ចុមម៉េចចឹង…!! មានសាលដីកាសម្រេចរក្សាការពារប៉ុណ្ណឹងហើយ នៅតែបំពានទៀត??

ដីវិវាទរ៉ាំរ៉ៃអូសបន្លាយជាច្រើនឆ្នាំទំហំ ២៥.៨៨៩៧ ហិកតា មានទីតាំងនៅភូមិលាជ ឃុំអូរឬស្សី ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង ចេញសាលដីកាសម្រេចរក្សាការពារ លេខ ០៧ ដ ក ស រ ក ព ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១២នោះ ត្រូវបានក្រុមអ្នកស្រី យឹន ដារ៉ាភួង និងលោក ហែម វណ្ណសឿន ព្យាយាមប៉ុនប៉ងវាស់វែងយកមកធ្វើជាកម្មសិទ្ធរបស់ក្រុមខ្លួន ដោយមានទាំង មន្ត្រីសុរិយោដី មន្ត្រីសាលាស្រុកកំពង់ត្រឡាច និងមន្ត្រីមូលដ្ឋានចូលរួមយ៉ាងច្រើនកុះករ ហាក់ដូចជាមិន ខ្វល់ទៅនឹងសេចក្តីសម្រេចរបស់តុលាការនោះឡើយ។ តែសកម្មភាពផ្គើនទៅនិងសាលដីកាសម្រេចរក្សា ការពាររបស់ក្រុមអ្នកស្រី យឹន ដារ៉ាភួង និងលោក ហែម វណ្ណសឿន មិនបានសម្រេចនោះទេ ព្រោះត្រូវបាន ប្រជាពលរដ្ឋរងគ្រោះប្រមាណ ៣៤គ្រួសារ ដែលជាម្ចាស់ដីពិតប្រាកដចូលមករារាំង មិនអនុញ្ញាតឲ្យធ្វើការ វាស់វែងបំពានច្បាប់នោះឡើយ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។
បើតាមលោក គឹង ចាន់ឌឿន មេធាវីការពារក្តីជូនប្រជាពលរដ្ឋទាំង៣៤គ្រួសារ បានមានប្រសាសន៍ថាៈ លោកអភិបាលស្រុកកំពង់ត្រឡាច បានបញ្ជាឲ្យបញ្ឈប់ការវាស់វែងជាបណ្តោះអាសន្នសិន បន្ទាប់ពីលោក ក្នុងនាមជាមេវី និងមន្ត្រីពាក់ព័ន្ធបានជួបពិភាក្សា ផ្ទៀងផ្ទាត់ឯកសារអស់រយៈពេលជិតមួយម៉ោងរួចមក។
គួររំលឹកផងដែរថា ដីទំហំជិត ២៦ ហិកតា ដែលមានទីតាំងនៅភូមិលាជ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានប្រជាពលរដ្ឋទាំង ៣៤ គ្រួសារ លក់ទៅឲ្យជនជាតិឈ្មោះ ស៊ី លេម៉េង ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣១E0E1 ផ្លូវលេខ១២៨ ភូមិ១ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំនួន១០.៣២៨០ ម៉ែត្រការ៉េ ស្មើនិងចំនួន ១១ សន្លឹកប័ណ្ណដី ជនជាតិចិនឈ្មោះ លីវ ស៊ឹងអៀន ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៥៣០E2 ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចំនួន១៥.៧០៨៧ ម៉ែត្រការ៉េ ស្មើនិងចំនួន ២៦ សន្លឹកប័ណ្ណដី ក្នុងឆ្នាំ១៩៩៧ ដោយកក់ប្រាក់ចំនួន ១០០ ដុល្លា ក្នុងមួយគ្រួសារ ដោយសន្យាថានឹងប្រគាល់គ្រប់ចំនួន នៅពេលធ្វើប្លង់ កាត់ឈ្មោះហើយរួចរាល់។ តែការសន្យារបស់ជនជាតិចិនទាំងពីរនោះជាការសន្យាខ្យល់។
ចាប់តាំងពីប្រគាល់ប្រាក់កក់រួច ជនជាតិទាំងពីរនោះគេចបាត់រហូត ដោយគ្មានទំនួលខុសត្រូវ។ ស្រាប់តែ មួយរយៈក្រោយមកបែរលេចមុខឈ្មោះ យឹន ដារ៉ាភួង មកអះអាងថាខ្លួនជាប្រព្ធជនជាតិចិនឈ្មោះ លីវ ស៊ឹងអៀន ហើយព្យាយាមក្លែងឯកសារសាធារណៈទាក់ទងចំណងអាពាហ៍ពិពាហ៍ (សំបុត្រអាពាហ៍ពិពាហ៍) រវាងខ្លួននិងជនជាតិចិនឈ្មោះ លីវ ស៊ឹងអៀន នោះក្នុងគោលបំណងបំភាន់ថា ខ្លួនជាប្រពន្ធស្របច្បាប់ ហើយត្រូវទទួលមរតកពីប្តី ដោយមានឈ្មោះ ហែម វណ្ណសឿន ជាអ្នកជួយរៀបចំឯកសារ និងជាអ្នក ទទួលទិញដីបន្តពីឈ្មោះ យឹន ដារ៉ាភួង ផងដែរ ប្រសិនបើគម្រោងការបានសម្រេច។ តែអ្វីៗមិនដូចការគិត នោះទេ ក្រោយបែកការ ក៏ទទួលរងនូវទោសទណ្ឌតាមទង្វើរដែលខ្លួនបានប្រព្រឹត្ត។
ទោះជាយ៉ាងនេះក្តីអ្នកស្រី យឹន ដារ៉ាភួង និងលោក ហែម វណ្ណសឿន មិនបោះបង់បំណងលេបយកដីជិត ២៦ហិកតា របស់ប្រជាពលរដ្ឋទាំង ៣៤ គ្រួសារនោះឡើយ រហូតប្តឹងផ្តល់ដល់សាលាដំបូងខេត្តកំពង់ឆ្នាំង។ សាលាដំបូងខេត្តក៏បានចេញសាលដីកាសម្រេចរក្សាការពារលេខ ០៧ ដ ក ស រ ក ព ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១២ មិនឲ្យលក់ ដូរ ជួល បញ្ចាំ ផ្ទេរកម្មសិទ្ធ សាងសង់ ធ្វើមរតក ធ្វើអំណោយទាន។ ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់មានសាលក្រមសម្រេចជាស្ថាពរណាឡើយ! នេះបើយោងតាម ការ លើកឡើងពីប្រជាពលរដ្ឋរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង