ព្រៃនប់ នៅតែ​បន្ត​ធ្លាក់​ខ្លាំង ប៉ះពាល់​មកលើ ឃុំ​មួយចំនួន តាមផ្លូវ​ជាតិ​លេខ​៣ (​វាលរេញ​-​កំពត​) មានផ្ទះ​ពលរដ្ឋ​ជាង ៥០ ខ្នង​ផ្សេងទៀត នៅ​ឃុំ​ទឹកល្អក់ បាន​រង​ការខូចខាត ភាគច្រើន របើក​ដំបូល និង​ជញ្ជាំង​។

​បើគិតចាប់តាំងពី​វេលា​ទៀបភ្លឺ ថ្ងៃទី​៣០​រហូតមកដល់ វេលា​ថ្ងៃត្រង់ ថ្ងៃទី​៣១ ខែធ្នូ នេះ ខ្យល់ព្យុះ​កន្ត្រាក់ បាន​បំផ្លាញ ផ្ទះ​ពលរដ្ឋ សរុប​ជិត ១០០ ខ្នង​ផ្ទះ​ហើយ លើ​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​ទឹកថ្លា និង​ឃុំ​ទឹកល្អក់ ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះ ថ្នាក់​ទេ​។ ទោះជា​យ៉ាងនេះ​ក្តី អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ខ្យល់ព្យុះ​នេះ​នៅ​មិន ទាន់​ថមថយ នៅឡើយ​ទេ​។​

​​មន្ត្រី​មូលដ្ឋាន​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ បានអោយដឹងថា នេះ​ជា​រដូវ​ខ្យល់​ធ្លាក់ ពី​ទិស​ខាងជើង ភ្នំ​កំចាយ ដែល​តែង​វាយប្រហារ មកលើ​ឃុំ​មួយចំនួន តាមផ្លូវ​ជាតិ​លេខ​៣ (​វាលរេញ​-​កំពត​) ស្ទើរតែ​រាល់​ឆ្នាំ ដោយ​គ្រាន់តែ​ឆ្នាំ​ខ្លះ ធ្ងន់ធ្ងរ និង​ឆ្នាំ​ខ្លះ មិនសូវ​ធ្ងន់ធ្ងរ។ ចំពោះ​ស្ថានភាព​ខ្យល់​កន្ត្រាក់​នេះ បើ​នៅតែ​បន្ត​កើតមាន​ច្រើន ថ្ងៃ​ទៀត ការខូចខាត​ផ្ទះ​ពលរដ្ឋ អាច​នឹង​កើនឡើង​បន្ថែមទៀត​៕

អត្ថបទដែលជាប់ទាក់ទង