ភរិយារបស់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ឯកឧត្តម ឆែម សាវុធ ឆ្លងជំងឺកូវីដ១៩
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា នេះថា ក្រោយពីរកឃើញភរិយារបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ឯកឧត្តម ឆែម សាវុធ ឆ្លងជំងឺកូវីដ១៩រួចមកក្រុមគ្រូពេទ្យ បានចេញធ្វើការទាំងយប់ ដោយទៅយកអ្នកជំងឺនៅផ្ទះ ក្នុងបុរីប៉េងហួត តាមផ្លូវ៦០ម៉ែត្រ មកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងធ្វើតេស្តរកមេរោគកូវីដ១៩ លើ ក្រុមគ្រួសាររបស់គាត់ និង ស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ផ្សេងទៀត។
ជាមួយគ្នានោះ លោកជំទាវ យក់ សម្បត្តិ ក៏បាន បន្ថែមថា ក្រសួងសុខាភិបាល ក៏បាន ណែនាំឲ្យមន្ទីរសុខាភិបាល ខេត្តសៀមរាប បញ្ជូនគ្រូពេទ្យ ចេញធ្វើការទាំងយប់ដែរ ដើម្បីស្វែងរក អ្នកពាក់ព័ន្ធជាមួយ ស្ត្រីអ្នកជំងឺកូវីដនេះ ដោយសារគាត់មានផ្ទះនៅសៀមរាប។ គាត់បានទៅនៅសៀមរាប ដូចជា ៤ ទៅ ៥ថ្ងៃដែរ ។
លោកជំទាវ យក់ សម្បត្តិ បន្ថែមថា «ស្ត្រីអ្នកជំងឺកូវីដ១៩ ដែលជាភរិយា ឯកឧត្តម ឆែម សាវុធ មានរោគសញ្ញា តាំងពី ១០ថ្ងៃមុន។ កាលពីថ្ងៃសៅរ៍មុន គាត់ទៅញ៉ាំអី នៅផ្សារអ៊ីអន១ ហើយគាត់ឡើងចុះភ្នំពេញ-សៀមរាប ។ គាត់ឥឡូវនេះ នៅភ្នំពេញ។ ព្រឹកមិញ គាត់ឡើងជណ្តើរ ៣កាំ ក៏ហត់ដែរ ហើយគាត់ធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ-សូវៀត គឺឥឡូវនេះ ឃើញថា វិជ្ជមាន ហើយមន្ទីរពេទ្យប៉ាស្ទ័រ បញ្ជាក់ថា វិជ្ជមាន។ អ្វីដែលយើងព្រួយបារម្ភ មិនដឹងថា គាត់ទាក់ទងទៅខាងណាខ្លះ? ហើយឯកឧត្តម ឆែម សាវុធ លឺថា បានមកប្រជុំនៅក្រសួងមហាផ្ទៃ។ អីចឹង ខ្ញុំសូមជូន ព័ត៌មាន ទៅក្រុមយើង បើសិននរណាមានការពាក់ព័ន្ធសុំឲ្យ ជួយជូនដំណឹងមកថែមទៀត ដើម្បីយើងបញ្ជូនក្រុមពេទ្យ ឲ្យចេញធ្វើការទាំងយប់។ ខ្ញុំក៏បានបញ្ជូនសារនេះ បញ្ជូនសារនេះទៅមន្ទីរសុខាភិបាល នៅខេត្តសៀមរាប ដើម្បី ឲ្យចេញធ្វើការទាំងយប់ដែរ សម្រាប់ ចេញធ្វើការទាំងយប់ដែរ ពីព្រោះគាត់បានចេញទៅនៅខេត្តសៀមរាប ដោយសារគាត់មានផ្ទះនៅសៀមរាប។ គាត់បានទៅនៅសៀមរាប ដូចជា ៤ ទៅ ៥ថ្ងៃដែរ ។ នៅថ្ងៃនេះ យើងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ករណីដែរ »។
លោកជំទាវ យក់ សម្បត្តិ ក៏បានបន្ថែមថាក្រសួងសុខាភិបាល កំពុងស្នើសុំ គោលការណ៍ថ្នាក់ដឹកនាំ ដើម្បីធ្វើតេស្តថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយសារតែក្នុងកិច្ចប្រជុំធំមួយ ឃើញមានឯកឧត្តម ឆែម សាវុធ នៅក្នុងហ្នឹង ហើយឃើញមាន ថ្នាក់ដឹកនាំច្រើនណាស់។ ដូច្នេះហើយថ្នាក់ដឹកនាំ ដែលបានចូលរួមប្រជុំ យើងនឹងសុំ អនុញ្ញាតធ្វើតេស្ត ហើយនឹងសុំ ឲ្យគាត់ធ្វើចត្តាឡីស័ក ហើយបន្ទាប់មក នឹងសួរ ថ្នាក់ដឹកនាំ គាត់នឹងបន្តជួបនៅកន្លែងណាស់ខ្លះ។ អ្វីដែលយើងព្រួយបារម្ភ គឺអាចនឹង ពាក់ព័ន្ធទ្រង់ទ្រាយធំ ដែលយើងនឹង បន្តស្រាវជ្រាវ ។
ជាគោលការណ៍ចំពោះមុខនេះ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបិទផ្សារទំនើបអ៊ីអន១ នៅភ្នំពេញដោយសារតែស្ត្រីខ្មែរ ដែលទើបរកឃើញជំងឺកូវីដ១៩នេះ បានដើរផ្សារនោះ មុនពេលពិនិត្យរកឃើញកើតជំងឺកូវីដ១៩៕