រងគ្រោះព្រោះដីឡើងថ្លៃ ក្រុមអនាធិបតេយ្យ ខ្ចីដៃប្រជាពលរដ្ឋរំលោភបំពានលើដីមានម្ចាស់!!

បច្ចុប្បន្ននេះ សន្ទុះហាងឆេងដីធ្លីមានការហក់ឡើងខ្ពស់គួរជាទីកត់ សម្គាល់។ នេះដោយសារកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ចរីកចម្រើន កំណើននៃការអភិវឌ្ឍន៍បន្តឆ្ពោះទៅមុខឥតឈប់ឈរ។ ទន្ទឹមនិងការរីកចម្រើនលើគ្រប់វិស័យ យើងក៏ឃើញមានការលេចចេញនូវសកម្មភាពផ្ទុយច្បាប់មួយចំនួនបានកើតឡើងផងដែរ ដូចជាការរុករានទន្ទ្រាកាន់កាប់ដោយទុច្ចរិតជាដើម។

រូបភាពនៃការរំលោភបំពានដីធ្លីពីសំណាក់អ្នកមានលុយ មានអំណាចខ្លះ ទៅលើបងប្អូនប្រជាពលរដ្ឋ ស្លូតត្រង់ ឬអ្នកតូចតាចជាងខ្លួន យើងបានឃើញ និងឮឡើងស៊ាំទៅហើយ ជាហេតុធ្វើឲ្យថ្នាក់ដឹកនាំឈឺក្បាល ក្រពុលមុខគ្រប់ដង្ហើមចេញចូល។ តែមែនទែនទៅ បើយើងសិក្សាឲ្យដល់ រូបភាពនៃការយំយែកទាមទារខ្លះរបស់ប្រជាពលរដ្ឋ ក៏មិនប្រាកដ ថាការពិតទាំងស្រុងដែរ គ្រាន់តែជាការបំភាន់ ក្នុងគោលបំណងចង់ទទួលបានប្រយោជន៍ណាមួយតែប៉ុណ្ណោះ។ តួយ៉ាងករណីលើកគ្នាមកទាមទារ ដោយមានទាំងទឹកភ្នែក ទឹកសម្បោរផង របស់ប្រជាពលរដ្ឋចំនួន ១៣៧ គ្រួសារ នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាដើម ដោយចោទប្រកាន់ថាលោក ប៉ាន់ ចាន់ផល បានរំលោភបំពានយកដីរួមរបស់ពួកគាត់។

មិនអាចនៅស្ងៀមបាន ក្រុមអ្នកសារព័ត៌មានប្រមាណប្រាំអង្គភាព ក្នុងរួមមានៈ សារព័ត៌មាន ក្រៀល ហតញូស MC Cambodia page តាព្រហ្ម AK និងសារព័ត៌មាន TNTV បានរួមគ្នាចុះទៅសិក្សា ស្រាវជ្រាវពីករណីនេះ ដោយព្យាយាមសុំជួបលោក ប៉ាន់ ប៊ុនផល និងអ្នកជាប់ពាក់ព័ន្ធក្នុងករណី នេះផងដែរ។

