កម្ពុជាស្នើជប៉ុនជួយពិចារណាលើគម្រោងកែច្នៃផលិតផលកសិកម្ម
កម្ពុជាតាមរយៈរដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើទៅកាន់ភាគីជប៉ុនជួយពិនិត្យពិចារណាលើគម្រោងដែលទាក់ទងការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយបង្កើនតម្លៃបន្ថែម ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព។ទាក់ទងនឹងសំណើនេះដែរ ប្រធានថ្មីរបស់អង្គការ JICA ប្រចាំកម្ពុជា បានសន្យាថានឹងយកសំណើនេះទៅពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុន។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម តាមរយៈអង្គការJICAបានស្នើទៅកាន់ភាគីជប៉ុន មេត្តាជួយពិនិត្យពិចារណាលើគម្រោងដែលទាក់ទងការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយបង្កើនតម្លៃបន្ថែម ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព បង្កើតការងារ បង្កើនចំណូលគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ការស្នើនេះបានធ្វើឡើងក្នុងឱកាសដែលលោកវេង សាខុន បានទទួលជួបជាមួយលោកស្រីKAMEI Haruko ប្រធានថ្មីរបស់អង្គការ JICA ប្រចាំប្រទេសកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ។
ទាក់ទងនឹងសំណើខាងលើរបស់កម្ពុជា លោកស្រី KAMEI Haruko ក៏បានសន្យាថានឹងយកសំណើនេះទៅពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុន ហើយសង្ឃឹមថានឹងជម្រាបជូនលោករដ្ឋមន្រ្តីនៅពេលអនាគត។ នៅក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនតាមរយ:អង្គការ JICA ដែលបានជួយកសាង និងអភិវឌ្ឍកម្ពុជារហូតមកទល់បច្ចុប្បន្ន។ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ហើយជាពិសេសនោះគឺវិស័យកសិកម្មផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា រាល់គម្រោងឬកម្មវិធីដែលឧបត្ថម្ភដោយJICAបាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាព បង្កើនបរិមាណផលិត ធានាបានទាំងបរិមាណ គុណភាព សុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេស។
នាឱកាសនោះដែរក្នុងនាមឲ្យអង្គការJICA លោកស្រី KAMEI Haruko បានថ្លែងអំណរគុណចំពោះពេលវេលារបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួប និងពិភាក្សាការងារដែលត្រូវអនុវត្តបន្តនិងគម្រោងថ្មីៗបន្តបន្ទាប់ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងជាពិសេសអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃការរាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។ សូមជម្រាបជូនថា ថ្មីៗនេះក្រសួងបានស្នើទៅឯកអគ្គរាជទូតតាមរយ:អង្គការ JICA នូវគម្រោងចំនួន១៩ទៀត ដើម្បីពិនិត្យលទ្ធភាពជួយអភិវឌ្ឍលើអនុវិស័យផ្សេងៗទៀត ហើយភាគីទាំងពីរថានឹងជួបពិភាក្សាគ្នាលម្អិតនាពេលដ៏ខ្លីខាងមុខ៕