ចប់បាត់! នេះបានពិតជាគ្មានឆន្ទៈ គ្មានមនសិការ ល្បែងស៊ីសងប្រជល់មាន់នៅក្រោយប៉ុស្ដិ៍រដ្ឋបាលឃុំត្រពាំងសាប ពលរដ្ឋស្នើឲ្យស្នងការនគរបាលខេត្តតាកែវជួយមានវិធានការផង
ខេត្តតាកែវ: សង្វៀនជន់មាន់ និងអាប៉ោងដុះស្លែ ស្ថិតនៅខាងក្រោយប៉ុស្ដិ៍រដ្ឋបាលឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា បានបើកលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ប៉ុន្តែប៉ូសិសប៉ុស្តិ៍ដែលនៅក្បែរនោះ ហាក់មិនរវីរវល់នោះឡើយ ដោយរវល់តែចុចទូរស័ព្ទលេងហ្គេម លេងហ្វេសប៊ុកទៅវិញ នេះបានពិតជាគ្មានឆន្ទៈ មនសិការការងារអីបន្តិច បើតែយ៉ាងៗហ្នឹង ទុកមិនចំណេញ គួរតែដកចេញចំណេញជាង។
សកម្មភាពលេងល្បែងស៊ីសង នៅខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប លោកមេប៉ុស្តិ៍បានប្រាប់ឲ្យដឹងបែបឡប់ឡិនថា ដោយសារពេលថ្មីៗនេះមានជំងឺកូវីតផង និងគ្រោះទឹកជំនន់ផងអញ្ចឹងហើយបានជាមានអ្នកញៀនល្បែងជុំគ្នា។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា ម្ចាស់ទីតាំងល្បែងនេះ មានឈ្មោះ យ៉ត បានបើកលេងរាប់ឆ្នាំមកហើយ ដោយគេចាក់ភ្នាល់សុទ្ធតែរាប់រយ រាប់ពាន់ដុល្លារ ហើយអ្នកចូលទៅលេងមានទាំងមន្រ្តី មានទាំងអ្នកមានលុយ មានអំណាច សិស្សសាលាជាដើម។
ជុំវិញករណីនេះ លោក ឡេង វណ្ណា នាយប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងសាប បានថ្លែងថា ពិតជាមានការលេងល្បែងនៅខាងក្រោយប៉ុស្ដិ៍ពិតមែន ហើយជារបស់ឈ្មោះ យ៉ត តែដោយសារលោកគ្មានកម្លាំងគ្រប់គ្រាន់ចុះទៅបង្ក្រាប ទើបទុកសិន ព្រោះកម្លាំងលោកជាប់យាមនៅតាមផ្សារអស់ទៅហើយ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើរដល់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សូមមេត្តាមានវិធានការផង ព្រោះវង់ល្បែងនៅខាងក្រោយប៉ុស្តិ៍ប៉ូលិសទៅហើយ ដោយវាបង្ករហានិភ័យចំពោះសន្តិសុខភូមិឃុំ ហើយក្នុងនោះពួកគាត់ក៏លែងមានជំនឿលើលោក ឆាយ កែវមុន្នី អធិការស្រុកបាទី ដែលទើបតែឡើងកាន់ដំណែងថ្មីៗនោះផងដែរ ព្រោះគ្មានយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តនោះទេ៕
ការិយាល័យទំនាក់ទំនងសារព័ត៌មាន ក្រៀល :088 800 98 33 / 096 200 98 33. សូមអរគុណ!