បើតាមលោក ប៉ាន់ ចាន់ផល បានលើកឡើងថា លោកមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ លោកមិនបាន រំលោភបំពានបងប្អូនណាទេ គឺលោកបានទិញពីប្រជាពលរដ្ឋម្ចាស់ដើមដោយស្របច្បាប់។        លោកបាន បញ្ជាក់ថាៈ លោកបានចុះសិក្សាពីដីនៅទីនេះតាំងពីឆ្នាំ២០០៨-២០០៩មកម៉្លេស ដោយជួបជាមួយ ប្រជាពលរដ្ឋ សុំទិញដីរួមពីពួកគាត់ តែត្រូវបានប្រជាពលរដ្ឋលើកប្រាប់ថា ដីរួម ១៥ ហិកតា បានលក់ ឲ្យទៅមន្ត្រីតុលាការបាត់ហើយ។ ដោយសារស្រលាញ់ពេញចិត្តដីតំបន់នោះ ណាមួយរូបលោកមាន គោលបំណងអភិរក្ស និងអភិវឌ្ឍផងនោះ លោក ប៉ាន់ ចាន់ផល បានសុំទិញដីឯកជនពីប្រជាពលរដ្ឋ បន្តិចម្នាក់ៗ ប្រមានណជាង ២០ គ្រួសារ ស្មើនិង ជាង ៣០ ប័ណ្ណ នៅក្នុងអំឡុងឆ្នាំ២០១០ ដល់ ឆ្នាំ២០១៣។ រួចលោកបានធ្វើការកាប់ឆ្ការ ដាំដំណាំវិលជុំ ដើមស្វាយ ដើមប្រេងខ្យល់ ដោយគ្មានការជំទាស់ រារាំង ពីភាគីណាមួយនោះឡើយ។

គួររំលឹកផងដែរថា បន្ទាប់ពីសន្សំទិញបានពីប្រជាពលរដ្ឋហើយ ក្នុងអំឡុងឆ្នាំ២០១៤ លោក ប៉ាន់ ចាន់ផល បានធ្វើប័ណ្ណកម្មសិទ្ធិតាមទំហំដីដែលបានទិញពីប្រជាពលរដ្ឋម្នាក់ៗ។ តែដើម្បីឲ្យកាន់តែមានភាព ងាយស្រួលក្នុងការគ្រប់គ្រង នៅឆ្នាំ២០១៨ លោកក៏បានស្នើសុំបញ្ចូលប័ណ្ណកម្មសិទ្ធិករតូចៗរបស់លោកទាំង នោះ បញ្ចូលគ្នាជាប័ណ្ណតែមួយ ស្របពេលដែលមន្ត្រីសុរិយោដីខេត្ត រៀបចំចុះបញ្ជីក្បាលដីជាលក្ខណៈ ប្រព័ន្ធជូនប្រជាពលរដ្ឋ នឹងដោយមានការបិទផ្សាយព័ត៌មាន ជូនដំណឹងដល់ប្រជាពលរដ្ឋជាច្រើនថ្ងៃ ផងដែរ។ ទោះជា យ៉ាងនេះក្តីការស្នើសុំ ទំហំ ព្រំដី របស់លោកគឺមិនត្រូវបានភាគីណាមួយរារាំង ឬជំទាស់ ថាមិនត្រឹមត្រូវនោះទេ គឺរលូនស្របតាមនីតិវិធីច្បាប់។ លុះឆ្នាំ២០១៩ លោកក៏ទទួលបានប្លង់ទំហំដីរួមពី មន្ត្រីសាមីដែលមាន លេខប័ណ្ណៈ០៥០៧១០០៧_០៧៦៤ ទំហំ ២២០៣៨៨ ម៉ែត្រការ៉េ ស្ថិតនៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាប្រភេទដីកសិកម្ម ដោយលោកបានបន្តកាន់កាប់ដោយ សុខសប្បាយរហូត។ ស្រាប់តែអំឡុងបុណ្យភ្ជុំឆ្នាំ២០២០នេះ ក៏លេចមុខប្រជាពលរដ្ឋពីរបីគ្រួសារ ចោទប្រកាន់លោកថាបានរំលោភយកដីឯកជនរបស់ពួកគាត់។ តែប្រហែលគិតថាមិនអាចឈ្នះ ពួកគាត់ ក៏កេណ្ឌអ្នកភូមិជាង ១០០ គ្រួសារ មកតវ៉ាទាមទារ ដោយលើកនេះចោទលោកថា រំលោភយកដីរួមរបស់ពួកគាត់ទៅវិញ។ អ្វីដែលហួសចិត្តនោះអង្គហេតុនៃពាក្យបណ្តឹង ប្តឹងពីកន្លែងមួយទៅកន្លែងមួយ គឺមិនដូចគ្នានោះឡើយ។

