សមត្ថកិច្ចសង្រ្គោះត្រីចំរុះ១០០គីឡូក្រាម និងបំផ្លាញឧបករណ៍ចាប់ត្រី៩ខ្សែ
ខេត្តពោធិ៍សាត់ៈ មន្រ្តីជំនាញផ្នែករដ្ឋបាលជលផលរាំងទិល និងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ ដោយចាក់លែងត្រីចូលបឹងធម្មជាតិ និងបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាងផងដែរ ។
ករណីមន្រ្តីជំនាញ និងយោធាសហការបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងកាលពីថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចដូនឡំ ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកនាយផ្នែករដ្ឋបាលជលផលរាំងទិលបានឲ្យដឹងថាលទ្ធផល កម្លាំងសហការអនុវត្តបានរួមមានៈ របាំងស្បៃមុងចំនួន៩ខ្សែ ស្មើនិងប្រវែងចំនួន២៤០០ម៉ែត្រ លូកងស្បៃមុងចំនួន១៩មាត់ បង្គោលចំរឹងចំនួន១៨០០ដើម និងចាក់លែងត្រីល្អិតៗចំរុះចូលក្នុងទឹកបឹងធម្មជាតិ(បឹងទន្លេសាប)ទម្ងន់ចំនួន១០០គីឡូក្រាមផងដែរ ។
លោក នាយផ្នែកបន្តទៀតថា ឧបករណ៍កែច្នៃចាប់ត្រីត្រូវបានបង្រ្កាបខាងលើ បំផ្លាញចោលនៅនឹងកន្លែង ហើយការងារពាក់ព័ន្ធឧបករណ៍ខុសច្បាប់ស្ដីពីជលផលនេះ លោកសន្យាបន្តដឹកនាំចុះពិនិត្យ និងបង្រ្កាបឲ្យដូចភ្លៀងរលឹម៕
ដោយៈ គង្គា