អង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនអភិបាលរងខេត្តបាត់ដំបង១រូប មកសួរនាំករណីដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ភ្នំពេញ ៖ លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំមកកាន់ស្នាក់ការរបស់ខ្លួននៅរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

តាមប្រសាសន៍លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន នៅមុននេះបន្តិចនាព្រលប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គាត់ (លោក ស៊ូ អារ៉ាហ្វាត់) ធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ នេះតែម្តង»។

លោក ឱម យ៉ិនទៀង បានជឿជាក់ថា ករណីនេះជាករណីតែមួយ ជាមួយករណីឧកញ៉ា សង ថន ដែល ACU បានឃាត់ខ្លួន កាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បាននាំខ្លួន លោកឧកញ៉ា សង ថនមកសាកសួរពាក់ព័ន្ធនឹងករណីពុករលួយ រឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះដែរ។

បើតាមលោកទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងប្រឆាំងអំពើពុករលួយ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលឧកញ៉ានេះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល។

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងថែមទៀត។

ទោះជាយ៉ាងណា ពលរដ្ឋកំពុងរងចាំមើលថាតើ លោក ផេង សិទ្ធី អតីតអភិបាលស្រុកគាស់ ក្រឡម្នាក់ដែរនោះ អាចនឹងត្រូវACUនាំខ្លួនសួរនាំដែរឬយ៉ាងណានោះឡើយ ខណ:លោកកំពុងកាន់តំណែងជាអភិបាលក្រុងបាត់ដំបងសព្វថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង