ហេតុអ្វីមិនបង្ក្រាប ឬជាឆ្នាំងបាយទេដឹង បានជាធ្វើមិនដឹមិនឮ?
កំពង់ចាម: សង្វៀនជល់មាន់ និងអាប៉ោង ដ៏ធំមួយកន្លែងនៅចំណុចភូមិឈើទឺន ក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបើកលែងជារៀងរាល់ថ្ងៃ តែបែរជាមិនរំខានដល់អធិការស្រុកស្ទឹងត្រង់សឬសមត្ថកិច្ចណាមួយមកចុះបង្ក្រាបនោះទេ ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំខ្ពបតាងួនបានឲ្យសារព័ត៌មានយើងដឹងថា សង្វៀនមាន់ជល់ ដុះស្លែមួយកន្លែងនៅចំណុចទីតាំងខាងលើនេះ មានម្ចាស់ឈ្មោះ នឿ និងដៃគូម្នាក់ទៀតឈ្មោះ ម៉ាច ដែលជាមន្ត្រីនគរបាល បានបើកលេងជាយូរណាស់មកហើយ តែមិនមានកម្លាំងសមត្ថកិច្ចណាម្នាក់ហ៊ានធ្វើការបង្ក្រាបនោះឡើយ ។
ម្ចាស់សង្វៀនជល់មាន់ដុះស្លែខាងលើ មិនដែលញញើតចំពោះសមត្ថកិច្ចណាឡោះយ ដោយសារគេមានខ្នងបង្អែកចាំជួយសម្របសម្រួល ដើម្បីឲ្យដំណើរការទៅមុខបានយ៉ាងរលូន និងផ្ដល់ភាពកក់ក្តៅសម្រាប់ក្រុមអ្នកញៀនល្បែងពាលាអាវាសែទាំងនោះ។
តាមប្រភពដដែលបន្តថា ការបើកសង្វៀននៅទីតាំងខាងលើ គឺបើកលេងជារៀងរាល់ថ្ងៃ ហើយលេងធំៗភ្នាល់រាប់ពាន់ដុល្លាថែមទៀតផង។ ថ្ងៃពិសេសមានចំនួនបីថ្ងៃក្នុងនោះមានថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ដែលមានការភ្នាល់ចាក់លុយរហូតទៅដល់រាប់ពាន់ រាប់ម៉ឺន ដុល្លារឯណោះ ។
ប្រជាពលរដ្ឋនៅតំបន់នោះ សូមសំណូមពរឱ្យអាជ្ញាធរត្រួតពិនិត្យមើលទីតាំងលេងល្បែងខាងលើថា តើមានអ្វីនៅពីក្រោយខ្នង បានជាកងកម្លាំងសមត្ថកិច្ចនៅមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប ឬមួយជាឆ្នាំងបាយរបស់អធិការស្រុកស្ទឹងត្រង់។
ប្រជាពលរដ្ឋនៅក្នុងឃុំខ្ពបតាងួនរងចាំមើលថាតើអធិការស្រុកស្ទឹងត្រង់ ហ៊ានបង្ក្រាបនៅល្បែងស៊ីសង ជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងនេះដែលទេ ដែលលោកក៏ធ្លាប់បានសន្យា ថានឹងបម្រើជូនប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាព នឹងអនុវត្តឲ្យបាននូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ទាំង ៩ ចំណុច ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់នោះ៕