សង្ឃឹមហើយ ដីចម្ការស្រល់មណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ ទីបំផុត ដីចម្ការស្រល់រាប់រយហិកតា ដែលលាតសន្ធឹងលើទឹកដីក្រុងសែនមនោរម្យ និងស្រុកអូររាំង ហាក់មានសង្ឃឹមសម្រាប់មហាជនចូលទស្សនាលេងកម្សាន្តដោយសេរីឡើងវិញ គ្មានការរំខានពីរបងហ៊ុមព័ទ្ធដី ក្រោយអភិបាលខេត្តបានចេញបញ្ជាឲ្យរដ្ឋបាលព្រៃឈើ មន្ទីរដែនដី និងមន្ទីរកសិកម្ម ត្រូវសារើឯកសារពាក់ព័ន្ធនានា យកមកត្រួតពិនិត្យ ហើយចំពោះឯកសារណាដែលគ្មានភាពប្រក្រតីត្រូវនិរាករចោលទាំងអស់។
ថ្លែងជាមួយអ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃទី២៩ មិថុនា ២០២០ ខណៈកំពុងដឹកនាំមន្ត្រីជំនាញឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងនាមលោកជាប្រធានគណៈបញ្ជាការខេត្ត បានបញ្ជាឲ្យជំនាញពាក់ព័ន្ធគ្រប់អង្គភាពផ្ទៀងផ្ទាត់ឡើងវិញ ដោយត្រូវដកហូតដីទាំងអស់នោះមកជារបស់រដ្ឋ លើកលែងតែដីដែលមានការកាន់កាប់ច្បាស់លាស់របស់ប្រជាពលរដ្ឋ ជាយូរណាស់មកហើយ ។
អភិបាលខេត្តបានថ្លែងថា ដីចម្ការស្រល់នេះជាតំបន់ដែលព្រះមហាក្សត្រ ធ្លាប់យាងមកប្រារព្ធពិធីរុក្ខទិវា ក្នុងឆ្នាំ២០០៤(ទំហំ២២៥ហិកតា) ខណៈដែលអាជ្ញាធរកំពុងជម្រុញឲ្យចុះបញ្ជីដីនេះ ជាសម្បត្តិរដ្ឋ ហើយក្នុងដំណើរការចុះបញ្ជីក៏ពិនិត្យឃើញមានការពាក់ព័ន្ធជាមួយនិងប្រជាពលរដ្ឋមួយចំនួន។ ដែលចំណុចនេះអាជ្ញាធរនឹងដោះ ស្រាយតាមបែបបទរដ្ឋបាល ដើម្បីឈានដល់ការដកហូតតំបន់ដីចម្ការស្រល់ទាំងនេះមកវិញ ។ ទោះជាយ៉ាងណា នៅមិនទាន់ដឹងអំពីទំហំនៃផលប៉ះពាល់នៅឡើយទេ ដោយមន្ត្រីជំនាញកំពុងធ្វើការងារនេះ។
ឯកឧត្ដម ស្វាយ សំអ៊ាង ថ្លែងទៀតថា តំបន់ចម្ការស្រល់ដែលមន្ត្រីជំនាញចុះបញ្ជីជាសម្បត្តិរដ្ឋ នឹងដាំដើមស្រល់ ដែលបាត់បង់ឡើងវិញ ដើម្បីក្លាយទៅជាគោលដៅដ៏ស្រស់ស្អាតទាក់ទាញភ្ញៀទេសចរ ព្រោះតែទីនេះមានសក្តានុពលទេសចរណ៍ស្រាប់តែម្ដង។ ឯកឧត្ដមបញ្ជាក់ថា ក្រុមការងារនឹងពិនិត្យលើលិខិតកាន់កាប់របស់ប្រជាពលរដ្ឋ កន្លែងណាមាន លិខិតកាន់កាប់ស្របច្បាប់នឹងដោះស្រាយតាមនីតិវិធី កន្លែងដែលកាន់កាប់ខុសច្បាប់គឺដកហូតតែម្ដង។
សូមបញ្ជាក់ថា បើតាមមន្ត្រីជំនាញបានអះអាង តំបន់ចម្ការស្រល់ដែលរងផលប៉ះពាល់ក្នុងការកាន់កាប់មិនប្រកតី គឺលាតសន្ធឹងក្នុងសង្កាត់ស្ពានមានជ័យ និងសង្កាត់រមនា ក្រុងសែនមនោរម្យ ។ ហើយបើតាមប្រភពច្បាស់លាស់សុំមិនបញ្ចេញអត្តសញ្ញាណបង្ហើបថា ដីជាច្រើនដែលជាន់ជាមួយដីរបស់រដ្ឋ គឺជាកម្មសិទ្ធិរបស់អ្នកមកពីបណ្ដាខេត្តផ្សេង ដែលពួកគាត់ជឿលើការអូសទាញរបស់ក្រុមអ្នករកស៊ីគួកជេដីក្នុងខេត្តមណ្ឌលគិរី ឲ្យទិញដីទាំងអស់នោះ ដើម្បីចំណេញនៅថ្ងៃក្រោយ ហើយក្នុងករណីនេះដែរ ក៏មានការគប់គិតពីមន្ត្រីមូលដ្ឋានថ្នាក់ក្រោម បានឯកភាពលើការផ្ទេរសិទ្ធនិងកាន់កាប់ ទើបធ្វើឲ្យកើតមានករណីបែបនេះ ។
មហាជនក៏សំណូមពរឲ្យមានការដោះស្រាយសមស្រប និងចាន់វិធានការលើអ្នកពាក់ព័ន្ធក្នុងការករណីនេះតាមផ្លូវច្បាប់ ដើម្បីធានាឲ្យបាននូវសម្បត្តិសាធារណរបស់រដ្ឋជាច្រើនផ្សេងទៀតក្នុងខេត្តមណ្ឌលគិរី ៕
ដោយ៖ សាយ ករុណា
ចែកចាយដោយ “ប្រភពចែកចាយពត៌មានក្តៅៗ ខេត្តមណ្ឌលគិរី”