ពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង
ខេត្តស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង លោកអធិការនគរបាលក្រុង លោក លោកស្រីអធិការរងនគរបាលក្រុងស្វាយរៀង លោក លោកស្រីក្រុមប្រឹក្សាសង្កាត់គយត្របែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ក្នុងក្រុងស្វាយរៀង ។
អគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក ដែលធ្វេីពិធីបញ្ចុះបឋមសិលាសាងសងនាពេលនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នឹងត្រូវកសាងពីបេតុងដែលមានទំហំ១៥,២០x ៦ម៉ែត្រ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ។
ក្នុងឱកាសនោះដែរឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក៏បានធ្វើការសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១៥គីឡូក្រាម សាប៊ូម្សៅ ០១កញ្ចប់ ទឹកស៊ីអ៊ីវ ០១យូ សាប៊ូដុសខ្លួន ០១ដុំ ម៉ាស់ចំនួន ១០ សារ៉ុង ០១ និងថវិកា ២ ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ពេទ្យមណ្ឌលសុខភាព មេភូមិ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក កម្លាំងប្រជាការពារ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល និងឧបត្ថម្ភអង្ករចំនួន ១០០គីឡូក្រាម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក៕
ប្រភពៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង