ប្រជាពលរដ្ឋ ៨០ គ្រួសារ ខឹងសម្បាក្រុមហ៊ុនទូរស័ព្ទចល័ត សែលកាត (cellcard)
កាលពីព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូន ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ប្រជាពលរដ្ឋប្រមាណ ៨០ គ្រួសារ រស់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កើតទុក្ខមិនសុខចិត្ត ផ្ទុះការតវ៉ាជាថ្មី ចំពោះការតម្លើងបង្គោងអង់តែនទូរស័ព្ទ របស់ក្រុមហ៊ុនទូរស័ព្ទចល័ត សែលកាត (cellcard) លើដំបូល ផ្ទះឈ្មោះ សឿន ឆេងទ្រី និងប្រពន្ធឈ្មោះ ចន រតនា។
តំណាងប្រជាពលរដ្ឋចំនួន ៨០ គ្រួសារបានលើកឡើងថា ទីតាំងនេះមិនអំណោចផលក្នុងការតម្លើងអង់តែន ទូរស័ព្ទនោះទេ ព្រោះទី១ ផ្ទះរបស់ឈ្មោះ សឿន ឆេងទី្រ និង ចន រតនា មិនមានបុកគ្រឹះរឹងមាំនោះទេ គ្រាន់ តែជាជើងតាងទិញដាក់ស្រាប់ សល់ពីជំនាន់ម្ចាស់ទីមួយតែប៉ុណ្ណោះ មិនអាចទ្រទម្ងន់អង់តែងជាងមួយតោន និងកម្ពស់ ២៥ ម៉ែត្របាននោះឡើយ។ ទី២ បង្គោលភ្លើងនៅជាប់ផ្ទះឈ្មោះ សឿន ឆេងទី្រ និង ចន រតនា តែម្តង ករណីអង់តែនដែលដាក់នោះបាក់រលំមកលើបង្គោលភ្លើង ដាច់ខ្សែភ្លើង បង្កើតជាអណ្តាតភ្លើងឆាប ឆេះ តើនរណាជាអ្នកទទួលខុសត្រូវ? ម្យ៉ាងតំបន់ដែលពួកគាត់រស់នៅនេះផ្លូវតូចចង្អៀត ពិបាក់ឲ្យរថយន្ត ពន្លត់អគ្គីភ័យចូលដល់ខ្លាំងណាស់ ប្រាកដជាឆេះហ្មត់ជាក់ជាមិនខាន។ ទី៣ ធាតុវិទ្យុសកម្ម ធ្វើឲ្យប៉ះពាល់ សុខភាពរបស់ពួកគាត់ ពិសេសក្មេងតូចៗ និងមនុស្សចាស់។ ដូច្នេះហើយទើបប្រជាពលរដ្ឋទាំង ៨០ គ្រួសារ ធ្វើការជំទាស់ដាច់ខាតមិនឲ្យតម្លើងអង់តែនទូរស័ព្ទនៅនេះទេ។
គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃ០២ ខែឧសភា ឆ្នាំ២០២០ លោកស្រី សឹង មុំ ចៅសង្កាត់រងទី១ បានដឹកនាំក្រុមការងារសង្កាត់ ចុះធ្វើការហាមឃាត់ ការដាក់តម្លើងអង់តែទូរស័ព្ទចល័តសែលកាត (cellcard) ស្ថិតនៅលើផ្ទះលេខ២៥៦ ក្រុម៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបាន ណែនាំភាគីម្ចាស់ផ្ទះ និងភាគីក្រុមហ៊ុន ឲ្យផ្អាកការតម្លើងអង់តែនជាបណ្តោះអាសន្ន ដោយរង់ចាំការដោះ ស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋសិន។ បើមិនស្តាប់តាមការណែនាំ ក្រុមការងារសង្កាត់ នឹងចុះដកហូត សម្ភារៈទៅរក្សាទុកនៅរដ្ឋាលសង្កាត់។ ពេលនោះអ្នកស្រី ចន រតនា ដែលជាម្ចាស់ផ្ទះក៏បានឯកភាព តាមការណែនាំរបស់អាជ្ញាធរសង្កាត់ ហើយភាគីក្រុមហ៊ុនដែលមានលោក វឿន គីមល័ង ក៏បានឯកភាពតាម ការណែនាំរបស់អាជ្ញាធរសង្កាត់ផងដែរ ដោយផ្អាកការសាងសង់ និងបានសំណូមពរជួបចរចារជាមួយ ប្រជាពលរដ្ឋជុំវិញការតម្លើងអង់តែននេះ។
យោងតាមប្រភពពីប្រពលរដ្ឋបានឲ្យសារព័ត៌មាន ក្រៀល ហតញូស៍ ដឹងថា លោក សឿន ឆេងទី្រ និង អ្នកស្រី ចន រតនា ដែលជាម្ចាស់ផ្ទះ និងខាងក្រុមហ៊ុន សែលការ (cellcard) មិនបានគោរពតាមការណែនាំ របស់អាជ្ញាធរសង្កាត់នោះទេ គ្រាន់តែហៃអើឲ្យរួចពីមាត់តែប៉ុណ្ណោះ។ ដោយពួកគេនៅតែចិញ្ចឹមចិត្តក្នុងការ តម្លើងអង់តែនដដែលជាដដែល។ ប្រភពពីប្រពលរដ្ឋបានបន្តឲ្យដឹងទៀតថា បើទោះបីភាគីទាំងពីរនៅតែ ចិញ្ចឹមចិត្តដូចចិញ្ចឹមចៃយ៉ាងណាក៏ដោយ ក៏ពួកគាត់ទាំង ៨០ គ្រួសារ ធ្វើការជំទាស់ដាច់ខាត មិនឲ្យតម្លើង អង់តែនទូរស័ព្ទនៅនេះឡើយ។
ករណីប្រជាពលរដ្ឋផ្ទុះការតវ៉ាសារជាថ្មីម្តងទៀតកាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ យើងក៏ឃើញ មានវត្តមានមន្ត្រីសាលាខណ្ឌមានជ័យចុះមកសិក្សាផងដែរ តែលទ្ធផលយ៉ាងណាយើងនៅមិនទាន់ដឹង នៅឡើយនោះទេ។
គួរបញ្ជាក់ផងដែរថា ការជួល នឹងការតម្លើងអង់តែនទូរស័ព្ទចល័តរបស់ក្រុមហ៊ុន សែលកាត (cellcard) កន្លងទៅ ទាំងខាងភាគីម្ចាស់ផ្ទះ និងភាគីក្រុមហ៊ុន មិនបានជូនដំណឹងមកអាជ្ញាធរសង្កាត់នោះទេ ប្រហែល ជាភាគីទាំងពីរយល់ថា អាជ្ញាធរសាមីគ្មានតំលៃក្នុងគ្រាប់ភ្នែកនោះឡើយ៕
ក្រៀល ហតញូស៍ៈ088 800 98 33 / 096 200 98 33.