លោក ប៉ាន់ ចាន់ផល បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះប្រាកដជាមានក្រុមចាត់តាំងនៅពីក្រោយខ្នងហើយមើលទៅ ដោយប្រហែលពួកគាត់គិតថា ដីឥឡូវមានតម្លៃខ្ពស់ ដូច្នេះត្រូវអនុវត្តតាមគោលគំនិត ឥតខ្មាស់អៀនគឺ (ឈ្នះបានដី ចាញ់បានលុយ) បង្កើតរឿងឲ្យថ្នាក់ដឹកនាំឈឺក្បាលឥតល្ហែ។ លោកបានបន្ថែមថាៈ បើជាដីរបស់គាត់ ម៉េចពួកគាត់មិនតវ៉ាពេលដែលលោកកំពុងធ្វើការឈួសឆាយ កាប់ឆ្ការ ដាំដុះ!! ពិសេសពេលបិទប្រកាសចុះបញ្ជីដីធ្លី? មកតវ៉ាអីពេលហ្នឹង! ពួកគាត់អះអាងថា កាន់កាប់តាំងពីឆ្នាំ១៩៨០ ចុះឯណាឯកសារកាន់កាប់។
មិនខុសអ្វីពីលោក ប៉ាក់ ចាន់ផល លោក កេត សុខុម មេឃុំស្គុះ បានលើកឡើងស្រដែងគ្នាផងដែរ។ លោកមេឃុំបានបញ្ជាក់ថា ពាក់ព័ន្ធក្បាលដីលេខ ៧៦០ និង ៧៦១ របស់លោក ប៉ាក់ ចាន់ផល ប្រជាពលរដ្ឋបានប្តឹងមកខ្ញុំ ខ្ញុំបានសួរថា ប្តឹងរឿងអី ហើយឯណាឯកសារ (អ្នកមកប្តឹងគឺគ្មានឯកសារដីទេ) ខ្ញុំគ្មានសិទ្ធិទេ ព្រោះដីគេមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ បើចង់ប្តឹង ប្តឹងទៅតុលាការទៅ! លោកមេឃុំ បានបន្ថែមថា ដីរួម១៥ហិកតានោះ មិនមានទៀតទេ ព្រោះដីនោះអតីតមេភូមិដូនអាត់លោក លាស់ គីង យកលក់ទៅឲ្យមន្ត្រីតុលាការបាត់ហើយ។

បើតាមលោក កេត សុខុម បានឲ្យក្រុមការងារយើងដឹងបន្ថែមថា ករណីនេះក៏ធ្លាប់មានការបើកវេទិកា សាធារណៈជជែកដេញដោលម្តងផងដែរ កាលពីខែកញ្ញា ឆ្នាំ២០២០កន្លងទៅ និងមានការអញ្ជើញចូលរួម ដោយលោកជំទាវអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្រុមការងារថ្នាក់ជាតិចុះជួយឃុំស្គុះទៀតផង ហើយ ជាលទ្ធផល គឺប្រជាពលរដ្ឋគ្មានឯកសារកាន់កាប់ដីនោះទេ ដូច្នេះមិនអាចចោទលោក ប៉ាក់ ចាន់ផល បាន ឡើយ។

ប្រភពពីប្រជាពលរដ្ឋម្ចាស់ស្រុកបានឲ្យដឹងថា អ្នកនៅពីក្រោយខ្នងនៃការតវ៉ានេះ គឺជាអតីតសកម្មជន គណបក្សប្រឆាំង ដែលពួកគេធ្វើនេះក្នុងគោលបំណងពីរសំខាន់ ទី១ ដើម្បីផលប្រយោជន៍ក្រុមពួកគេ (ឈ្នះបានដី ចាញ់បានលុយ) ដោយយកប្រជាពលរដ្ឋជាខែល និងទី២ ដើម្បីប្រជោជន៍នយោបាយក្រៅឆាក របស់ពួកគេ៕

 

អត្ថបទដែលជាប់ទាក់ទង