ល្បែងភ្នាល់ទឹកភ្លៀង និងអាប៉ោង កំពុងតែបើកលេងយ៉ាងគឃ្លើន តែអាជ្ញាធរក្រុងបាត់ដំបងស្ងាត់ឈឹងដូបចោរលួចសេះ!
ខេត្តបាត់ដំបង: ល្បែងសុីសងភ្នាល់ទឹកភ្លៀង និងអាប៉ោងមួយកន្លែងដែលគេដឹងថាឈ្មោះ តាល់ ជាម្ចាស់ល្បែងសុីសងជាយូរលង់មកហើយ នោះ បច្ចុប្បន្នគេសង្កេតឃើញថាទីតាំងល្បែងមួយនេះ មានមនុស្សចូលលេងជាច្រើនហូរហែរ។ ទីតាំងបនល្បែងខាងលើនេះស្ថិតនៅចំណុច វាលស្រែ 1000 ភូមិសំរោងពីរ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ពលរដ្ឋដែលរស់នៅជុំវិញផ្ទះល្បែងសុីសងមួយនេះ បានប្រាប់សារព័ត៌ មាន ក្រៀល ហតញូស៍ ឲ្យដឹងថា ពួកគាត់ឃើញមានក្រុមអ្នកញៀនល្បែងជាច្រើន បាននាំគ្នាចេញចូលលេងដោយសេរី មិនដែលឃើញសមត្ថកិច្ចចុះមកបង្រ្កាប់ទីតាំងបើកល្បែងខាងលើនេះឡើយ។ ពួកគាត់បានបន្តទៀតថា ម្ចាស់បើកល្បែងសុីសងនេះប្រហែលជាត្រូវដងត្រូវផ្លែ សើមមាត់សើមកជាមួយសមត្ថកិច្ចផងមិនដឹង បានជាស្ងាត់ឈឹងមិនឃើញបង្ក្រាប ទុកឲ្យលេងយ៉ាងរលូនដូច្នេះ។
ចំពោះអាជ្ញាធរក្រុង ជាពិសេស លោក ឆាង វ៉ាន់ឆៃ អធិការនគរបាលក្រុងបាត់ដំបង គេមិនបានឃើញមានចំណាត់ការទៅលើល្បែងបៀរ អាប៉ោងនឹងភ្នាល់ទឹកភ្លៀងដុះស្លែមួយនេះទល់តែសោះ។ ដោយឡែកលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មិនដឹងថាបានជ្រាបរឿងនេះឬអត់? ជាហេតធ្វើឲ្យមហាជនសង្ស័យថា ប្រដែលអាចខ្លាចអំណាចខ្នងបង្អែកដ៏រឹងមាំ ម្ចាស់បើកល្បែងសុីសងមួយនេះហើយមើលទៅបានជាមិនបង្ក្រាបដូច្នេះ។ បើយោងតាមប្រភពពីពលរដ្ឋនៅក្បែរៗនោះបានឲ្យដឹងថា បើចុះទៅបង្ក្រាប ឬបិទទីតាំងមួយនេះអាចនិងធ្លាក់ពីតំណែង ទើបបិទភ្នែករក្សាភាពស្ងៀមស្ងាត់ ទុកអោយម្ចាស់បនល្បែងខាងលើនេះបើកលេងបានយ៉ាងអាណាធិបតេយ្យ។
ប្រជាពលរដ្ឋបានរិះគន់ថា ឯណាទៅ ភូមិ ឃុំ មានសុវត្តិភាពទាំង៩ ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមនោះ បើមានល្បែងសុីសងកើតឡើងច្រើនបែបនេះ។ ដោយ សាតែមាល្បែងសុីសងនេះហើយ ទើបកើតមានអំពើអសន្តិសុខផ្សេងៗជាច្រើន។ល។ តើអាចពង្រឹង សន្តិសុខ សង្គម ជូនពលរដ្ឋក្នុងការរស់នៅដោយគ្មានល្បែងសុីសងកើតឡើងបានដែរឬទេ? បើល្បែងស៊ីសងនៅតែបន្តកើតមានបែបនេះ ច្បាស់ណាស់ប្រជាពលរដ្ឋប្រាកដជាគ្មានសេចក្តីសុខនោះទេ។
ប្រជាពលរដ្ឋបានសំណូមពរដល់លោកអភិបាលខេត្ត និងលោកស្នងការខេត្តបាត់ដំបង មេត្តាចុះពិនិត្យ នឹងដាក់កម្លាំងដើម្បីចាត់វិធានការបង្រ្កាប់ល្បែងសុីសងខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថិភាព៕
ក្រៀល ហតញូស៍ៈ 088 800 98 33/096 200 98 33.